-
សង្គមស៊ីវិលទទូចជាថ្មីឲ្យសាលារាជធានីភ្នំពេញ អនុញ្ញាតលើសំណើសុំរៀបចំប្រារព្ធពិធីសិទ្ធិមនុស្សអន្តរជាតិ
- Issue Date 01-Dec-2013
សម្ព័ន្ធអង្គការសង្គមស៊ីវិល ទទូចជាថ្មីឲ្យសាលារាជធានីភ្នំពេញ សម្រេចអនុញ្ញាតឲ្យបានឆាប់លើសំណើរៀបចំប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ព្រោះសំណើនោះដាក់ជាង២០ថ្ងៃហើយ តែនៅមិនទាន់មានការឆ្លើយតបយ៉ាងណានៅឡើយទេ។សម្ព័ន្ធអង្គការសង្គមស៊ីវិល បានដាក់សំណើទៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែវិច្ឆិកា សុំអនុញ្ញាតរៀបចំពិធីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៦៥ នៅទីលានប្រជាធិបតេយ្យ ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង ៦និង៣០នាទីល្ងាច។ ក្នុងកម្មវិធីរបស់សម្ព័ន្ធអង្គការសង្គមស៊ីវិល ក៏ស្នើសុំតំណាងពីព្រះបរមរាជវាំង គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ ចូលរួមថ្លែងសុន្ទរកថាផងដែរ។ តែសំណើនោះ រហូតដល់ថ្ងៃទី១ខែ ធ្នូនេះ នៅមិនទាន់មានការឆ្លើយតបពីសាលារាជធានីភ្នំពេញនៅឡើយទេ។ជារៀងរាល់ឆ្នាំ សាលារាជធានភ្នំពេញ តែងផ្តល់ចម្លើយលើសំណើរបស់អង្គការសង្គមស៊ីវិល សុំរៀបចំវេទិកាអបអរទិវាសិទ្ធិមនុស្សអន្តរជាតិ តែមួយថ្ងៃឬ ពីរថ្ងៃមុនថ្ងៃ១០ធ្នូ តែប៉ុណ្ណោះ។ មន្ត្រីអង្គការសង្គមស៊ីវិល ដែលរៀបចំកម្មវិធីត្អួញត្អែរថា ការឆ្លើយតបតែមួយថ្ងៃ ឬពីរថ្ងៃមុននោះ នាំឲ្យពួកគាត់ពិបាកក្នុងការរៀបចំកម្មវិធីដែលមានអ្នកចូលរួមរាប់ពាន់នាក់។សម្ព័ន្ធអង្គការសង្គមស៊ីវិល ស្នើឲ្យសាលារាជធានីភ្នំពេញ ឆ្លើយតបឲ្យបានឆាប់រហ័ស ដើម្បីបញ្ជាក់ពីការយកចិត្តទុកដាក់ធ្វើកំណែទម្រង់ស៊ីជម្រៅក្នុងការដឹកនាំនោះ។ក្នុងសំណើរៀបចំកម្មវិធីអង្គការសង្គមស៊ីវិល ក៏បានបញ្ជាក់ដែរថា មុនពេលពេលចាប់ផ្តើមកម្មវិធីមានការជួបជុំគ្នា នៅស្តាតអូឡាំពិកដែលមានអ្នកចូល រួមប្រមាណ ៣០០០នាក់ រួចហែក្បួនតាមផ្លូវព្រះមុនីរ៉េត ឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យ។ថ្ងៃទី១០ខែធ្នូឆ្នាំ២០១៣ ជាខួបលើកទី៦៥ នៃទិវាអបអរសិទ្ធិមនុស្សអន្តរជាតិ។ អង្គការសង្គមស៊ីវិលនៅកម្ពុជា ឲ្យដឹងថា ទិវាសិទ្ធិមនុស្សអន្តរជាតិនៅឆ្នាំនេះក្រោមប្រធានបទ យើងទាំងអស់គ្នា ត្រូវលើកស្ទួយ និងការពារយុត្តិធម៌សង្គម។ នៅឆ្នាំនេះ ក៏មានមន្ត្រីអង្គការសង្គមស៊ីវិល ប្រជាជពលរដ្ឋ និងព្រះសង្ឃហែក្បួនរយៈពេល១០ថ្ងៃពីខេត្តចំនួន៥ មកកាន់រាជធានីភ្នំពេញផងដែរ គឺរួមមាន ខេត្តស្វាយរៀង ហែតាមផ្លូវជាតិលេខ១ ខេត្តកំពតហែតាមផ្លូវជាតិ៣ ខេត្តកំពង់ស្ពឺ ហែតាមផ្លូវជាតិ៤ ខេត្តពោធិ៍សាត់ហែតាមផ្លូវជាតិ៥ និងខេត្តកំពង់ធំហែតាមផ្លូវជាតិ៦។ អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD)ចុះផ្សាយថ្ងៃទី០១ ខែធ្នូ ឆ្នាំ២១០៣៕