• អាជ្ញាធរ​បង្ក្រាប​ក្រុមកម្មករ នៅ​ផ្លូវជាតិ​លេខ​៤ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​និង​ស្រាល និង​មួយចំនួន​ត្រូវ​ចាប់ខ្លួន​

    • Issue Date 27-Dec-2013

    កម្មករ​ប្រមាណ ១០​នាក់ រងរបួស និង​មួយចំនួនទៀត ត្រូវបាន​ចាប់ខ្លួន ខណៈដែល​ពួកគេ​កំពុង​ហែ​ក្បួន​កូដកម្ម​ទៅកាន់​ក្រសួង​ការងារ ក្រសួង​សង្គមកិច្ច និង​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ចូលរួម​តវ៉ា​ទាមទារ​ការដំឡើង​ប្រាក់​ឈ្នួល​ពលកម្ម​ចំនួន ១៦០​ដុល្លារ​ក្នុង​មួយខែ និង​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ចុះ​ចេញពី​តំណែង​។​​ការបង្ក្រាប​នេះ ដែល​ក្រុម​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស អះអាងថា មាន​សមត្ថកិច្ច​ប្រមាណ ២០០០​នាក់​នោះ បាន​ធ្វើឡើង​នៅត្រង់ចំណុច​ថ្លឹង​រថយន្ត មុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​​លោក សល់ គឹម​សាន្ត មន្ត្រី​សហភាព​សហជីព​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា នៅមុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ផ្លូវជាតិ​លេខ​៤ មានការ​បាញ់កាំភ្លើង​ជាច្រើន​គ្រាប់ ដើម្បី​បំបែក​ក្រុមកម្មករ ដែល​កំពុង​ហែ​ក្បួន​ទៅកាន់​ក្រសួង​ការងារ និង​ក្រសួង​សង្គមកិច្ច ស្រប​ពេលដែល​ក្រសួង​ការងារ​បាន​កោះហៅ​មន្ត្រី​សហជីព និង​អ្នកពាក់ព័ន្ធ ជួបប្រជុំ​នៅ​រសៀល​នេះ​។ លោក​បន្តថា ក្នុងការ​បង្ក្រាប​នោះ មាន​កម្មករ​ប្រមាណ ១០​នាក់​រងរបួស​ធ្ងន់ និង​ស្រាល និង​មាន​មួយចំនួនទៀត​ត្រូវបាន​ចាប់ខ្លួន​។​​ចំណែក លោក ជាតិ វិបុល កម្មករ​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ភ្នំពេញ បាន​ឲ្យ​ដឹង​បន្ថែមថា រហូតមកដល់​ពេលនេះ កម្លាំង​សមត្ថកិច្ច​ជាច្រើន​រយ​នាក់ ប្រដាប់​ដោយ​ខែល និង​ដំបង បាន​នឹង​កំពុង​ព្យាយាម​តាម​បំបែក​កម្មករ ដែលមាន​ផ្ទះជួល​ជិតៗ​នោះ​ផងដែរ មិន​ឲ្យ​មានការ​ប្រមូល​ផ្តុំគ្នា​ដង្ហែ​ក្បួន​ទៅកាន់​ក្រសួង​ការងារ និង​ក្រសួង​សង្គមកិច្ច​ទេ​។​​វី​អូ​ឌី នៅ​ពុំទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ជុំវិញ​ករណីនេះ ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​នៅឡើយ​ទេ ហើយ​តាមម​ន្ត្រី​សិទ្ធិមនុស្ស សមត្ថកិច្ច​ជាច្រើន​នាក់ បាន​រងរបួស​ផងដែរ​ហេតុការណ៍​នេះ​។​​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី​២៤ ខែធ្នូ បានសម្រេច​ដំឡើង​ប្រាក់​ឈ្នួល​ដល់ក​ម្មករ​រោងចក្រ​កាត់ដេរ​ក្នុង​រយៈពេល​១​ឆ្នាំៗ ចាប់ពី​១៥​ដុល្លារ ដល់​១៧​ដុល្លារ ក្នុង​រយៈពេល​៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៨​។ សេចក្ដីសម្រេច​នេះ​បាន​បូក​ជាមួយ​ប្រាក់ខែ​គោល​មាន​ស្រាប់​ចំនួន​៨០​ដុល្លារ នៅ​ឆ្នាំ​២០១៤​នេះ ដែល​ធ្វើ​ឲ្យ​កម្មករ​អាច​ទទួលបាន​ប្រាក់ខែ​គោល​ចំនួន​៩៥​ដុល្លារ ហើយ​រហូតដល់​ឆ្នាំ​២០១៨ ទើប​កម្មករ​ទទួលបាន​ប្រាក់ខែ​គោល​១៦០​ដុល្លារ​។ ប៉ុន្តែ​សេចក្ដីសម្រេច​នេះ បានធ្វើ​ឲ្យ​មេដឹកនាំ​សហជីព​មួយចំនួន និង​កម្មករ​ស្ទើរ​ទូទាំងប្រទេស សម្ដែង​ការខកចិត្ត និង​បានធ្វើ​កូដកម្ម​រយៈពេល​បី​ថ្ងៃ​មកហើយ គិត​ត្រឹម​ថ្ងៃ​សុក្រ​នេះ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ចំនួន ១៦០​ដុល្លារ​៕​អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចុះផ្សាយ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៣៕