• អាជ្ញាធរ​ខេត្តសៀមរាប​រារាំង​ពលរដ្ឋ​មិន​ឲ្យ​មក​តវ៉ា​រឿង​ដីធ្លី​នៅ​ភ្នំពេញ​

    • Issue Date 17-Dec-2013

    អាជ្ញាធរ ឃុំ​ស្រែ​ណូយ ខេត្តសៀមរាប បាន​រារាំង​ដំណើរ​ប្រជាពលរដ្ឋ​ប្រមាណ ៨០​នាក់ មិនឱ្យ​បន្ត​ឡើងទៅ​តវ៉ា​រឿង​ដីធ្លី នៅ​ទីក្រុង​ភ្នំពេញ បានទេ កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៦ ខែធ្នូ​។ ទំនាស់​ដីធ្លី រវាង​ប្រជាពលរដ្ឋ និង​ទាហាន​នៃ​វរ​សេនា​តូច​លេខ ២៥៤ បាន​កើតមាន​រយៈពេល​ជិត ១​ឆ្នាំ​មកហើយ ដោយ​មិនទាន់មាន​ដំណោះស្រាយ​ណាមួយ​សមរម្យ​ទេ​។​​អ្នកភូមិ​ត្រពាំង​ក្រសាំង ឃុំ​ស្រែ​ណូយ ប្រមាណ ៨០​នាក់ បានធ្វើ​ដំណើរ​តាម​គោយន្ត​ចំនួន ១០​គ្រឿង កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៦ ខែធ្នូ បំណង​ឆ្ពោះទៅ​សាលាខេត្ត​សៀមរាប និង​បន្តទៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីស្រែ​ចម្ការ​ជាង ៣០០​ហិកតារ ដោយសារ​ទាហាន​បាន​ហាមឃាត់​មិនឱ្យ​ចូលទៅ​ដាំ​ដុះ ១​រដូវ​មកហើយ​។ ក៏ប៉ុន្តែ​ការធ្វើដំណើរ​របស់​ពួកគេ​ត្រូវបាន​អាក់ខាន​ទៅវិញ នៅពេលដែល​អាជ្ញាធរ​បាន​រារាំង​មិនឱ្យ​បន្តដំណើរ​ទៅមុខ ដោយ​សន្យាថា នឹង​ជួយ​ដោះស្រាយ​រឿង​នោះ​។​​តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំង​ក្រសាំង គឺ​លោក ភួង សុរិយា​។ លោក​បាន​មានប្រសាសន៍ថា រូបលោក​និង​អ្នកភូមិ​ជាច្រើន​ទៀត មិនអាច​ទ្រាំ​រស់នៅ​ដោយ​គ្មាន​ដី​ធ្វើ​កសិកម្ម​ចិញ្ចឹមជីវិត​ដូច​ពេលនេះ​ទេ​។ បុរស​ដដែល​បាន​បញ្ជាក់ថា អ្នកភូមិ​របស់លោក​កំពុងមាន​ទំនាស់​ដី​ជាង ៣២០​ហិកតារ​ជាមួយ​ទាហាន​នៃ​កងវរសេនាតូច​លេខ ២៥៤ ចំណុះឱ្យ​កងពលតូច​លេខ​៥​។ កង​ទាហាន​បាន​ហាមឃាត់​ប្រជាពលរដ្ឋ​មិនឱ្យ​ចូលទៅ​ដាំ​ដុះ ១​រដូវ​មកហើយ​។​​លោក ភួង សូរិយា​៖ «​ដី​ដែល​ទាហាន​បាន​រំលោភ​យក​កន្លងមក​នៅ​ចំណុច​វាល​សង្កែ​ធំ​ហ្នឹង ចំនួន ៣២០​ហិកតារ ហើយ​ប្រជាជនមាន​ចំនួន ៩៥​គ្រួសារ ហើយ​នៅ​អូរ​ផ្អាវ ប្រជាជនមាន ១១២​គ្រួសារ ឯ​ដី​មាន ២៥៥​ហិកតារ​។ អ៊ីចឹង​បងប្អូន​សុំ​យក​ដី​ហ្នឹង​មកវិញ ហើយ​ចំណុច​ទី​២​ហ្នឹង សុំឱ្យ​រដ្ឋអំណាច​ហ្នឹង​ចេញ​ប័ណ្ណកម្មសិទ្ធិ​ឱ្យ​បងប្អូន​ស្របច្បាប់ ហើយ​ដី​នៅ​កន្លែង​ណា គឺ​យក​កន្លែង​ហ្នឹង​វិញ​»​។​​ស្រប​ពេលដែល​ក្រុម​អ្នកភូមិ​កំពុង​នាំគ្នា​ធ្វើដំណើរ​តាម​គោយន្ត ដើម្បី​លើកគ្នា​ទៅ​តវ៉ា​រឿង​ដីធ្លី​នោះ អាជ្ញាធរ​បានចេញ​មុខ​កាក់​ពួកគេ​ឱ្យ​ចូលទៅ​សាលាឃុំ​ស្រែ​ណូយ និង​ជជែក​រក​ដំណោះស្រាយ ដើម្បី​បង្អាក់​កុំឱ្យ​បន្តដំណើរ​ទៅមុខទៀត​។​​អភិបាលរង​ខេត្តសៀមរាប លោក ប៊ុន ថា​ឫទ្ធិ ដែលជា​អ្នក​ទៅ​ជួបចរចា​ជាមួយ​អ្នកភូមិ​ទាំងនោះ បាន​សរសេរ​ជា​លាយលក្ខណ៍អក្សរ​ដោយ​សន្យាថា នៅ​សប្ដាហ៍​ខាងមុខ អភិបាលខេត្ត​សៀមរាប នឹង​ចាប់ផ្ដើម​ជួបពិភាក្សា​រក​ដំណោះស្រាយ​។​​លោក ប៊ុន ថា​ឫទ្ធិ បាន​មានប្រសាសន៍ថា ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​កង​ទាហាន​នោះ បានអូសបន្លាយ​ជាច្រើន​ខែ​មក​មែន ក៏ប៉ុន្តែ​វា​បាន​អាក់ខាន​ដោះស្រាយ​ដោយសារតែ​ជាប់រវល់​ការបោះឆ្នោត​កាលពី​អំឡុង​ខែកក្កដា កន្លងទៅ ព្រមទាំង​មានការ​ដោះដូរ​អភិបាលខេត្ត​ថ្មី​ផង​៖ «​ឥឡូវនេះ ឯកឧត្ដម​អភិបាលខេត្ត​លោក​សន្យាថា នឹង​កោះអញ្ជើញ​អង្គភាព​ពាក់ព័ន្ធ​ដើម្បី​ពិភាក្សា​ដោះស្រាយ​នៅក្នុង​សប្ដាហ៍​នេះឯង​»​។​​ចាប់​តាំងតែ​ពី​អំឡុង​ខែមីនា ឆ្នាំ​២០១៣ ប្រជាពលរដ្ឋ​ចំនួន ៩៥​គ្រួសារ នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ស្រែ​ណូយ បានកើត​មានទំនាស់​ដី​ធ្លី​ជាមួយ​ទាហាន​នៃ​កងវរសេនាតូច​លេខ​២៥៤​។ ដោយ​កាលណោះ​ក្រុម​ទាហាន​បាន​ហាមឃាត់​អ្នកភូមិ​យ៉ាង​តឹងតែង មិនឱ្យ​ចូលទៅ​ដាំ​ដុះ​លើដី​របស់​ពួកគេ​ទេ ព្រមទាំង​បាញ់​គំរាម​សម្លុត​ទៅលើ​អ្នកភូមិផង​។​​កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៣ កន្លងទៅ គណៈកម្មការ​ជាតិដោះស្រាយ​វិវាទ​ដីធ្លី​របស់​រដ្ឋាភិបាល​ដែល​ធ្វើការ​រួមគ្នា​ជាមួយ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​ចុះទៅពិនិត្យ និង​រក​ដំណោះស្រាយ​រឿង​ជម្លោះដីធ្លី​នោះ​ម្ដងមកហើយ ក៏ប៉ុន្តែ​មិនទាន់មាន​ផល​វិជ្ជមាន​ទេ​។​​កំណត់ហេតុ​ចុះ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៣ របស់​សាលាខេត្ត​សៀមរាប ដែល​កាលណោះ លោក ស៊ូ ភិរិន្ទ ជា​អភិបាលខេត្ត បាន​សន្យាថា នឹងធ្វើ​ការចុះ​ពិនិត្យមើល​ឱ្យបាន​ច្បាស់លាស់ ហើយ​ចំពោះ​ប្រជាពលរដ្ឋ​ណា​ដែល​បាន​កាន់កាប់​ដី​នៅមុន​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១២ គឺ​នឹងត្រូវ​ឆ្វៀល​ចេញពី​តំបន់​គ្រប់គ្រង​ដោយ​ទាហាន ព្រមទាំង​ប្រគល់​ទៅឱ្យ​ប្រជាពលរដ្ឋ​វិញ​៕អត្ថបទដកស្រង់ពីវិទ្យុអាស៊ីសេរី (RFA)ចុះផ្សាយថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣៕