-
មេដឹកនាំសហជីពព្រមានថានឹងដឹកនាំកម្មករធ្វើកូដកម្មទូទាំងប្រទេសខណៈពួកគេច្រានចោលប្រាក់ឈ្នួលការងារ៩៥ដុល្លារ
- Issue Date 24-Dec-2013
មេដឹកនាំសហជីពមួយចំនួន ព្រមានថា នឹងដឹកនាំកម្មករធ្វើកូដកម្ម និងបាតុកម្ម ចាប់ពីថ្ងៃពុធ ទី២៥នេះ តទៅដើម្បីជាប្រតិកម្មចំពោះការដំឡើងប្រាក់ឈ្នួលការងារ ៩៥ដុល្លារ ដែលធ្វើឡើងដោយក្រសួងកាងារ នៅព្រឹកថ្ងៃអង្គារនេះដោយចាត់ទុកថាមិនអាចទ្រទ្រង់ជីវភាពបានឡើយ។តាមសេចក្តីសម្រេចរបស់ក្រសួងការងារនិង ស្ថាប័នពាក់ព័ន្ធដែលបានជួបប្រជុំជាមួយសហជីព នៅព្រឹកថ្ងៃអង្គារ បានសម្រេច ដំឡើងប្រាក់ឈ្នួលដល់កម្មកររោងចក្រកាត់ដេរក្នុងរយៈ១ឆ្នាំៗ ចាប់ពី១៥ដុល្លា ដល់១៧ដុល្លារ ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៨។ សេចក្ដីសម្រេចនេះបានបូកជាមួយប្រាក់ខែគោលមានស្រាប់ចំនួន៨០ដុល្លារ នៅឆ្នាំ២០១៤នេះ ដែលធ្វើឲ្យកម្មករអាចទទួលបានប្រាក់ខែគោលចំនួន៩៥ដុល្លារ ហើយរហូតដល់ឆ្នាំ២០១៨ ទើបកម្មករទទួលបានប្រាក់ខែគោល១៦០ដុល្លា។ ប៉ុន្តែសេចក្ដីសម្រេចនេះ បានធ្វើឲ្យមេដឹកនាំសហជីពមួយចំនួន សម្ដែងការខកចិត្ត ហើយព្រមានធ្វើការតវ៉ា ។ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ប្រាប់ VOD ថាលោកមានការខកចិត្តយ៉ាង ខ្លាំង ចំពោះសេចក្តីសម្រេចរបស់ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធខាងរោងចក្រដែលផ្តល់ ប្រាក់ឈ្នួលឲ្យកម្មករត្រឹម៩៥ដុល្លារនោះ។ លោកបន្តថា ករណីនេះកម្មករនឹងមិនអាច ទទួលយកបានឡើយ។ លោកព្រមានថា ចាប់ពីថ្ងៃស្អែកទៅលោកនឹងចុះតាមរោងចក្រដើម្បី ដឹកនាំធ្វើកូដកម្ម និងបាតុកម្ម ធ្វើរហូតដល់មានដំណោះស្រាយ។ប្រធានសហភាពសហជីពកម្ពុជារូបនេះ ឲ្យដឹងថា ការធ្វើបាតុកម្មឬកូដកម្មនោះ គឺដើម្បីឲ្យភាគីរោងចក្រ និងក្រសួងការងារផ្តល់ប្រាក់ឈ្នួល១៦០ដុល្លារឡើងទៅ គឺចាប់ពីខែ១ មករា ២០១៤នេះតទៅ ។ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅកាត់ថា ស៊ីខាឌូដែលមានកម្មករជាសមាជិក ជិត20ម៉ឺននាក់គឺលោក អាត់ ធន់ មានប្រសាសន៍ថា លោកនឹងធ្វើសំណើរមួយទៅកាន់ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធបន្តទៀត ដើម្បីជំរុញឲ្យមានការគិតគួរផ្តល់ប្រាក់ឈ្នួលដល់កម្មករ ឲ្យបានតាមការទាមទាររបស់សហជីពគឺ១៦០ដុល្លារ ។ ប៉ុន្តែលោកបានព្រមានថា ប្រសិនបើមិនមានការឆ្លើយតបភា្លមទេនោះ លោកនឹងដឹកនាំកម្មករធ្វើកូដកម្ម និងបាតុកម្ម ។មន្ត្រីកម្មវិធីសិទ្ធិការងាររបស់ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា មានប្រសាសន៍ថា ប្រសិនបើកម្មករផ្ទុះកូដកម្ម និងបាតុកម្មមែននោះ គឺវានឹងធ្វើឲ្យបាត់អត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងធ្ងន់ គឺមិនត្រឹមតែកម្មករទេ រួមទាំងខាងរោងចក្រ និងរដ្ឋាភិបាលផងដែរ ។ លោកចង់ឲ្យមានដំណោះស្រាយឆាប់ៗនេះ ។រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ថ្លែងក្រោយពេលប្រជុំថា ការសម្រេចរបស់ក្រុមប្រឹក្សាការងារគឺជាដំណើរការមួយឈានទៅរកការជួយ ជីវភាពកម្មករឲ្យល្អប្រសើរ គឺដំឡើងប្រាក់ខែគោលទៅតាមលទ្ធភាព។ភ្លាមៗបន្ទាប់ពីមានសេចក្តីសម្រេចថា កម្មករត្រូវបានដំឡើងប្រាក់ឈ្នួលឲ្យ៩៥ដុល្លារមានសេចក្តីរាយការណ៍ ឲ្យដឹងថា កម្មករនៅតាមរោងចក្រមួយចំនួនបាន ឈួរឆរក្នុងចិត្តរបស់ខ្លួនហើយអារម្មណ៍មិនអាចធ្វើការបាន ជាពិសេសកម្មករនៅតំបន់ពិសេសក្រុងបាវិតខេត្តស្វាយរៀងមានចំនួនជិត ៣០ ០០០នាក់ ដែលធ្វើកូដកម្ម មិនចូលធ្វើការជាច្រើនថ្ងៃមកនេះ បានសម្តែងកំហឹងព្រមៗគ្នា ដោយពួកគេប្រកាសថា នឹងធ្វើការតវ៉ាច្រើនថ្ងៃទៀត ។សូមជំរាបថា ប្រាក់ឈ្នួលកម្មករ នៅតាមរោងចក្រ នៅកម្ពុជា មាន80ដុល្លារ គឺធ្វើឡើងតាមសេចក្ដីសម្រេចមួយរបស់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ គឺមុនការបោះឆ្នោត ថ្ងៃ28កក្កដាចូលមកដល់ដែលកាលពីមុនមានជាង60ដុល្លារ ប៉ុន្តែប្រាក់ឈ្នួលបន្ថែមចុងក្រោយនេះ គឺ95ដុល្លារ ត្រូវបានសហជីពធំៗប្រកាសថា មានកម្រិតតិចជាងប្រទេសជិតខាងកម្ពុជាយ៉ាងខ្លាំង៕អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះផ្សាយថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣៕