• សង្គម​ស៊ីវិល​ជាតិ​-​អន្តរជាតិ​៖ ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន ត្រូវមាន​ការចូលរួម​ពិភាក្សា​ពី​គណបក្សប្រឆាំង និង​ភាគី​ពាក់ព័ន្ធ​

    • Issue Date 05-Dec-2013

    សង្គម​ស៊ីវិល​ជាតិ និង​អន្តរ​ជាតិប្រមាណ​ជា​៣០ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នឹងដាក់​អនុសាសន៍​ចំនួន​១០​ទៅ​ក្រសួង​ព័ត៌មាន ដើម្បី​ជា​គំនិត​សម្រាប់​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន ដែល​រដ្ឋាភិបាល​កម្ពុជា​គ្រោង​បង្កើត​នៅក្នុង​អាណត្តិ​ទី​៥​នេះ​។​​អនុសាសន៍​នេះ សម្រេចបាន​បន្ទាប់ពី​មានការ​ពិភាក្សាគ្នា​រយៈពេល​១​ថ្ងៃ​កន្លះ​ចាប់ពី​ថ្ងៃទី​០៤ ដល់​ព្រឹក​ថ្ងៃទី​០៥​ខែធ្នូ នៅក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី «​សិទ្ធិ​ទទួលបាន​ព័ត៌មាន​នៅ​កម្ពុជា​៖ ជំហាន​ឆ្ពោះទៅមុខ​ដើម្បី​អភិវឌ្ឍន៍​ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​»​។​​នាយក​នៃ​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ​(API) លោក ណែ​ប ស៊ីន​ថៃ មានប្រសាសន៍ថា ក្រោយពី​សង្គម​ស៊ីវិល​ទាំងអស់​ពិភាក្សាគ្នា​លើ​ឯកសារ និង​ទិន្នន័យ​ដែល​ប្រមូលបាន​ពី​តាម​មូលដ្ឋាន​ក្នុង​រយៈពេល​១០​ឆ្នាំ​មកនេះ សង្គម​ស៊ីវិល​រកឃើញ​អនុសាសន៍​ចំនួន​១០ ដើម្បី​ដាក់ជូន​ក្រសួង​ព័ត៌មាន​នៅពេល​ខាងមុខ​។ លោក​ថា អនុសាសន៍​ទាំងនោះ​រួមមាន ស្នើ​ឲ្យ​បង្កើត​គណៈកម្មការ​អន្តរក្រសួង​ពាក់ព័ន្ធ ដើម្បី​ធ្វើ​សេចក្តីព្រាងច្បាប់ ត្រូវមាន​ការចូលរួម​ពិភាក្សា​ពី​គណបក្សប្រឆាំង ទទួលយក​គំនិត​យោបល់​ពី​គ្រប់​មជ្ឈដ្ឋាន ដោយ​បង្កើត​យន្តការ​នានា ដើម្បី​ឲ្យ​សង្គម​ស៊ីវិល​ចូលរួម​ផ្តល់យោបល់​លើ​ខ្លឹមសារ​ច្បាប់ និង​បញ្ចប់​វប្បធម៌​យក​ថវិកា​ចំពោះ​អ្នកស្នើសុំ​ព័ត៌មាន​ជាដើម ៖ "​យើង​ក៏មាន​ច្បាប់​ជា​គំរូ​ដែល​យើង​បាន​ពិភាក្សា​តាម​អ្នកជំនាញការ កម្ពុជា ទាំង​អន្តរជាតិ នៅក្នុង​ចំណោម​សង្គម​ស៊ីវិល ដើម្បី​ជា​ជំនួយស្មារតី​មួយ ថា​តើ​គំរូ​បែបនេះ​វា​នឹង​អាចជួយ​អី​ខ្លះ នៅក្នុង​ក្រុមការងារ​របស់​ក្រសួង​ព័ត៌មាន ក៏ដូចជា​អន្តរក្រសួង ដែល​នឹងត្រូវ​ធ្វើការ​លើ​បញ្ហា​នេះ អាច​នឹង​ពិនិត្យឡើងវិញ ហើយ​បើសិនជា​ក្រុមការងារ​ហ្នឹង​ចាប់ផ្តើម​ធ្វើការ មិនចាំបាច់​ធ្វើការ​ស្រាវជ្រាវ​អី​ផ្សេងទៀត ព្រោះ​យើង​បានផ្តល់​ឯកសារ​នេះ គឺជា​មូលដ្ឋានគ្រឹះ​ក្នុងការ​ឈានទៅដល់​ការធ្វើការ​ក្នុង​បញ្ហា​នេះ​"​។​​អនុសាសន៍​ផ្សេងៗ​ទៀត​រួមមាន ក្រសួង​ព័ត៌មាន​ធ្វើ​សេចក្តីព្រាងច្បាប់​ដោយ​ភាព​លម្អិត​ច្បាស់លាស់ ដោយ​ត្រូវ​កំណត់​ពី​ការគ្រប់គ្រង​ព័ត៌មាន ឲ្យ​បានច្បាស់លាស់​ក្នុង​ច្បាប់ មានចែង​ពី​ថវិកា និង​ច្បាប់​ត្រូវ​ធានា​ឲ្យ​មាន​ថវិកា​សម្រាប់​អនុវត្ត ហើយ​ខ្លឹមសារ​ច្បាប់​ត្រូវមាន​ការការពារ​ដល់​អ្នកស្នើសុំ និង​អ្នកផ្តល់​ព័ត៌មាន​កំណត់​ឲ្យ​ច្បាស់លាស់​អ្វី​ជា​ព័ត៌មាន​សម្ងាត់ និង​អ្វី​ជា​ព័ត៌មាន​សារ​ធារ​ណៈ ច្បាប់​ត្រូវអនុវត្ត​ជាការ​ប្រញាប់ សូម​ឲ្យ​មានការ​ដាក់ទោស​ដល់​អ្ន​ក​ផ្តល់ព័ត៌មាន​មិន​ពិត និង​ស្នើ​ដល់​ក្រសួងពត៌មាន ឲ្យ​មានការ​បើកចំហរ​តាមរយៈ​រាជរដ្ឋាភិបាល​ចំពោះ​ព័ត៌មាន​ដែលមាន​ស្រាប់​ជាដើម​។​​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ មានប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ក្រសួង​ស្វាគមន៍​រាល់​អនុសាសន៍​របស់​ស​ង្គ​ម​ស៊ីវិល ហើយ​លោក​កំពុង​រៀបចំ​ជា​ឯកសារ​បង្កើត​គណៈកម្មកា​រ​ចម្រុះ ដើម្បី​បញ្ជូនទៅ​អង្គការ​សង្គម​ស៊ីវិល ឲ្យ​ចាត់​តំណាង​ចូលរួម​។ លោក​ថា ក្រ​ស្រួ​ង​ទើបតែ​ទទួលបាន​ការចាត់តាំង​២​សប្តាហ៍​ចុងក្រោយ​នេះ ដូច្នេះ​ច្បាប់​នេះ​ត្រូវ​ប្រើ​រយៈពេល​៣​ឆ្នាំ​ទើប​អាចបង្កើត​បាន ៖ “​គឺ​យើង​នឹងធ្វើ​ក្រុម​តាក់តែង​សេរី​មួយ សម្រាប់​ក្រុម​ដែល​តាក់តែង​ព្រាង​ច្បាប់ ហើយ​បន្ទាប់មកទៀត យើង​មាន​ធ្វើ​សិក្ខាសាលា​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និង​ថ្នាក់​អន្តរ​វិស័យ បានន័យថា​យើង​នឹង​អញ្ជើញ​ផ្នែក​ធុរកិច្ច ផ្នែក​ធនាគារ ផ្នែក​សន្តិសុខ ប្រជុំគ្នា​ទៅ​ដើម្បី​គេ​ជជែក​គ្នាយ​ល់ពី​ស្មារតី​នេះ បន្ទាប់មកទៀត​ដើម្បី​ឲ្យ​គេ​ដឹង​កំណត់ថា ស្អី​ខ្លះ​ដែល​អាច​ថា​ជា​ព័ត៌មាន​សាធារណៈ អ្វីខ្លះ​ដែល​មិន​អាចជា​ព័ត៌មាន​សាធារណៈ ដើម្បី​ឯកភាពគ្នា​លើ​ចំនុច​នេះ​”​។​​តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា កន្លងមក​គណបក្សប្រឆាំង បានដាក់​ប​ញ្ជូ​ល​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ចំនួន​២​លើក ទៅ​គណៈកម្មាធិការ​រដ្ឋសភា ហើយ​លោក​សង្ឃឹមថា សេចក្តីព្រាងច្បាប់​នោះ នឹង​ក្លាយជា​ឯកសារយោង ក្នុងការ​បង្កើត​ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​៕​អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចុះផ្សាយ​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៣៕