• អង្គការ​ចំនួន​៣៣ ស្នើសុំ​ឲ្យ​តុលាការ​ឯករាជ្យ និង​សុំ​រដ្ឋាភិបាល ធានា​ការគោរព​សិទ្ធិមនុស្ស​

    • Issue Date 10-Dec-2013

    អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣៣ ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស នៅ​ថ្ងៃ​អង្គារ​នេះ ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ស្ថាប័ន​រដ្ឋសភា និង​ស្ថាប័នព្រឹទ្ធសភា រួមទាំង​តុលាការ​គ្រប់​ជាន់ថ្នាក់ ត្រូវ​កែទម្រង់​ប្រព័ន្ធ​ច្បាប់​មួយចំនួន ធានា​តុលាការ​ឯករាជ្យ និង​ធ្វើយ៉ាងណា​គាំទ្រ និង​ការពារ​ឲ្យ​មានការ​សម្តែង​មតិ និង​គោរព​សិទ្ធិមនុស្ស ។​​សេចក្តីថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣៣ ចុះ​ថ្ងៃទី​១០​ខែធ្នូ ឲ្យ​ដឹងថា ក្រុម​អង្គការ​សង្គម​ស៊ីវិល នៅតែមាន​ក្តីកង្វល់ និង​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ជាច្រើន ដែល​ត្រូវបាន​សង្កេត​ដោយ​សង្គម​ស៊ីវិល ដូចជា ដំណើរការ​យឺតយ៉ាវ​នៃ​កំណែទម្រង់​ច្បាប់ និង​យុត្តិធម៌ ឆ្ពោះទៅរក​តុលាការ​ឯករាជ្យ ដែល​កំពុងធ្វើការ ដោយ​មិនមាន​ការជ្រៀតជ្រែក​ខាង​នយោបាយ និង​អំពើពុករលួយ​។ អង្គការ​ទាំងនោះ ជំរុញ​ឲ្យ​មានការ​កសាង​ច្បាប់​មូលដ្ឋាន​សំខាន់ៗ ការពារ​កុំ​ឲ្យ​មានការ​រំលោភ​យក​ដីធ្លី ការបណ្តេញចេញ​ដោយ​បង្ខំ ការ​គំរាម​គំហែង​ប្រឆាំងនឹង​អ្នកការពារ​សិទ្ធិមនុស្ស ព្រមទាំង​ការហាមឃាត់ ឬ​ការ​រឹតត្បិត​សេរីភាព​នៃ​ការប្រមូលផ្តុំ​ដោយ​សន្តិវិធី និង​សេរីភាព​នៃ​ការសម្តែង​មតិ​នៅ​ទីសាធារណៈ​។​​សេចក្តីថ្លែងការណ៍​បន្ត​ថា បញ្ហា​រំលោភបំពាន​សិទ្ធិមនុស្ស នៅតែ​កើតឡើង​នៅ​កម្ពុជា បូករួម​ទាំង​ការជួញដូរ និង​ការកេងប្រវ័ញ្ច​ស្ត្រី​និង​កុមារ ការរំលោភបំពាន​ប្រឆាំងនឹង​ជនជាតិដើម​ភាគតិច ទាក់ទង​នឹង​កម្មសិទ្ធិ​ដី​សហគមន៍ ការរើសអើង​ប្រឆាំងនឹង​ជនពិការ ការរំលោភបំពាន​លើ​សិ​ទិ្ធ​ទទួលបាន​យុត្តិធម៌​របស់​ជនជាប់ចោទ តាមរយៈ​តំណាង​ផ្លូវច្បាប់​គ្រប់គ្រាន់ និង​ការរំលោភបំពាន​សិទ្ធិ​ការងារ​មូលដ្ឋាន​។​​នៅ​ថ្ងៃ​អង្គារ​នេះ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ក៏បាន​ប្រកាសថា ខ្លួន​ចង់ឃើញ​កម្ពុជា លុបបំបាត់​នូវ​ភាព​មិនល្អ​ទាក់ទង​នឹង​បញ្ហា​រំលោភសិទ្ធិ​មនុស្ស ដែល​ក្នុងនោះ មានការ​បញ្ចប់​បញ្ហា​ជម្លោះដីធ្លី ការបណ្តេញចេញ អំពើពុករលួយ និង​ការរត់ពន្ធ​មនុស្ស​។សេចក្តីថ្លែងការណ៍​រប​ស់​ស្ថានទូត​អាមេរិក ឲ្យ​ដឹងថា សហរដ្ឋអាមេរិក​ធ្វើការ​តាំងចិត្ត​យ៉ាង​មុតមាំ ក្នុងការ​សម្រេចបាន​ជោគជ័យ​នូវ​ការគោរព​សិទ្ធិមនុស្ស ដែល​មានចែង​នៅក្នុង​សេចក្តីប្រកាស​ជាស​កល​ស្តីពី​សិទ្ធិមនុស្ស​។​សេចក្តីថ្លែងការណ៍​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ប្រទេស​កម្ពុជា ពុំមាន​អាទិភាព​ណា​សំខាន់​សម្រាប់​សហរដ្ឋអាមេរិក​ជាង​ការលើកកម្ពស់ ការគោរព​សិទ្ធិមនុស្ស​និង​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​នោះឡើយ​។​​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន មានប្រសាសន៍ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា មាន​ភាពប្រសើរឡើង​ច្រើន​ហើយ​រដ្ឋាភិបាល​បាន​ប្តេជ្ញា​ថា​ធ្វើ​អ្វីៗ ដែល​គេ​បានលើកឡើង​ហ្នឹង រឹត​ឲ្យ​បាន​ប្រសើរ​ប្រកបដោយ​គុណភាព​។ លោក​បញ្ជាក់ថា​៖ «​រដ្ឋាភិបាល​ធ្វើ​ជាមួយនឹង​គោលការណ៍ ទន្ទឹមនឹង​គោលការណ៍​យើង​មានច្បាប់ ដើម្បី​ឲ្យ​ការប្រតិបត្តិ​ច្បាប់ អីហ្នឹង​ការអនុវត្ត​ច្បាប់​ហ្នឹង​បាន​ប្រសើរ គឺ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ហ្នឹង ត្រូវ​ស្ថិតនៅក្នុង​ការដឹង​ការយល់​និង​ការចូលរួមចំណែក​ទាំង​ប្រតិបត្តិ និង​ការអនុវត្ត​ច្បាប់​នេះឯង​»៕​អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចុះផ្សាយ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៣៕