• សមាជិកសភាក្រុមសិទ្ធិមនុស្សអាស៊ានទទូចសុំ អ.ស.ប ស៊ើបអង្កេតករណីសម្លាប់មនុស្សនៅ កម្ពុជា ក្នុងករណីបាតុកម្ម

    • Issue Date 28-Nov-2013

    សមាជិកសភា ដើម្បី​សិទ្ធិមនុស្ស​អាស៊ាន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ទទូច​សុំ​ដល់​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) និង​សហគមន៍​អន្តរជាតិ ឲ្យ​ដឹកនាំ​ការស៊ើបអង្កេត​មួយ​ដោយ​ឯករាជ្យ ករណី​ឃាតកម្ម​លើ​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ត្រូវបាន​បាញ់សម្លាប់​ក្នុង​ឧបទ្ទវហេតុ ការធ្វើ​បាតុកម្ម​កន្លង​មក​។​​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់ លោក Kraisak Choonhavan ដែលជា​អនុ​ប្រធានសភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស បាន​លើកឡើងថា អ​.​ស​.​ប និង​សហគមន៍​អន្តរជាតិ ត្រូវតែ​ចូលរួម​ជួយ​រក​យុត្តិធម៌ ក្នុងករណី​បាញ់សម្លាប់​មនុស្ស​ក្នុង​ឧបទ្ទវហេតុ នៃ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច កងសន្តិសុខ​របស់រ​ដ្ឋ​។​​សេចក្ដីថ្លែងការណ៍​រប​ស់ Kraisak Choonhavan បន្តថា ករណី​ឃាតកម្ម​ទៅលើ លោក ម៉ៅ សុខ​ចាន់ នៅ​ចំ​ថ្ងៃ​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង កាលពី​ថ្ងៃ​១៥​កញ្ញា និង​អ្នកស្រី អេង សុខុម កាលពី​ថ្ងៃទី​១២​វិច្ឆិកា នៅក្នុងពេល​កម្មករ​រោងចក្រ SL ធ្វើបាតុកម្ម​គឺជា​ប្រភេទ​រឿង​តែមួយ គឺ​មានន័យថា ដូចគ្នា​។សេចក្ដីថ្លែងការណ៍ បន្តថា ករណី​លោក ម៉ៅ សុខ​ចាន់ និង​ករណី​អ្នករងរបួស​ជាច្រើន​នាក់​ទៀត ក្នុងអំឡុង​ជន​ត្រូវបាន​ខ្មាន់កាំភ្លើង​បាញសម្លាប់ នៅ​ថ្ងៃទី​១៥​ខែកញ្ញា នៅ​ស្ពាន​ក្បាល​ថ្នាល់ គឺ​មកដល់ពេលនេះ នៅ​មិនទាន់ មាន​ស្ថាប័ន​ឯករាជ្យ​ណា​បាន​ស៊ើបអង្កេត​នៅឡើយ​ទេ ដែល​ករណីនេះ មិនគួរ​ត្រូវ​បន្លាយពេល​ស៊ើបអង្កេត​ឡើយ​។ ហើយ​ករណី​អ្នកស្រី អេង សុខុម ដែល​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ បង្ក្រាប​របស់​អាជ្ញាធរ​ទៅលើ​បាតុករ​មកពី​រោងចក្រ SL និង​អ្នករងរបួស ៨​នាក់ នៅ​គ្រានោះ ក៏​មិនមាន​យន្តការ​ឯករាជ្យ​ណាមួយ បាន​ស៊ើ​ម​អង្កេត​ករណី​នេះឡើយ ។​​ក្នុង​ហេតុផល​នេះ គេ​ត្រូវមាន​យន្តការ​មួយកម្រិត​អន្តរជាតិ ដើម្បី​ស៊ើបអង្កេត ហើយ​ផ្ដល់​យុត្តិធម៌​ដល់​គ្រួសារ​ជនរងគ្រោះ និង​អ្នករងរបួស ហើយ​បើ​ធ្វើ​មិន​បានទេ គឺ​មានន័យថា វា​ជា​សារ​មួយ​ថា និ​ទណ្ឌ​ភាព​សម្រាប់​មន្ត្រី​រដ្ឋ​នៅតែមាន​ដែល​មិនត្រូវ​លើកលែង​ឡើយ​។​​ក្នុងន័យនេះ សេចក្ដីថ្លែងការណ៍​រប​ស់ លោក Kraisak Choonhavan ទទូចថា ភាព​តានតឹង​ខាង​នយោបាយ​បានកើត​ឡើង បន្ទាប់ពី​ការបោះឆ្នោត​ថ្ងៃទី​២៨​កក្កដា គឺជា​ការព្រួយបារម្ភ​មួយ ហើយ​សមាជិកសភា ដើម្បី​សិទ្ធិមនុស្ស​អាស៊ាន ទទូចថា ភាគី​នយោបាយ​នៅ​កម្ពុជា មិនត្រូវ​ប្រើ​ហិង្សា ហើយ​ត្រូវ​បន្ត​ការចរចា​ជាមួយគ្នា​ឡើងវិញ ហើយ​ត្រូវ​ចាត់ទុក​សិទ្ធិមនុស្ស​ជា​អទិភាព​ខ្ពស់​របស់​ប្រទេស និង​តំបន់​។ជាមួយគ្នា Eva Kusuma Sundari ដែលជា ប្រធាន AIPMC និង​ជា​សមាជិកសភា នៃ​ប្រទេស​ឥណ្ឌូនេស៊ី បាន​ទទូចថា ការទទួលខុសត្រូវ​ដំបូង​គឺ​ត្រូវ​ធ្លាក់​ទៅលើ​រដ្ឋាភិបាល និង​ស្ថាប័ន​អនុវត្ត​យុត្តិធម៌​របស់​ប្រទេស ដែល​ត្រូវ​ធានាថា ហិង្សា​នយោបាយ​នឹងមិន​ត្រូវ​អត់ឱន​ឡើយ​។អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD)​ចុះផ្សាយ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៣៕