-
ក្រសួងមហាផ្ទៃហាមបក្សសង្គ្រោះជាតិនិងសង្គមស៊ីវិលជួបជុំនៅមុខសភា
- Issue Date 08-Dec-2013
ក្រសួងមហាផ្ទៃ ហាមថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ រួមទាំងមន្ត្រីអង្គការមិនមែនរដ្ឋាភិបាល សហគមន៍ សមាគម និងសង្គមស៊ីវិលទាំងអស់ ប្រមូលផ្ដុំគ្នានៅមុខរដ្ឋសភា នៅថ្ងៃទី១០ ធ្នូ ខាងមុខនេះ ដែលជាទិវាសិទ្ធិមនុស្សអន្តរជាតិ។ក្នុងលិខិត ២ច្បាប់ ជម្រាបទៅអភិបាលរាជធានីភ្នំពេញ ដែលចុះហត្ថលេខាដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៨ ធ្នូ បានសរសេរថា ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យមានការជួបជុំគ្នាបាន ទាក់ទងនឹងការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃទី១០ ធ្នូ តែពុំមានការហែក្បួនទេ។ព្រឹត្តិការណ៍ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ លើកទី៦៥ នៅថ្ងៃទី១០ ធ្នូ ខាងមុខនេះ នៅរាជធានីភ្នំពេញ នឹងមានការជួបជុំប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ចំនួន ៣ក្រុម គឺទី១ រៀបចំដោយសម្ព័ន្ធអង្គការសិទ្ធិមនុស្សសង្គមស៊ីវិល ឬហៅថា គណៈកម្មាធិការប្រព្រឹត្តិកម្ម ទី២ រៀបចំដោយគណបក្សសង្គ្រោះជាតិ និងទី៣ រៀបចំដោយតំណាងសហគមន៍ សមាគម និងបណ្ដាញសហព័ន្ធសហជីព។ទាក់ទងនឹងការជួបជុំប្រារព្ធទិវាសិទ្ធិមនុស្សរបស់សម្ព័ន្ធអង្គការសិទ្ធិមនុស្សសង្គមស៊ីវិល ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យជួបជុំគ្នានៅរមណីយដ្ឋានវត្តភ្នំ ត្រង់រោងអាយ៉ៃ ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ២រសៀល ដែលមានអ្នកចូលរួមប្រមាណ ៥ពាន់នាក់ ដោយពុំមានហែក្បួន និងចែកខិត្តប័ណ្ណឡើយ។រីឯការជួបជុំរបស់គណបក្សសង្គ្រោះជាតិ ដែលមុនដំបូងបម្រុងជួបជុំគ្នានៅបរិវេណមុខរដ្ឋសភានោះ ក្រសួងមហាផ្ទៃ សម្រេចអនុញ្ញាតឱ្យជួបជុំគ្នានៅទីលានប្រជាធិបតេយ្យជំនួសវិញ ចាប់ម៉ោង ៩ព្រឹកដល់ម៉ោង ១២ថ្ងៃត្រង់ ដែលមានអ្នកចូលរួមមិនលើសពី ១ម៉ឺននាក់ និងពុំមានការហែក្បួនដែរ។ ក៏ប៉ុន្តែលិខិតនេះបន្តថា គណបក្សសង្គ្រោះជាតិ អាចចាត់តាំងតំណាង ១០រូប ដើម្បីយកញត្តិទៅប្រគល់ជូនរដ្ឋសភា។ដោយឡែកការជួបជុំរបស់តំណាងសហគមន៍ សមាគម និងបណ្ដាញសហព័ន្ធសហជីព ត្រូវបានក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យជួបជុំគ្នានៅសួនច្បារទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ និងមិនមានហែក្បួនដូចគ្នា។ ក្រុមនេះ ក៏អាចចាត់តាំងតំណាង ១០រូប ដើម្បីយកញត្តិទៅប្រគល់ជូនរដ្ឋសភាដែរ។ការចេញសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ គឺទន្ទឹមគ្នានឹងក្បួនធម្មយាត្រា-សិទ្ធិយាត្រាពីខេត្តនានា បានមកដល់ជាយរាជធានីភ្នំពេញ ខ្លះហើយ ដើម្បីចូលរួមប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ខាងមុខនេះ។អ្នកធ្វើធម្មយាត្រាក្នុងខ្សែផ្លូវជាតិ៣ មួយរូប គឺលោក មួង សូនី ឱ្យដឹងថា ក្បួនធម្មយាត្រាមួយនេះ បានមកដល់វត្តស្លែងខាងលិច រាជធានីភ្នំពេញហើយ ហើយបានបិទផ្លូវជាតិលេខ ៣ ត្រង់តំបន់នោះជាង ២០នាទី ដោយសារតែវត្តនេះមិនអនុញ្ញាតឱ្យពួកគាត់ចូលស្នាក់បណ្ដោះអាសន្ន។អ្នកធ្វើធម្មយាត្រាមួយរូបទៀត នៅខ្សែផ្លូវជាតិ៤ បានបិទផ្លូវនៅចំណុចវត្តជម្ពូវ័ន្ត ដោយសារតែបញ្ហាដូចគ្នា។ក្រសួងមហាផ្ទៃបានអំពាវនាវនៅថ្ងៃទី៨ ធ្នូ ថា ដើម្បីធានាឱ្យព្រឹត្តិការណ៍ ១០ ធ្នូ ប្រព្រឹត្តទៅដោយរលូនដោយសន្តិវិធី មានសណ្ដាប់ធ្នាប់ល្អ ការជួបជុំជាសាធារណៈ ការធ្វើធម្មយាត្រា ការហែក្បួន ត្រូវជូនដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ចស្របច្បាប់ ហើយអាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធលើកកម្ពស់ការគោរពវិន័យ សីលធម៌វិជ្ជាជីវៈ បង្កើនកិច្ចសហការសម្របសម្រួល ដើម្បីផ្ដល់ការការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយដល់អ្នកចូលរួមព្រឹត្តិការណ៍នេះ៕អត្ថបទដកស្រង់ពីវិទ្យុអាស៊ីសេរី (RFA) ចុះផ្សាយថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៣៕