-
CCHR អំពាវនាវឲ្យលោក សម រង្ស៊ី សុំទោសជាសាធារណៈនឹងពាក្យសម្តីរើសអើងពូជសាសន៍ និងស្ត្រី
- Issue Date 12-Dec-2013
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) រិះគន់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ទៅលើការប្រើប្រាស់ពាក្យពេចន៍បែបរើសអើងប្រឆាំងនឹងស្ត្រី និងប្រជាពលរដ្ឋវៀតណាម និងអំពាវនាវឲ្យមានការសុំទោសជាសាធារណៈ។ការរិះគន់នេះ ធ្វើឡើងក្នុងលិខិតចំហមួយ ដែលចុះហត្ថលេខាដោយលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌល ផ្ញើជូនថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បន្ទាប់ពីលោក សម រង្ស៊ី បាននិយាយពាក្យថា«អន់ជាងស្ត្រី» និងពាក្យ«យួន» កាលពីថ្ងៃទី១០ខែធ្នូ ពេលធ្វើបាតុកម្មនៅខេត្តសៀមរាប។លិខិតឲ្យដឹងថា CCHR សម្តែងនូវការព្រួយបារម្ភចំពោះសុន្ទរកថាធ្វើដោយលោក សម រង្ស៊ី ដែលជាពាក្យសម្តីបង្អាប់បង្អោន និងការរើសអើងប្រឆាំងនឹងស្ត្រី និងប្រជាពលរដ្ឋវៀតណាម ដែលជាជនអន្តោប្រវែសន៍នៅកម្ពុជា។CCHR បង្ហាញថាលោកសម រង្ស៊ី លើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន «អន់ជាងស្ត្រី» ប្រៀបធៀបទៅនឹងនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលបានរៀបចំឲ្យមានការបោះឆ្នោតឡើងវិញ។CCHRចាត់ទុកការលើកឡើងនេះថា ស្ត្រី មានសមត្ថភាពចាញ់បុរស ដែលនេះជាការពុំអាចទទួលយកបាន និងប៉ះពាល់ដល់ការអភិវឌ្ឍយេនឌ័រប្រកបដោយសមភាពនៅកម្ពុជា។CCHR អំពាវនាវឲ្យលោក សម រង្ស៊ី គួរណាស់តែសុំទោសជាសាធារណៈចំពោះការដែលបានពោលពាក្យសម្តី ដែលមានចរិលក្ខណៈរើសអើង។លោក សម រង្ស៊ី និងអ្នកនាំពាក្យគណបក្ស លោក យឹម សុវណ្ណ មិនទាន់អាចទាក់ទងបាន ដើម្បីអត្ថាធិប្បាយលើបញ្ហានេះបាននៅឡើយទេ។អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះផ្សាយថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣៕