-
លោក អ៊ូ វីរៈ ៖ ការរិតបន្តឹងសិទ្ធិសេរីភាពបញ្ចេញមតិ នឹងធ្វើឲ្យសង្គមជាតិបែកបាក់
- Issue Date 06-Dec-2013
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ ព្រមាននៅថ្ងៃសុក្រនេះថា បើរដ្ឋាភិបាលកម្ពុជា បន្តរិតបន្តឹងសិទ្ធិសេរីភាពបញ្ចេញមតិតាមប្រព័ន្ធផ្សព្វផ្សាយ ហ្វេសប៊ុក ការដង្ហែរក្បួនបាតុកម្ម និងតាមរូបភាពផ្សេងទៀតជាដើមនោះ នឹងធ្វើឲ្យសង្គមជាតិជួបបញ្ហាប្រឈម ឬឈានទៅរកការបែកបាក់។ក្នុងសិក្ខាសាលា បូកសរុប “ស្ថានភាពសេរីភាពបញ្ចេញមតិ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៣” ដែលរៀបចំដោយមជ្ឈមណ្ឌលកម្ពុជាសិទ្ធិមនុស្ស លោក អ៊ូ វីរៈ ថ្លែងថា បើទោះជាបច្ចុប្បន្ននេះ ស្ថានភាពបញ្ចេញមតិនៅ កម្ពុជាមានភាពល្អប្រសើរជាងមុនមែន តែលោកថា បើរដ្ឋាភិបាល មិនបើកសិទ្ធិឲ្យប្រជាពលរដ្ឋបានបញ្ចេញមតិឲ្យបានទូលំទូលាយទេ នោះកម្ពុជាឈានទៅរកការបែកបាក់។តាមរបាយការណ៍សង្ខេបតុមូល របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កម្រាស់១៩ ទំព័រ សរសេរថា កន្លងមក ការបញ្ចេញមតិតាមរយៈ អ្នកសរសេរប្លុក ធ្វីតទ័រ ហ្វេសប៊ុក ការបាតុកម្ម និងការបញ្ចេញមតិតាមប្រព័ន្ធផ្សព្វផ្សាយជាដើម ជាពិសេសមេធាវីរបស់សង្គមស៊ីវិល ដែលការពារក្តីឲ្យអ្នកមានជម្លោះដីធ្លី ពាក់ព័ន្ធនិងនយោបាយ ភាគច្រើន ត្រូវបានអ្នកមានអំណាចគំរាមកំហែង ធ្វើឲ្យពួកគេព្រួយបារម្ភពីសុវត្ថិភាព ខ្លាចអ្នកមានអំណាចដៅមុខសញ្ញា និងគំរាមកំហែង ពីបទបរិហាកេរ្តិ៍ផងដែរ។ក្រុមនិស្សិតដែលចូលរួមសិក្ខាសាលានោះ ថ្លែងថា ពួកគាត់នៅតែព្រួយបារម្ភពីសិទ្ធិសេរីភាពបញ្ចេញមតិ ដោយតែ កន្លងមកអ្នកបញ្ចេញមតិតាមរយៈហ្វេសប៊ុក និងតាមរូបភាពផ្សេងៗទៀត ត្រូវអ្នកមានអំណាចគំរាមកំហែងគ្រប់រូបភាព។របាយការណ៍របស់មជ្ឈមណ្ឌលកម្ពុជាសិទ្ធិមនុស្ស បានផ្តល់ជាអនុសាសន៍ដល់រាជរដ្ឋាភិបាល គួរតែបញ្ឈប់ការតាមដាន និងរឹតបន្តឹងលើសកម្មភាពរបស់សកម្មជនការពារសិទ្ធិមនុស្ស និងអង្គការក្រៅរដ្ឋាភិបាលបឈ្ឈប់ប្រើប្រាស់ប្រព័ន្ធតុលាការ គំរាមកំហែងសកម្មជនសិទ្ធិមនុស្ស ហើយអាជ្ញាធររបស់រដ្ឋាភិបាលត្រូវគោរពច្បាប់ និងឈប់រារាំងសកម្មជនដីធ្លី សហគមន៍ និងធានាថា សេរីភាពទទួលបានព័ត៌មាន ត្រូវបានព្រាង ដោយអនុលោមតាមគោលការណ៍បើកចំហជាអតិបរិមា តុលាការត្រូវឯករាជ្យ និងធានាបកស្រាយច្បាប់ ឲ្យត្រូវតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ៕អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះផ្សាយថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៣៕