• សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត​៖ រដ្ឋាភិបាល គជប និង​ស្ថាប័ន​ពាក់ព័ន្ធ ខ្វះ​តម្លាភាព​

    • Issue Date 13-Dec-2013

    សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត (ERA) នៅ​ថ្ងៃ​សុក្រ​នេះ ផ្សព្វផ្សាយ​របាយការណ៍​រួមមួយ​ដោយ​លើកឡើងថា រដ្ឋាភិបាល គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត (​គជប​) និង​ស្ថាប័ន​ពាក់ព័ន្ធ ខ្វះ​តម្លាភាព​ចំពោះ​ដំណើរការ​បោះឆ្នោត ដែល​បណ្តាល​ឲ្យ​មាន​ភាពមិនប្រក្រតី និង​បញ្ហា​មួយចំនួន​កើតឡើង​។​​សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត គឺជា​សម្ព័ន្ធ​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ត្រូវបាន​បង្កើតឡើង​សម្រាប់​ការបោះឆ្នោត​ថ្នាក់ជាតិ នៅ​ខែកក្កដា ឆ្នាំ​២០១៣ ដោយមាន​អង្គការ​ជា​សមាជិក​ចំនួន ២០ ក្នុង​បំណង​ជំរុញ​ឲ្យ​មានការ​កែលម្អ សម្រាប់​ការបោះឆ្នោត​នាពេល​អនាគត​។ អង្គការ​ចំនួន ២០ មានដូចជា អង្គការ​ខុមហ្វ្រែល លីកាដូ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​អង្គការ​NDI​ជាដើម​។​​ក្នុង​កម្មវិធី​ដាក់​បង្ហាញ និង​ពិភាក្សា​របាយការណ៍​រួម​នេះ នៅ​ថ្ងៃ​សុក្រ​នេះ នាយិកា​នៃ​វិទ្យាស្ថាន​ជាតិ​ដើម្បី​លិ​ទ្ធិ​ប្រជាធិបតេយ្យ (NDI) លោកស្រី Laura thornton ឲ្យ​ដឹង​តាម​អ្នកបកប្រែ​ថា របកគំហើញ​ភាពមិនប្រក្រតី​ការបោះឆ្នោត​កម្ពុជា ឆ្នាំ​២០១៣ រួមមាន ការបដិសេធ​ពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត​ពី​បញ្ជី​បោះឆ្នោត ការបញ្ចូល​អ្នក​គ្មាន​សិទ្ធិ​បោះឆ្នោត ឬ​មានឈ្មោះ​ស្ទួន​ក្នុង​បញ្ជី​បោះឆ្នោត ការ​ចែកចាយ​ឯកសារ​ដូចជា​លិខិតបញ្ជាក់​អត្តសញ្ញាណ​សម្រាប់​ការបោះឆ្នោត​ច្រើន និង​ការមិន​កែប្រែ​ចំនួន​អាសនៈ​សម្រាប់​មណ្ឌលបោះឆ្នោត​នីមួយៗ ទៅតាម​ច្បាប់​បានកំណត់ ៖ “​នៅ​ថ្ងៃ​បោះឆ្នោត គឺ​យើង​ឃើញ​មែន គឺមាន​ប្រជាជន​ដែល​គាត់​មិនអាច​រក​ឈ្មោះ​គាត់​បាន គាត់​មិនមាន​ឈ្មោះ​បោះឆ្នោត តាមរយៈ​អង្គការ​តម្លាភាព អន្តរជាតិ​-​កម្ពុជា គាត់​មាន​មន្ត្រី​ធ្វើការ​អង្កេត​នៅក្នុង​ទូទាំងប្រទេស គឺ​៦០​ភាគរយ នៃ​ស្ថានីយបោះឆ្នោត​គឺមាន​អ្នកខ្លះ គាត់​រក​ឈ្មោះ​មិនឃើញ​”​។​​អ្នកពិគ្រោះ​យោបល់​មកពី​អង្គការ​លីកាដូ លោក Mathieu Pellerin មានប្រសាសន៍ថា អង្គការ បាន​រកឃើញថា ចំនួន​អ្នកបោះឆ្នោត​នៅ​កម្ពុជា មិន​ស្នើ​គ្នា​ទៅនឹង​ចំនួន​ប្រជាជន​នោះទេ ហើយ​អត្រា​ប្រជាពលរដ្ឋ និង​ចំណាកស្រុក​កើនឡើង តែ​ចំនួន​អាសនៈ​មិន​ត្រូវបាន​ផ្លាស់ប្តូរ ទោះបីជា​ច្បាប់ បាន​តម្រូវ​ហើយ​ក្តី​។ លោក​ថា កត្តា​នេះ បានធ្វើ​ឲ្យ​ភាគរយ​នៃ​អាសនៈ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​ឆ្នាំ​២០១៣ គឺ​ច្រើនជាង​ភាគរយ​សន្លឹកឆ្នោត ដែល​គណបក្ស​នេះ​ទទួលបាន ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​ភាគរយ​អាសនៈ​តិចជាង​ភាគរយ​នៃ​សន្លឹកឆ្នោត ដែល​ទទួលបាន ៖ “​ការបែងចែក​កៅអី​តាម​ខេត្ត​នោះ មាន​សារៈសំខាន់​ណាស់ ធ្វើយ៉ាងណា​កុំ​ឲ្យ​ដោយសារ​តែមាន បម្រែបម្រួល​ផ្នែក​វិទ្យាសាស្ត្រ ចំនួន​ប្រជាជន ពីព្រោះថា​ខេត្ត​មួយចំនួន ប្រជាជន​ចំណាក​ចេញ​អស់ហើយ គួរតែ​ថយ​កៅអី ដូច្នេះ​ការបែងចែក​កៅអី ទៅ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មានន័យថា​តិចជាង​ខ្លាំង បើ​យើង​ធៀប​ទៅនឹង​សំឡេង​ដែល​ខ្លួន​ទទួលបាន​”​។​​មន្ត្រី​អង្គការ​តម្លាភាព​អន្តរជាតិ​នៃ​កម្ពុជា លោក ប៉ែន រក្សា មានប្រសាសន៍ថា ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត (ICEs) ឬ​ហៅថា ប័ណ្ណ​ខៀវ គឺជា​ផ្នែក​មួយ​នៃ​បញ្ហា ដោយសារ ការចេញលិខិត​នេះ​ចេញ​ដោយ​មេឃុំ​ជាប់ឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា មាន​ទៅដល់​៩៧​ភាគរយ ៖ “​គេ​ចេញ​សម្រាប់​អ្នកបោះឆ្នោត​ណា​ដែល មិនមាន​អត្តសញ្ញាណ​សម្រាប់​ទៅ​បោះឆ្នោត មានន័យថា​គាត់​បាត់ គាត់​ខូច​ឬក៏​ត្រូវ​ចោរលួច ទើបបាន​អាជ្ញាធរ​នោះ​ចេញ​ឲ្យ ហើយ​មេឃុំ ចៅសង្កាត់ គឺ​បោះឆ្នោត​ជ្រើសតាំង​តាម​គណបក្សនយោបាយ អ៊ីចឹង​វា​មាន​លក្ខណៈ​លំអៀង​ផ្នែក​នយោបាយ មិនមាន​លក្ខណៈ​អព្យាក្រឹត​”​។​​ជាមួយគ្នានេះ សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត ជំរុញ​ដល់​រដ្ឋាភិបាល អនុវត្ត​កំណែទម្រង់ គជប ដោយ​រំសាយ គជប បច្ចុប្បន្ន និង​បង្កើត​គណៈកម្មាធិការ​ថ្មី​មួយ​ឯករាជ្យ និង​មាន​ធម្មនុញ្ញភាព​ពេញលេញ ប្រកបដោយ​អំណាច និង​យុត្តាធិការ​ធំ​ទូលាយ មិន​ស្ថិតក្រោម​សម្ពាធ​របស់​គណបក្សនយោបាយ នាពេល​អនាគត​។​​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី​ជប៉ុន បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដោយ​លោក ហ៊ុន សែន បានស្នើ​ឲ្យ​ជប៉ុន​បញ្ជូន​មន្ត្រី​ជំនាញការ​បោះឆ្នោត​មកកាន់​កម្ពុជា ដើម្បី​ជួយ​ធ្វើកំណែទម្រង់​ការបោះឆ្នោត​នៅ​កម្ពុជា ហើយ​ឲ្យ​មានការ​ទុកចិត្ត​ពី​បក្សប្រឆាំង ប្រជាជន​កម្ពុជា និង​សហគមន៍​អន្តរជាតិ​ថា ស្ថាប័ន​បោះឆ្នោត​ដែល​ឆ្លងកាត់​ចេញពី​ការកែទម្រង់​នេះ ជា​ស្ថាប័ន​ឯករាជ្យ​៕​អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចុះផ្សាយ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៣៕