• កាសែត​ប្រឆាំង​មួយ​ត្រូវបាន​រដ្ឋាភិបាល​ប្រតិកម្ម​

    • Issue Date 28-Nov-2013

    កាសែត​មនសិការ​ខ្មែរ ដែល​រិះគន់​រដ្ឋាភិបាល ត្រូវបាន​រដ្ឋាភិបាល​ប្រតិកម្ម​ដាក់​កំណត់​ឲ្យ​ឆ្លើយបំភ្លឺ ចំពោះ​អត្ថបទ​មួយ​ដែល​ដកស្រង់​ប្រសាសន៍ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ផ្សាយ​។​​ក្រុមការងារ​អន្តរក្រសួង​សម្របសម្រួល​ព័ត៌មាន សមរភូមិ​នៃ​ទីស្តីការគណរដ្ឋមន្ត្រី បានធ្វើ​លិខិត​មួយ​ទៅ​សារព័ត៌មាន​មនសិកា​ខ្មែរ ឲ្យ​បំភ្លឺ​លើ​អត្ថបទ​របស់​កាសែត​ម​ន​សិ​ការ​ខ្មែរ ចេញផ្សាយ​ថ្ងៃ​ពុធ ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ ដែល​សរសេរ ចំណងជើង​ធំៗ​ថា «​កឹម​សុខា​៖ ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នៃ​ការបន្លំ​លទ្ធផល​បោះឆ្នោត និង​បញ្ជូន​កម្លាំងប្រដាប់អាវុធ​មក​ឡោមព័ទ្ធ​ភ្នំពេញ ប្លន់​យកជ័យ​ជំនះ​ប្រជារាស្ត្រ​ខ្មែរ​»​។​​ប៉ុន្តែ​ចាងហ្វាង​កាសែត​មនសិការ​ខ្មែរ លោក ដាំ សិទ្ធិ ដែលជា​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ នៃ​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា អ្វីដែល​លោក​សរសេរ​នោះ គឺ​យោងតាម​ប្រសាសន៍ លោក កឹម សុខា ដែលមាន​វីដេអូ​តាម​ហ្វេ​ស​ប៊ុ​ក​ទៀតផង ៖ “​បាទ​ខ្ញុំ​អត់​មានអី​បង្ហាញ​ទៀត​ទេ ហើយ​បើ​អ្វីដែល​លោក ផៃ ស៊ី​ផាន ហ្នឹង​លោក​ចង់បាន​ខ្ញុំ​ឲ្យ​អស់ហើយ​ទាំង​វីដេអូ Clip ដែល​ខ្ញុំ​បាន​ដកស្រង់​ចេញពី​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្ដម​អនុប្រធាន កឹម សុខា យកមក​រៀបចំ​ជា​អត្ថបទ​កាសែត​ដែល​ខ្ញុំ​បានចេញ​ផ្សាយ​ហ្នឹង​” ។​​អនុប្រធាន​នៃ​អង្គភាព​ក្រុមការងារ​អន្តរក្រសួង​សម្របសម្រួល​ព័ត៌មាន សមរភូមិ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន មានប្រសាសន៍ថា លោក​គ្រាន់តែ​ចង់​ឲ្យ​កាសែត​នេះ​បំភ្លឺ​តែប៉ុណ្ណោះ ដោយ​មិនដឹងថា ចំណងជើង​អត្ថបទ​នោះ គេ​ចង់​មានន័យ​យ៉ាងណា​? ៖ “​អត់​ទាន់​មាន​ទេ មិនមែន​ការបកស្រាយ គ្រាន់តែ​បំភ្លឺ​ទេ​ក្មួយ​[​អ្នក​សម្ភាសន៍​] បំភ្លឺថា ហ្នឹង​ជា​ភាសា​របស់​អ្នកណា តែ​ប៉ុណ្ណឹង នៅក្នុង​លិខិត​នេះ គ្រាន់​ចង់​ឲ្យ​គាត់​ឆ្លើយថា ពាក្យ​របស់​អ្នកណា ហើយ​អត្ថបទ​ហ្នឹង​មានបំណង់​យ៉ាងម៉េច​” ។​​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បញ្ជាក់ថា លោក​មិនបាន​និយាយ​ចំៗ​ដូច​កាសែត​មនសិការ​ខ្មែរ​ចុះផ្សាយ​ទេ ហើយ​កាសែត​នេះ​ក៏​មិនបាន​សម្ភាសន៍​លោក​បន្ថែមទៀត​ដែរ ៖ “​ទីមួយ​ខ្ញុំ​អត់​ដែល​បាន​និយាយ​អំពី​កង​ប្រដាប់អាវុធ​ទេ ខ្ញុំ​និយាយ​អំពី​ការលួចបន្លំ​សន្លឹកឆ្នោត ធម្មតា ដោយ​គ្មាន​ការបង្ហាញ​ការពិត រឿង​បញ្ហា​កង​ប្រដាប់អាវុធ​ព័ទ្ធ​ហ៊ុំព័ទ្ធ​អី នោះ​ខ្ញុំ​អត់​បាន​និយាយ​ទេ យើង​និយាយ​តែ​ពី​រឿង​ពេល​បាតុកម្ម​ហ្នឹង បដិសេធ​នៅ​អ្វីដែល​គេ​ថា ខ្ញុំ​អ្នកអាន​” ។​​ក្រុមការងារ​អន្តរក្រសួង​សម្របសម្រួល​ព័ត៌មាន សមរភូមិ​នៃ​ទីស្តីការគណរដ្ឋមន្ត្រី បាន​ផ្ញើ​លិខិតស្នើ​បំភ្លឺ​ទៅ​កាសែត​មនសិការ​ខ្មែរ កាល​ថ្ងៃទី​១៥ វិច្ឆិកា និង​បានដាក់​កំណត់​ការបំភ្លឺ​អោយបាន​មុន​ថ្ងៃទី​៣០ វិច្ឆិកា​នេះ​។​​ចាងហ្វាង​កាសែត​មនសិការ​ខ្មែរ អះអាងថា លោក​បាន​បំភ្លឺ​ភ្លាមៗ​តាម​អ៊ី​ម៉ែ​ល ដោយមាន​ភ្ជាប់​វីដេអូ ដែល​លោក កឹម សុខា មានប្រសាសន៍ ទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​។​​ចាងហ្វាង​កាសែត​មនសិការ​ខ្មែរ លោក ដាំ សិទ្ធិ ធ្លាប់​ជាប់ពន្ធនាគា​ររ​យៈ​ខ្លី ដោយសារ​បណ្តឹង​របស់​រដ្ឋាភិបាល ចំពោះ​អត្ថបទ​កាសែត​នេះ នៅពេល​ដកស្រង់​ប្រសាសន៍ លោក សម រង្ស៊ី ដែល​ថ្លែងថា លោក ហោ ណាំហុង ជា​អតីត​មេ​គុក​បឹងត្របែក​ក្នុងសម័យ​ខ្មែរក្រហម​។​​អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចុះផ្សាយ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៣៕