• មន្ត្រី​សិទ្ធិមនុស្ស​៖ ព្រះសង្ឃ​៥​អង្គ ត្រូវបាន​អាជ្ញាធរ​ចាប់​ផ្សឹក ដើម្បី​ចោទប្រកាន់ បន្ទាប់ពី​ផ្ទុះ​ហិង្សា​នៅមុខ​រោងចក្រ​យ៉ាក​ជី​ង​

    • Issue Date 02-Jan-2014

    ព្រះសង្ឃ​៥​អង្គ ដែល​អាជ្ញាធរ​ឃាត់​ព្រះកាយ ក្នុង​ហេតុការណ៍​ប៉ះទង្គិច​រវាង​ទ័ព​ឆ័​ត្រ​យោង​៩១១ និង​កម្មករ​នៅមុខ​រោងចក្រ​យ៉ាក​ជី​ង ត្រូវបាន​ផ្សឹក​ក្នុង​បន្ទាយទ័ព​ឆ័​ត្រ​យោង​នោះ នៅ​រសៀល​ថ្ងៃ​២​ខែមករា ដើម្បី​នាំខ្លួន​ទៅ​ស្នងការ​រាជធានី​ភ្នំពេញ​។​​លោក អំ សំអាត មន្ត្រី​ស៊ើបអង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ បាន​ឲ្យ​ដឹងថា នៅ​ម៉ោងជាង ៣​រសៀល​នេះ មន្ត្រី​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្យាយាម​សម្របសម្រួល​ជាមួយ​មេបញ្ជាការ​ទ័ព​ឆ័​ត្រ​យោង ៩១១ សុំ​ឲ្យ​មានការ​ដោះលែង​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មន្ត្រី​សហជីព ព្រះសង្ឃ និង​សកម្មជន​ដីធ្លី​ប្រមាណ​ជាង​១០​នាក់​នោះ​។​​លោក អំ សំអាត បាន​បង្ហើប​ឲ្យ​ដឹងថា ក្នុងចំណោម​អ្នក​ដែល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​នោះ មាន​ព្រះសង្ឃ​ចំនួន ៥​អង្គ ហើយ​ពេលនេះ​ត្រូវបាន​ចាប់​ផ្សឹក ដើម្បី​ត្រៀម​បញ្ជូន​ខ្លួន​ទៅកាន់​ស្នងការ​រាជធានី​ភ្នំពេញ​។​​បើតាម​ព័ត៌មាន​បឋម​ពី​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម ការពារ​សិទ្ធិមនុស្ស​កម្ពុជា មនុស្ស​ប្រមាណ​ជាង ១០​នាក់ ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ មានដូចជា លោក វ៉ន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (​រួមទាំង​ភរិយា​) លោក ថេ​ង សាវឿន អ្នកសំរបសំរួល​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា លោក ពុទ្ធិ​ស័​ក្កិ សហគមន៍​បឹងកក់ ព្រះសង្ឃ ៥​អង្គ និង​សហជីព​មួយចំនួនទៀត​។​​នៅ​ម៉ោង​ប្រមាណ ១២​ថ្ងៃ​ត្រង់នេះ មាន​ហិង្សា​មួយ​បានកើត​ឡើង​រវាង​កម្លាំង​ទ័ព​ឆ័​ត្រ​យោង​៩១១ ជាមួយនឹង​កម្មករ​រោងចក្រ​មួយចំនួន​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​សកម្មជន​សហជីព ព្រះសង្ឃ និង​កម្មករ រងរបួស​ធ្ងន់ និង​ស្រាល ហើយ​មួយចំនួនទៀត​ត្រូវបាន​ឃាត់ខ្លួន ក្រោម​ការ​ចោទថា​ញុះញង់​កម្មករ​តវ៉ា​ដោយ​ហិង្សា​ទៅលើ​រោងចក្រ​យ៉ាក​ជី​ង​។​​នៅ​ព្រឹក​មិញ​នេះដែរ តំណាង​កម្មករ​បីនាក់ ក៏​ត្រូវបាន​អាជ្ញាធរ​ឃាត់ខ្លួន​ផងដែរ នៅពេលដែល​ពួកគេ​ដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម ចេញពី​រោងចក្រ តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​ក្នុង​មួយខែ​៕ អត្តបទដកស្រង់ពីវិទ្យុសំលេងប្រជាធិបតេយ្យ VOD ចុះផ្សាយនៅថ្ងៃទី០២​ ខែមករា ឆ្នាំ២០១៤