• សហជីព​៖ កម្មករ​ផ្ទុះ​បាតុកម្ម​កាន់តែ​រាលដាល​ធំ និង​មានការ​បិទផ្លូវ​នៅថ្ងៃនេះ​

    • Issue Date 26-Dec-2013

    មន្ត្រី​សហជីព ឲ្យ​ដឹងថា កម្មករ​ផ្ទុះ​ការតវ៉ា​កាន់តែច្រើន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយមាន​កម្មករ​ប្រមាណ​ពី ៣០ ទៅ ៤០​ម៉ឺន​នាក់ ចូលរួម ខណៈដែល​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ដឹកនាំ​ការធ្វើ​បាតុកម្ម​នេះ​។​​បាតុកម្ម​ទ្រង់ទ្រាយ​ធំ បានចាប់ផ្តើម​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ រួមមាន ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ចាម កំពង់ឆ្នាំង និង​ខេត្តស្វាយរៀង​។​​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ កម្មករ​ជាង​១​ម៉ឺន​នាក់​មកពី​រោងចក្រ​ផ្សេងៗ​គ្នា ក្នុង​ខេត្តកំពង់ឆ្នាំង បាន​ជិះ​រថយន្ត​ហែរ​ក្បួន ជាមួយ លោក កឹម សុខា មក​ជុំគ្នា​នៅ​ខេត្តកំពង់ស្ពឺ ខណៈ​លោក សម រង្ស៊ី ដឹកនាំ​កម្មករ រោងចក្រ​ឃ្យូ​អឹម រោងចក្រ​សាំង​វូ និង​រោងចក្រ​សា​ព្រី​ណា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​។​​មន្ត្រី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ឃ្លាំមើល​សកម្មភាព​នេះ លោក ម៉ាន់ សេង​ហាក់ បាន​ឲ្យ​ដឹងថា រហូតមកដល់​ម៉ោង​៩​ព្រឹក កម្មករ​បាន​ដង្ហែ​ក្បួន​ទៅ​តំបន់​រោងចក្រ​ព្រៃ​ឡ នៅ​ជិត​ភ្នំ​ឧដ្ដុង ខេត្តកំពង់ស្ពឺ បន្ទាប់ពី​បាន​បិទផ្លូវ​ជាតិ​លេខ​៥​ជិត​២​ម៉ោង កាលពី​ព្រឹក​មិញ​នេះ ៖ “​ដោយសារ​តែមាន​សំនូមពរ​ពី​បងប្អូន​កម្មករ ឲ្យ​បាតុករ​ដែល​នៅ​រោងចក្រ​ផ្សេងៗ ទៅ​ជួយ​ផង អ​ញ្ជឹ​ង​បងប្អូន​ដែលជា​កម្មករ​នោះ គាត់​លឺ​អ​ញ្ជឹ​ង គាត់​ក៏​បបួលគ្នា​ទៅ ហើយក៏​នាំ​លោក កឹម សុខា ទៅជា​មួយ​ដែរ​”​។​​អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា មានប្រសាសន៍ថា មូលហេតុ​ដែល​គាត់​ចូលរួម​បាតុកម្ម​ជាមួយ​កម្មករ​នៅពេលនេះ ដោយសារ​មើលឃើញ​ពី​ស្ថានភាព​លំបាក​របស់​កម្ម​ករ​។ លោក​ថា ប្រាក់ខែ​១៦០​ដុល្លារ​នេះ គឺ​មិន​ច្រើន​នោះទេ រដ្ឋាភិបាល​គួរតែ​ដំឡើង​ឲ្យ​កម្មករ ហើយ​បើ​មិនមាន​លទ្ធភាព​ទេ សូម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ចេញពី​ដំណែង ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន ៖ “​ចំនុច​ទីមួយ​យើង​ឃើញថា ជីវភាព តម្លៃ​ទំនិញ នៅ​ស្រុក​ខ្មែរ​ថ្លៃ​ណាស់ ៩៥​ដុល្លារ​កម្មករ​មិនអាច​រស់​បានទេ នេះ​ជា​ចំនុច​សំខាន់ ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជីវភាព សេដ្ឋកិច្ច​នៅ​ស្រុក​ខ្មែរ ហើយ​ដែល​អស់លោក​មានបាន​គ្រប់គ្នា​នោះ អស់លោក​ដឹង​ហើយ តើ​លោក​ចាយ​ប៉ុន្មាន ហើយ​ឲ្យ​កម្មករ​ចាយ ៩៥​ដុល្លារ តើ​ចាយ​យ៉ាងម៉េច បញ្ហា​ភាពជាក់ស្តែង​។ បញ្ហា​ទី​២ យើង​ប្រៀបធៀប​ទៅនឹង​ប្រទេសជិតខាង សូម្បីតែ​ស្រុក​យួន ដែលជា​ស្រុក​កុ​ម្មុយ​និ​ស្ត​ក្តី ក៏​គេ​បាន ១៧០​ដុល្លារ​ជាង​ដែរ​”​។​​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជ​ជាណា​ចក្រ​កម្ពុជា លោក ជា មុនី មានប្រសាសន៍ថា នៅ​ថ្ងៃ នេះ​កម្មករ​មកពី​ខេត្ត​ចំនួន​៥ បាន​ផ្ទុះ​ការតវ៉ា ដោយ​ដង្ហែ​ក្បួន​តាម​ផ្លូវជាតិ​មួយចំនួន​។ លោក​ថា ថៅកែ​រោងចក្រ​ត្រូវតែ​វិល​មក​តុ​ចរចារ​វិញ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដល់ក​ម្មករ ៖ “​រីឯ​នៅ​ផ្លូវជាតិ​លេខ​១​នោះ វា​មាន​រោងចក្រ​ក្បាលកោះ ផ្តុំ​ក្បាល​គ្នា ជុំៗ​គ្នា​ទៅ​អ​ញ្ជឹ​ង​ផ្ទុះ​ទាំងអស់ រីឯ​នៅ​ផ្លូវជាតិ​លេខ​២​វិញ ម្តុំ​ចាក់អង្រែ​នេះ ផ្លូវជាតិ​លេខ​២១ ផ្ទុះ​បាតុកម្ម​ទាំងអស់ ជាទូទៅ​ផ្ទុះ​នេះ​គឺ​អហិង្សាៗ ប៉ុន្តែ​កម្មករ​នោះ គឺ​គាត់​ដើរទៅ​គោះទ្វារ តាម​បណ្តា​រោងចក្រ​តុ​កៗ​គ្នា​គាត់ គាត់​ប្រាប់ថា​ដល់ពេល​វេលា​ហើយ ទាមទារ​បៀវត្ស អ​ញ្ជឹ​ង​ថៅកែ​រោងចក្រ​ត្រូវតែ​វិល​មករក​តុ​ចរចា ជាការ​ប្រសើរ​”​។​​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា បាន​ឲ្យ​ដឹង​ដែរ​ថា កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត ខេត្តស្វាយរៀង នៅ​បន្ត​កូដកម្ម​ជាធម្មតា​។ លោក​ថា ដោយឡែក​កម្មករ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តៃសេង ប្រមាណ​១​ម៉ឺន​នាក់​បាន​បិទ​ច្រក​ផ្លូវចេញចូល​ក្នុង​តំបន់​នេះ មិន​ឲ្យ​ឡាន​ដឹកទំនិញ​ចេញចូល​នោះទេ​។​​គណៈកម្មការ​ប្រឹក្សា​ការងារ​កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៣ បានសម្រេច​ដំឡើង​ប្រាក់​ឈ្នូ​ល​អប្បបរមា ដែល​ត្រូវ​អនុវត្តតាម​គោលការណ៍​ដូចខាងក្រោម ៖ ពី​ឆ្នាំ​២០១៤ ដល់ ២០១៨ ដំឡើង​ពី​៨០​ដុល្លារ​ទៅ​១៦០​ដុល្លារ​សម្រាប់​កម្មករ​ពេញសិទ្ធិ និង​ពី​៧៥​ដុល្លារ​ទៅ​១៥៥​ដុល្លារ​សម្រាប់​កម្មករ​សាកល្បង​។ ឆ្នាំ​២០១៤ ប្រាក់​ឈ្នួល​ត្រូវបាន​ដំឡើង​ចំនួន​១៥​ដុល្លារ ឆ្នាំ​២០១៥ ត្រូវ​ដំឡើង​ចំនួន​១៥​ដុល្លារ ឆ្នាំ​២០១៦ ត្រូវ​ដំឡើង​ចំនួន​១៦​ដុល្លារ ឆ្នាំ​២០១៧ ត្រូវ​ដំឡើង​ចំនួន​១៧​ដុល្លារ និង​ឆ្នាំ​២០១៨ ត្រូវ​ដំឡើង​១៧​ដុល្លារ​៕​អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចុះផ្សាយ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៣៕