• IDEAជំរុញឲ្យអ្នកលក់ដូរតាមដងផ្លូវចងក្រងជាក្រុម ដើម្បីការពារសិទ្ធនិងអត្ថប្រយោជន៍

    • Issue Date 02-Dec-2013

    សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​(IDEA) នៅ​ថ្ងៃ​ចន្ទ​នេះ ជំរុញ​ឲ្យ​អ្នកលក់ដូរ​តាម​ដងផ្លូវ​នៅ​ទូទាំងប្រទេស ចងក្រង​ជា​ក្រុម ដើម្បី​ការពារ​សិទ្ធិ និង​ទាមទារ​អត្ថប្រយោជន៍​ផ្សេងៗ​។​​មន្ត្រី​IDEA​ជំរុញ​បែបនេះ​ក្នុង​ការធ្វើ​ក្នុង​បទ​បង្ហាញ ស្តីពី​បទពិសោធន៍​នៃ​ការ​ចងក្រង​អ្នកលក់ដូរ​តាមផ្លូវ ក្នុង​សិក្ខាសាលា​កសាង​បណ្តាញ​ដើម្បី​ទាមទារ​សិទ្ធិ​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​។​​អ្នកសម្របសម្រួល​ផ្នែក​ចងក្រង​របស់​IDEA កញ្ញា កែវ ចាន់​រិ​ទ្ធិ មានប្រសាសន៍ថា ជាទូទៅ​លក្ខខណ្ឌ​កា​ងារ សុខភាព និង​សុវត្ថិភាព​របស់​អ្នកលក់ដូរ​តាមផ្លូវ មិនល្អ​ប្រសើរ​នោះទេ​។ កញ្ញា​ឲ្យ​ដឹង​ទៀតថា អ្នកលក់​ទាំងនោះ​មិន​ត្រូវបានគេទទួលស្គាល់ មិនបាន​ចុះបញ្ជី​ការ និង​មិនមាន​ការការពារ​។ កញ្ញា​ជំរុញ​ឲ្យ​ក្រុម​អ្នកលក់​ទាំងអស់ ចងក្រង​ជា​ក្រុម ដើម្បី​ទាមទារ​សិទ្ធិ​ដូច​អ្នក​ដែល​ធ្វើការ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ផងដែរ ៖ “​កាលណា​យើង​ចងក្រង​វា​បាន​ច្រើន យើង​មាន​សំឡេង​ច្រើន ណាមួយ​ប្រទេស​យើង​ជា​ប្រទេស កាន់​លទ្ធិប្រជាធិបតេយ្យ​ទៀត អ​ញ្ជឹ​ង​បើ​យើង​មាន​សំឡេង​ច្រើន យើង​អាចធ្វើ​ការតវ៉ា​ជាមួយ​អាជ្ញាធរ យើង​ចង់បាន​អ្វី គោលនយោបាយ​សម្រាប់​អ្នកលក់ដូរ​តាម​ដងផ្លូវ​អាច​ប្រកប​របរ​រកស៊ី​បាន​ត្រឹមត្រូវ អ៊ីចឹង​អ្វីដែល​សំខាន់​សម្រាប់​យើង គឺ​យើង​ត្រូវ​ធ្វើការ​ចងក្រង​ដើម្បី​ឲ្យ​យើង​មាន​សំឡេង​ច្រើន​ក្នុង​ការចរចា ឬ​ទាមទារ​អ្វីមួយ​”​។​​អ្នកលក់​សម្លៀកបំពាក់​នៅ​ខេត្តបាត់ដំបង អ្នកស្រី សុខ លី ប្រាប់​VOD​ថា គាត់​លក់​សម្លៀកបំពាក់​នៅមុខ​ផ្ទះ​របស់គាត់ ដែល​ជាប់​ផ្លូវ​។ គាត់​ព្រួយបារម្ភ​នឹង​ការលក់ដូរ ដោយសារតែ​ប្រឈម​មួយចំនួន ដូចជា ការរុះរើ​តូប​របស់គាត់​ពី​សំណាក់​អាជ្ញាធរ ការទារលុយ​ច្រើន​ដែល​គាត់​មិនមាន​លទ្ធភាព​បង់​ឲ្យ​អាជ្ញាធរ​ជាដើម ៖“​និយាយ​រួម​វា​មិនមែន​ថា​លក់ដូរ​បាន​រាល់ថ្ងៃ​នោះទេ ជួនកាល​វា​បានតែ​សម្រាប់​ជីវភាព ជួនកាល​អត់ ដល់ពេល​គេ​មក​ទារ​រាល់ថ្ងៃ​អ​ញ្ជឹ​ង​ជួនកាល​វា​ខ្វះ​ថ្លៃ​ជីវភាព​យើង​ដែរ តែ​ប្រសិនបើ​យើង​នៅតែ​ឧបមា​ថា​យើង​មិន​ឲ្យ​ថវិកា​អ​ញ្ជឹ​ង​ទៅ ប្រហែលជា​អាចឈាន​ទៅដល់​គេ​បណ្តេញ​យើង​”​។​​អ្នកលក់​ចំណី​នៅមុខ​រោងចក្រ​មួយ​ក្នុង​ខណ្ឌ​សែន​សុខ អ្នកស្រី ណុប សា​វី អាយុ​៦២​ឆ្នាំ ប្រាប់​VOD​ថា មុននឹង​ចងក្រង​ជា​ក្រុម ការលក់ដូរ​របស់គាត់​ជួប​បញ្ហា​ជាច្រើន​ដូច​ជាការ​យកលុយ​ច្រើន​ពី​អាជ្ញាធរ​ខណ្ឌ​សែន​សុខ ហើយ​ការ​រឹបអូស​យក​ឥ​វ៉ាន់​ដែល​គាត់​លក់ដូរ​ពី​សំណាក់​អាជ្ញាធរ ក៏​កើតមាន​។ អ្នកស្រី​ឲ្យ​ដឹងថា នៅពេលនេះ​ពួកគាត់​ជា​អ្នកលក់​ជាង​១០​នាក់ បាន​ចងក្រង​ជា​ក្រុម ហើយ​ការលក់​របស់គាត់​បាន​ប្រសើរឡើង​ព្រោះថា ក្រុម​របស់គាត់​ជួយ​គ្នា​ទៅវិញទៅមក​ពេល​មាន​បញ្ហា ៖ “​មួយរយៈ​កន្លងមក​ដែល​ខ្ញុំ​ធ្លាប់​ជួបប្រទះ​នេះ គាត់​យកលុយ​ហើយ​ជួនកាល​ថ្នាក់លើ​បញ្ជា​មក គាត់​ដេញ គាត់​ចាប់ មាន​ម្តងណា​នោះ​កូន​នៅ​សម្រាក​មន្ទីរពេទ្យ ខ្ញុំ​មក​លក់​យកលុយ​មក​ដោះស្រាយ​កូន​ផ្ទះ ដោះស្រាយ​កូន​នៅ​មន្ទីរពេទ្យ​ផង ហើយ​ស្រាប់​មកដល់​គាត់​ទារលុយ​ទៀត ខ្ញុំ​ថា​អត់​មាន​លុយ​ទេ ណាមួយ​កូន​ខ្ញុំ​នៅ​ដេកពេទ្យ ហើយ​គាត់​ដេញ គាត់​ឲ្យ​រើ​ទៅ ខ្ញុំ​រើ​លក់​ក្រាល​នៅ​នឹង​ដី​”​។​​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ឡុង ឌី​ម៉​ង់ មានប្រសាសន៍ថា ជាគោលការណ៍​សាលា​រាជធានី​ភ្នំពេញ​មិនបាន​តម្រូវ​ឲ្យ​យកលុយ​ពី​អាជីវករ ដែល​លក់ដូរ​តាមផ្លូវ​នោះទេ ប៉ុន្តែ​ត្រូវគោរព​តាម​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់ ៖ "​បើ​ការលក់ដូរ​របស់គាត់ គាត់​គោរព​ទៅតាម​ភ្នាក់ងារ​សណ្ដាប់ធ្នាប់ របស់​អាជ្ញាធរ​នៅ​ទីនោះ​បានន័យថា ជា​សណ្ដាប់ធ្នាប់​ខណ្ឌ អនុញ្ញាត​ឲ្យ​លក់​ត្រង់នេះ ត្រង់នោះ ដើម្បី​ជាការ​ដោះស្រាយ​ជីវភាព​នោះ នោះ​ខ្ញុំ​គិតថា នោះ​ជាការ​យោគយល់​របស់​អា​ជ្ញា​ធរ យើង​មិនអាច​ទៅ​ហាម​ឃាត​គាត់​ទាំងអស់​បានទេ ដើម្បី​ជាការ​ដោះស្រាយ​ជីវភាព "​។​​ការលក់ដូរ​តាម​ដងផ្លូវ ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​ងារ​ដែល​ស្ថិតក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ រួមជាមួយ​ក្រុម​អ្នករកស៊ី​មួយចំនួនទៀត​ដូចជា អ្នករត់ម៉ូតូឌុប អ្នករត់រ​ម៉ក​ជាដើម​។ របាយការណ៍​របស់​IDEA ឲ្យ​ដឹងថា គិត​ត្រឹម​ឆ្នាំ​២០១១ អ្នក​ដែល​ធ្វើការ​នៅក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មាន​ប្រមាណ​២​លាន​៧​សែន​នាក់​។ រហូតមកដល់​ពេលនេះ មិនមាន​របាយការណ៍​ណា​បង្ហាញថា អ្នក​ដែល​ធ្វើការ​នៅក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ​មាន​ចំនួន​ប៉ុន្មាន​នោះទេ​។ ​អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចុះផ្សាយ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៣៕