-
រដ្ឋាភិបាលកម្ពុជា ថាគណបក្សសង្គ្រោះជាតិកំពុងតែធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូរជាតិតាមរយៈធ្វើបាតុកម្ម
- Issue Date 20-Dec-2013
រាជរដ្ឋាភិបាល លើកឡើងថា គណបក្សសង្គ្រោះជាតិ កំពុងតែធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រក្រតីភាពគ្រប់ផ្នែកនៃជីវភាពសង្គម និងជះឥទ្ធិពលមិនល្អដល់កិត្យានុភាពនិងសេចក្តីថ្លៃថ្នូររបស់ជាតិយើងនៅលើឆាកអន្តរជាតិ តាមរយៈការតវ៉ានិងបាតុកម្មជាបន្តបន្ទាប់។សេចក្តីអំពាវនាវរបស់រាជរដ្ឋាភិបាល ចេញផ្សាយនៅថ្ងៃទី១៩ខែធ្នូ បានលើកឡើងថា បន្ទាប់ពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិកំពុងដំណើរការ បានធានាដល់និរន្តភាពរបស់រដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ។សេចក្តីថ្លែងការណ៍បន្តថាការតវ៉ាជំទាស់នឹងលទ្ធផលបោះឆ្នោតកំពុងត្រូវបានគណបក្សប្រឆាំងប្រើប្រាស់ជាលេសដើម្បីរារាំងដល់ដំណើរការប្រព្រឹត្តទៅដោយរលូននៃស្ថាប័នប្រជាធិបតេយ្យរបស់រដ្ឋ។សេចក្តីថ្លែងការណ៍ លើកឡើងទៀតថា ការតវ៉ា ការសម្តែងមតិនានា តាមរយៈបាតុកម្ម ការជួបប្រជុំជាសាធារណៈនិងការដង្ហែក្បួននានានៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនក្នុងរយៈពេលកន្លងមក ជាទូទៅ ប្រព្រឹត្តទៅដោយសន្តិវិធី ប៉ុន្តែចុងក្រោយនេះ ភាពច្រំដែលញឹកញាប់នៃការតវ៉ាក៏ដូចជាប្លែកៗនៃការតវ៉ា ដែលជារឿយៗមិនស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ឆ្លើយតបនឹងការលើកឡើងនេះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា យល់ថា មហាបាតុកម្មកន្លងមកនេះ ស្តែងពីឆន្ទៈប្រជាពលរដ្ឋ គឺជារឿងស្របច្បាប់ ហើយទង្វើនេះ បង្ហាញពីការមិនពេញចិត្តរបស់ប្រជាពលរដ្ឋ ចំពោះការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្ននេះ ៖ “កាលណាធ្វើបាតុកម្ម គឺគេត្រូវធ្វើដើម្បីឲ្យរដ្ឋាភិបាលហ្នឹងងាកមករកដំណោះស្រាយ ហើយបើសិនរដ្ឋាភិបាលហ្នឹងងាកមកដោះស្រាយទាល់តែរដ្ឋាភិបាលហ្នឹងឃើញបាតុកម្មហ្នឹងធ្វើឲ្យប៉ះពាល់អ្វីមួយទៅគាត់ របស់រដ្ឋាភិបាលហ្នឹង មិនល្អបានគាត់មកដោះស្រាយ ហើយបើគេធ្វើស្រួលរដ្ឋាភិបាលហ្នឹងអត់ខ្ចីដោះស្រាយ អាហ្នឹងមិនហៅថា បាតុកម្មទេ ព្រោះបាតុកម្មគេធ្វើស្រួលៗរដ្ឋាភិបាលមិនព្រមដោះស្រាយ គេបោះមួយជំហានទៀតគេធ្វើឲ្យពិបាកជាងហ្នឹង” ។អ្នកស្រាវជ្រាវឯករាជ្យ លោក កែម ឡី មានប្រសាសន៍ថា មានប្រសាសន៍ថា បាតុកម្មនេះពិតជាប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលកម្ពុជាមែន។ប៉ុន្តែដើមហេតុដែលនាំឲ្យមានបាតុកម្មនេះ ដោយសារតែរដ្ឋាភិបាលមានចំណុចខ្វះខាតច្រើនដែរ ៖ “កាលណាមានបាតុកមុ្ម កូដកម្មហ្នឹងគឹវាប៉ះពាល់ចឹងនោះណាស់ប៉ុន្ដែដែលប៉ះពាល់ធំជាងគេ គឺដើមចមនៃបញ្ហា ប៉ះពាល់ដែលធ្វើឲ្យខូចកិត្ដិយសសេចក្ដីថ្លៃថ្នូររបស់ប្រជាជាតិ គឺការបោះឆ្នោតមួយមានប្រក្រតីច្រើនលើសលុប អាហ្នឹងរឿងទីមួយ រឿងទីពីរ ការធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពជាតិ គឺការរៀបចំរដ្ឋសភា ការរៀបចំរដ្ឋាភិបាល ដោយមិនមានការឯភាពគ្នា ដោយមិនបានគោរពតាមរដ្ឋធម្មនុញ្ញទៅវិញទេ ” ។គណបក្សសង្គ្រោះជាតិ ប្រកាសថា បាតុកម្មលើកទី៥នេះ នឹងបន្តធ្វើរយៈពេល៣ខែ រហូតទាល់តែមានការបោះឆ្នោតឡើងវិញ ហើយលោក ហ៊ុន សែន ចុះពីតំណែង។ ទោះជាយ៉ាងណា សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល អំពាវនាវឲ្យអ្នកដឹកនាំបាតុកម្ម អនុវត្តនិងគោរពឲ្យបានត្រឹមត្រូវនូសិទ្ធិសេរីភាព និងករណីយកិច្ចរបស់ពលរដ្ឋខ្មែរ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញមាត្រា៣១។រាជរដ្ឋាភិបាល ក៏អំពាវនាវឲ្យអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ច ត្រូវអនុវត្តឲ្យបានត្រឹមត្រូវនូវតួនាទី និងកាតព្វកិច្ចរបស់ខ្លួនក្នុងឋានៈជាមន្ត្រីពង្រឹងច្បាប់ ខិតខំបង្កើនកិច្ចសហការសម្របសម្រួលដើម្បីផ្តល់ការការពារសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ដល់ការធ្វើបាតុកម្ម ដើម្បីបញ្ជ្រៀសដាច់ខាតកុំឲ្យកើតមានអំពើហិង្សា៕អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះផ្សាយថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣៕