• សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​អង្គការ​សង្គម​ស៊ីវិល​ដង្ហែ​ក្បួន​ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ដូច​ឆ្នាំមុនៗ​

    • Issue Date 06-Dec-2013

    សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល ដង្ហែ​ក្បួន​ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ ដូច​សព្វដង និង​ប្តូរ​ទីតាំង​ជួបប្រជុំគ្នា​ទៅកាន់​រមណីយដ្ឋាន​វត្ត​ភ្នំ វិញ​។​​ប្រធាន​ក្រុម​លេខាធិការ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពា​រ​សិទ្ធិ​កម្ពុជា លោក សួន ប៊ុន​ស័ក្តិ ប្រាប់​VOD នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា ក្រោយ​ជំនួប​ជាមួយ​មន្ត្រី​សាលា​រាជធានី​ថ្ងៃ​ព្រហស្បតិ៍ ការស្នើសុំ​របស់​អង្គការ​សង្គម​ស៊ីវិល​ដង្ហែ​ក្បួន​ពី​ពហុ​កី​ទ្បា​ដ្ឋា​ន​ជាតិ​អូឡាំពិក​ឆ្លងកាត់​មហាវិថី​មួយចំនួន​ទៅកាន់​ទីលាន​ប្រជា​ធិ​តេ​យ្យ មិនត្រូវ​បានអនុញ្ញាត​នោះទេ ដោយ​សាលា​រាជធានី អះអាងថា នៅ​ថ្ងៃ​១០​ធ្នូ​នេះ មាន​ក្បួន​ដង្ហែ​ច្រើន ដែល​ក្នុងនោះ​មាន​សកម្មជន​ដីធ្លី និង​សកម្មជន​សិទ្ធិមនុស្ស ហែរ​មកពី​បណ្តា​ខេត្ត​នានា​រួម​នឹង​ក្បួន​ដង្ហែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចូលទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ​។​​លោក សួន ប៊ុន​ស័ក្តិ បន្តថា ដោយ​មូលហេតុ​ខ្លាច​មាន​ភាពចលាចល ប៉ះទង្គិច​គ្នា​នេះ សាលា​រាជធានី បានអនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល​ដែលមាន​គ្នា​ជិត ៥០០០​នាក់ មកពី​បណ្តាញ​ពហុ​វិស័យ ប្រជា​សហគមន៍ យុវជន អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ដោយ​ប្រមូលផ្តុំ​នៅលើ​រមណីយដ្ឋាន​វត្តភ្នំ​វិញ ក្រោម​ប្រធានបទ “​យើងទាំងអស់គ្នា​ធ្វើការ​ដើម្បី​លើកកម្ពស់ និង​ការពារ​យុត្តិធម៌​”​។លោក​បន្តថា សង្គម​ស៊ីវិល​គ្រោង​នឹង​ជួបជុំគ្នា​នៅ​វត្តភ្នំ ដោយ​គ្រោង​នឹង​សម្តែង​មតិ​នៅ​ទីនោះ​។​​កាលពី​ថ្ងៃ​៣០ ខែវិច្ឆិកា ប្រជាពលរដ្ឋ ព្រះសង្ឃ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បានចាប់ផ្តើម​ដង្ហែ​ធម្ម​យាត្រា ចេញពី​ខេត្ត​ចំនួន​៥ សំដៅ​មក​រាជធានី​ភ្នំពេញ​ព្រមៗ​គ្នា នៅ​ថ្ងៃទី​១០ ខែធ្នូ ដើម្បី​ចូលរួម​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ទាមទារ​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ ខេត្ត​ទាំងនោះ​រួមមាន ខេត្តស្វាយរៀង កំពង់ស្ពឺ កំពង់ធំ កំពត និង​ខេត្តពោធិ៍សាត់​៕​អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចុះផ្សាយ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៣៕