-
GMAC ដាក់បន្ទុកឲ្យសហជីពចំនួន៦ ទទួលខុសត្រូវរាល់ការខាតបង់ដោយសារកម្មករតវ៉ា
- Issue Date 30-Dec-2013
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) នៅថ្ងៃអាទិត្យនេះ ប្រកាសក្នុងលិខិតចំហមួយ ឲ្យសហជីពចំនួន៦ ត្រូវតែទទួលខុសត្រូវចំពោះការបាត់បង់ប្រាក់ឈ្នួល ការបាត់បង់ការងារ និងវិនិយោគនៅកម្ពុជា ដោយសារកម្មកររោងចក្រ ចេញមុខតវ៉ារឿងដំឡើងប្រាក់ឈ្នួលដល់ទៅ១៦០ដុល្លារក្នុងមួយខែ។សហជីពទាំង៦នោះ រួមមាន សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ របស់លោក អាត់ ធន់ ទី២ សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជារបស់លោក ជា មុន្នី ទី៣ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ទី៤ សម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ទី៥ សហព័ន្ធសហជីពជាតិ នៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជារបស់លោកស្រី ម៉ម ញឹម និងទី៦ សហព័ន្ធសហជីពកម្ពុជា របស់លោកស្រី យ៉ាង សោភ័ណ្ឌ។លិខិតចំហរបស់GMAC ឲ្យដឹងថា សមាគមចង់ឲ្យសហជីពការងារទាំង៦ និងក្រសួងការ ធានាសុវត្ថិភាពកម្មករ ដែលចង់ធ្វើការ ដើម្បីធានា និងការពារទ្រព្យសម្បត្តិក្រុមហ៊ុន។ លិខិតបន្តថា នៅពេលដែលលក្ខខណ្ឌនេះ ត្រូវបានបំពេញ GMAC នឹងរីករាយក្នុងការទទួលលិខិតអញ្ជើញសម្រាប់សមាជិកបន្តការងារផលិតកម្ម ហើយបន្ទាប់មកយើងនឹងអាចបន្តចូលរួមការពិភាក្សាទៅលើបញ្ហាដំឡើងប្រាក់ឈ្នួលជាបន្ត។GMAC បន្តថា ដោយសារការឈប់ធ្វើការរបស់កម្មករ និងការបិទរោងចក្រចាប់តាំងពីថ្ងៃទី២៥ខែធ្នូ សមាជិកGMAC ទងអស់ មិនអាចបំពេញតម្រូវការផលិតតាមកាលកំណត់ ដូច្នេះក្រុមហ៊ុនជាច្រើន នឹងត្រូវ ពិន័យ និងរងការពិន័យជាប្រាក់ពីអ្នកទិញ។ GMAC បន្តថា អ្វីដែលសំខាន់គឺ រោងចក្រ នឹងមិនទទួលបានលុយពីអ្នកទិញដោយសារការមិនបញ្ជូនផលិតផលទៅ។ ជាលទ្ធផលរោងចក្រភាគច្រើន ប្រហែលជាមិនមានលទ្ធភាពក្នុងការចំណាយប្រាក់ឈ្នួលដល់កម្មករប្រចាំថ្ងៃ។ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ របស់លោក អាត់ ធន់ មានប្រសាសន៍ថា នេះជាការចោទប្រកាន់របស់GMAC ដោយសារកម្មករចេញមុខតវ៉ាដោយខ្លួនឯង។ លោកបន្តថា GMAC តែងតែរុញស្ថានការណ៍បែបនេះ ហើយមិនដែលចេញមុខដោះ ស្រាយដោយស្មោះត្រង់ទេ។ក្រសួងការងារនៅថ្ងៃចន្ទ នឹងបើកកិច្ចពិភាក្សាជាមួយសហជីពទាំង៦ ដោយមានការចូលរួមពីដៃគូរពាក់ព័ន្ធនានា តាមការគ្រោងទុកនៅថ្ងៃចន្ទ ទី៣០ ខែធ្នូនេះ បើទោះបីជាមិនមានភាគីនិយោជក និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)ចូលរួមក្តី។សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី២៩ ខែធ្នូនេះ ឲ្យដឹងថា ក្រសួង សោកស្តាយចំពោះការ ប្រកាសមិនចូលរួមរបស់សមាគមរោងចក្រកាត់ដេរនៅ កម្ពុជា ក្នុងកិច្ចប្រជុំប្រាក់ឈ្នួលកម្មករ ការខូចខាត រួមនឹងផលប៉ះពាល់ដែលបង្ក ឡើងដោយការធ្វើបាតុកម្ម ហិង្សាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។យ៉ាងណាក៏ដោយ លិខិតក្រសួងការងារ សង្ឃឹមថា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា នឹងពិចារណាឡើងវិញ ចូលរួមកិច្ចភាក្សានៅថ្ងៃ ស្អែកនេះ ដើម្បីបញ្ចប់បាតុកម្មតវ៉ា ស្ថានសភាពការណ៍វិលមករកភាពប្រក្រតីវិញ ដើម្បីធានាដំណើរការអាជីវកម្មរបស់អ្នកវិនិយោគ និងរក្សាផលប្រយោជន៍របស់កម្មករ។ក្រសួងការងារ នឹងបន្តសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ អង្គការសហជីព អង្គការនិយោជក និងដៃគូពាក់ព័ន្ធនានា ដើម្បីថែរក្សាសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់រាល់សកម្មភាពញុះញង់បង្កអស្ថិរភាពនៅតាមតំបន់រោងចក្រសហគ្រាសនានា៕អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ(VOD) ចុះផ្សាយថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣៕