-
ក្រុមបាតុករគណបក្សសង្គ្រោះជាតិ ចាប់ផ្តើមរឹតបន្តឹងច្រើនចំពោះអ្នកសារព័ត៌មាន
- Issue Date 16-Dec-2013
ក្រុមបាតុករចូលរួមបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ កាលពីព្រឹកថ្ងៃចន្ទ ចាប់ផ្តើមរឹតបន្តឹងច្រើនចំពោះអ្នកសារព័ត៌មាន ដែលមានបំណងចង់ទៅរាយការណ៍ពីបាតុកម្ម ដែលករណីនេះអ្នកយកព័ត៌មានត្អូញត្អែរថា ខ្លួនមានការលំបាក នៅពេលចុះបំពេញបេសកកម្ម។កាលពីព្រឹកថ្ងៃចន្ទ អ្នកកាសែតមួយចំនួនក្នុងនោះមានអ្នកយកព័ត៌មានរបស់VOD បានត្អូញត្អែរថា ពេលចូលយកព័ត៌មាន បាតុករ មិនមែនជាសកម្មជនរបស់គណបក្ស បានសួរដេញដោលច្រើនថាតើអ្នកសារព័ត៌មានទាំងនោះ ឯករាជ្យ ឬមិនឯករាជ្យ ឬមកពីគណបក្សកាន់អំណាច។ បាតុករ លើកឡើងថា ប្រសិនបើសារព័ត៌មានមិនឯករាជ្យ ពួកគេនឹងមិនអនុញ្ញាតឲ្យចូលរួមនោះទេ។ បាតុករ ក៏បារម្ភពីការបន្លំខ្លួនរបស់ក្រុមណាមួយក្នុងការចូលរួមយកព័ត៌មាន។អនុប្រធានគណកម្មាការវិន័យគណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ មានប្រសាសន៍ថាការដែលក្រុមបាតុករទាំងនោះសាកសួរដោយសារពួកគាត់ប្រុងប្រយ័ត្នខ្លាចមានអ្នកបន្លំ ។ លោកបន្តថា សម្រាប់គណបក្សសង្គ្រោះជាតិ មិនបានរើសអើងអ្នកសារព័ត៌មានទេ ដោយគោរពសិទ្ធិ និងស្វាគមន៍ចំពោះអ្នកសារព័ត៌មានទាំងអស់។កាលពីថ្ងៃទី១០ ខែធ្នូ អ្នកព័ត៌មានថតរូបឲ្យទូរទស្សន៍ជាតិកម្ពុជាម្នាក់ លោក សេង ចាន់ ត្រូវបាតុករនាំគ្នារុញច្រានចេញពីទីលានប្រជាធិបតេយ្យ ខណៈលោកកំពុងថតផ្តិតយករូបភាពនៃការប្រមូលផ្តុំរបស់គណបក្សសង្គ្រោះជាតិ។ បាតុករ បានចោទថា ទូរទស្សន៍ទ.ទ.ក ផ្សាយព័ត៌មានមិនពិត ដោយយករូបភាព និងខ្លឹមសារទៅផ្សាយមិនពិត៕អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះផ្សាយថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣៕