-
សាលារាជធានីភ្នំពេញ៖ ការសម្តែងមតិរបស់គណបក្សសង្គ្រោះជាតិ មិនគោរពតាមនីតិវិធី
- Issue Date 18-Dec-2013
សាលារាជធានីភ្នំពេញ ចាត់ទុកថា សកម្មភាពដង្ហែក្បួនធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ និងការស្នាក់នៅរបស់បាតុករនៅលើទីលានប្រជាធិបតេយ្យ មិនគោរពតាមច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធីដោយសារការគ្រប់គ្រងកម្លាំងបាតុករ នៅពុំទាន់បានហ្មត់ចត់ និងមានការបណ្តែតបណ្តោយឲ្យបាតុករមួយចំនួនចេញពីទីលានប្រជាធិបតេយ្យ តវ៉ានៅតាមដងផ្លូវមួយចំនួនកាលពីថ្ងៃអង្គារ។លិខិតចុះហត្ថលេខាថ្ងៃទី១៧ ខែធ្នូ ដោយអភិបាលរងសាលារាជធានីភ្នំពេញ លោក សេង រតនៈ ផ្ញើជូនប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ឲ្យដឹងថា សាលារាជធានី សោកស្តោយ ពីព្រោះគណបក្សសង្គ្រោះជាតិ មិនបានជូនដំណឹងមកសាលារាជធានី មុនរយៈពេល៥ថ្ងៃតាមច្បាប់កំណត់ ដូចជាព្រះសង្ឃ និងសកម្មជនមួយចំនួន បានចេញយកញត្តិតវ៉ាទៅសាលសន្និសីទចតុមុខ កាលពីព្រឹកថ្ងៃអង្គារម្សិលមិញ។លិខិតបន្តថា គណបក្សសង្គ្រោះជាតិ មិនបានណែនាំឲ្យអ្នកចូលរួម ជួយថែរក្សាសណ្តាប់ធ្នាប់ បរិស្ថានអនាម័យ ដោយចតយានយន្ត បោះសំរាមចោលពាសកាល នៅទីលានប្រជាធិបតេយ្យ និងរមណីយដ្ឋានវត្តភ្នំ។ លិខិតឲ្យដឹងដែរថា គណបក្សសង្គ្រោះជាតិ បានរៀបចំពិធីសាសនា ធ្វើរូបទីងមោង រៀបរថយន្តក្បួនដង្ហែ និងប្រើពាក្យសម្តីប៉ះពាល់ដល់សិទ្ធិបុគ្គលយ៉ាងធ្ងន់ធ្ងរ ដែលជាការប្រមាថ ប្រាសចាកពីព្រំដែននៃសិទ្ធិសម្តែងមតិដែលមានចែងក្នុងច្បាប់។សាលារាជធានីភ្នំពេញ សង្ឃឹមយ៉ាងមុតមាំលើស្មារតីទទួលខុសត្រូវខ្ពស់របស់ប្រធានគណបក្សសង្គ្រោះជាតិ ដោយចាត់ចែងឲ្យស្របតាមគោលការណ៍ច្បាប់ជាធរមាន ពិសេសការពង្រឹងនីតិរដ្ឋនៅកម្ពុជា។ឆ្លើយតាមការលើកទ្បើងរបស់សាលារាជធានី អ្នកដឹកនាំបាតុកម្ម និងជាអនុប្រធានគណៈកម្មាធិការវិន័យគណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ ប្រាប់VODនៅថ្ងៃពុធនេះថា បាតុកម្មនេះ ធ្វើទ្បើងដោយគោរពទៅតាមច្បាប់ ហើយគណបក្សគ្រប់គ្រងបាតុករបានល្អ។ លោក បន្តថា សកម្មភាពរបស់ពលរដ្ឋមួយចំនួនចេញពីទីលានប្រជាធិបតេយ្យ ជាការប្រើសិទ្ធិផ្ទាល់ខ្លួនខ្លះរបស់ពលរដ្ឋប៉ុណ្ណោះ។ លោក ថា ក្នុងស្ថានការណ៍ចាំបាច់ ការជូនដំណឹងអាចធ្វើទ្បើង មុនមួយថ្ងៃ មិនចាំបាច់ជូនដំណឹងមុន៥ថ្ងៃទេ៕អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះផ្សាយថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣៕