• សង្គម​ស៊ីវិល​ចំនួន​១០ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គាំទ្រ​ការបង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ឯករាជ្យ​

    • Issue Date 29-Nov-2013

    សង្គម​ស៊ីវិល​ចំនួន​១០ ចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ស្ថាប័ន​ជាតិ និង​អន្តរជាតិ ដែល​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​គាំទ្រ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ឯករាជ្យ​មួយ ឲ្យ​ស្របតាម​គោលការណ៍​ទីក្រុង​ប៉ារីស ស្តីពី ស្ថាប័ន​ជាតិ​សិទ្ធិមនុស្ស ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​​អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​សិទ្ធិមនុស្ស និង​ជំនួយ​ផ្នែក​ច្បាប់ នៃ​សមាគម​អាដហុក លោក ណៃ វ៉ាន់ដា ដែល​ចូលរួម​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្តីពី​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​ដែល​រៀបចំឡើង​ដោយ​ក្រុមការងារ ដើម្បី​យន្តការ​សិទ្ធិ​មនុស្សជាតិ និង​អាស៊ាន កាលពី​ម្សិលមិញ ឲ្យ​ដឹងថា សិក្ខាសាលា​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស គាំទ្រ​ការបង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ឯករាជ្យ​មួយ សម្រាប់​ប្រទេស​កម្ពុជា ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​ជាប្រចាំ​។​លោក ណៃ វ៉ាន់ដា ឲ្យ​ដឹង​ទៀតថា តាម​លក្ខ​ណ្ឌ​នៃ​ការបង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ឯករាជ្យ​នេះ នឹងត្រូវ​ជ្រើសរើស​បេក្ខជន​-​បេ​ក្ខ​នារី ដែលមាន​អាយុ​ចាប់ពី​៣០​ឆ្នាំ​ឡើង និង​បញ្ចប់​ថ្នាក់បរិញ្ញាប័ត្រ ឬ​អនុបណ្ឌិត និង​មាន​បទពិសោធ​យ៉ាងតិច​៥​ឆ្នាំ ដែល​ធ្វើ​ការងារ​ទាក់ទង​វិស័យ​សិទ្ធិមនុស្ស​។ លោក​ថា បេក្ខភាព​ដែល​ជ្រើសរើស​នោះ រួមមាន តំណាង​ពី​ព្រះមហាក្សត្រ​ចំនួន ២​នាក់ ខាង​រដ្ឋាភិបាល​២​នាក់ មេធាវី​២​នាក់ និង​តំណាង​សង្គម​ស៊ីវិល​ផ្សេងៗ​ទៀត ដែល​មិន​ពាក់ព័ន្ធ​និង​រឿង​នយោបាយ ។​​ប៉ុន្តែ អ្នក​នាំពា​ក្រ​រដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ បាន​ប្រាប់ VOD តាមរយៈ​អ៊ី​ម៉ែ​ល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា “​បច្ចុប្បន្ននេះ​យើង​មាន​អង្គការសិទ្ធិមនុស្ស​នៅ​កម្ពុជា​ជាច្រើន​ណាស់ ហើយ​ប្រការ​ដែល​រាជរដ្ឋាភិបាល​មាន​ស្ថាប័ន​ជាតិ​មួយ​បច្ចុប្បន្ននេះ គឺ​ដើម្បី​ងាយស្រួល​ក្នុងការ​ដោះស្រាយ​បញ្ហា​ជាមួយ​ស្ថាប័នរដ្ឋ​ឯទៀត ជាជាង​មាន​អង្គការ​ក្រៅ​ស្ថាប័ន​មួយ​ដែល​មិនអាច​ទទួលបាន​កិច្ចសហការ​ពី​ស្ថាប័ន​នានា​” ។​​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក សុខ ទូច យល់ថា ការបង្កើត​ការបង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ឯករាជ្យ​នៅ​កម្ពុជា ធ្វើ​ឲ្យ​ខាតបង់​ថវិកា​។ លោក​បញ្ជាក់ថា ដើម្បី​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ឲ្យ​មាន​ប្រសិទ្ធិភាព សំខាន់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងនោះ​មាន​ឆន្ទៈ​គោរព​តាមច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​ដែលមាន​ស្រាប់ នោះបាន​ផល​វិជ្ជមាន​ហើយ​។កាលពី​ឆ្នាំ​២០០៦ លោក ហ៊ុន សែន បានប្រកាស​គាំទ្រ​ឲ្យ​មាន​ស្ថាប័ន​ជាតិ​សិទ្ធិមនុស្ស​ឯករាជ្យ​នេះ និង​ស្របតាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ស្តីពី​ស្ថាប័ន​ជាតិ​សិទ្ធិមនុស្ស​។ លុះដល់​ចន្លោះ​ឆ្នាំ​២០០៩-២០១០ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​របស់​រដ្ឋាភិបាល ក៏​ធ្លាប់​ចូលរួម​សហការ​ជាមួយ​ក្រុមការងារ ដើម្បី​យន្តការ​សិទ្ធិមនុស្ស និង​អាស៊ាន ក្នុង​កិច្ច​ផ្តួចផ្តើម​គំនិត​ធ្វើ​សេចក្តីព្រាងច្បាប់ ស្តីពី គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​ផងដែរ​។​​អត្ថបទ​សក​ស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចុះផ្សាយ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៣៕