• សហជីព​កម្មករ​ចំនួន​៩ ទុកពេល​បី​ថ្ងៃ​ឲ្យ​រាជរដ្ឋាភិបាល និង​និយោជក ដំ​ទ្បើង​ប្រាក់​ឈ្នួល​កម្មករ​ដល់​១៦០​ដុល្លារ​

    • Issue Date 02-Jan-2014

    សហជីព​កម្មករ​ចំនួន​៩ ព្រមាន​ធ្វើ​មហា​បាតុកម្ម​ទូទាំងប្រទេស ដោយ​ទុកពេល​ឲ្យ​រាជរដ្ឋាភិបាល និង​និយោជក បី​ថ្ងៃ ចាប់​ពីថ្ងៃ​ព្រហស្បតិ៍​នេះ​ទៅ ដើម្បី​ដោះស្រាយ​ការទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់ក​ម្មក​រ​ឲ្យ​បាន​១៦០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ​។​​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២ ខែមករា ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​(C-CAWDU) លោក អាត់ ធន់ មានប្រសាសន៍ថា កម្មករ​បាន​ផ្ទុះ​ការតវ៉ា​ដោយ​ខ្លួនឯង ហើយ​ប្រសិនបើ​និយោជក និង​រាជរដ្ឋាភិបាល​មិន​ធ្វើ​អន្តរាគមន៍​ក្នុង​រឿងនេះ​ទេ បាតុកម្ម​ទូទាំងប្រទេស​នឹង​កើត​ទ្បើង ដោយមាន​ទ្រង់ទ្រាយ​ធំ​ជាង​លើក​នេះ​ទៅទៀត ៖​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​របស់លោក ប៉ាវ ស៊ីណា រិះគន់ថា កន្លងមក​រាជរដ្ឋាភិបាល បានដាក់​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះបង្ក្រាប​ក្រុម​សហជីព​ឯករាជ្យ ដែល​ទាមទារ​សិទ្ធិ​ជូន​កម្មករ​។ លោក ថា ប៉ុន្តែ​ទោះយ៉ាងណា ក្រុម​សហជីព​កម្មករ​មិន​រាថយ​ទេ ពីព្រោះ​ការតវ៉ា​ទាំងនោះ ធ្វើឡើង​ស្របតាម​ច្បាប់​។ លោក​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​បញ្ឈប់​ស​កម្ម​ភាព​គំរាមកំហែង​ទាំងនោះ និង​ព្យាយាម​ដោះស្រាយ​ការទាមទារ​របស់​កម្ម​ករ។​កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៣ ក្រសួង​ការងារ បានចេញ​សេចក្តីប្រកាស​ពី​ការ​ដំ​ទ្បើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ​-​និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ និង​ដេរ​ស្បែកជើង ពី​៨០​ដុល្លារ​អាមេរិក ដល់​១០០​ដុល្លារ​អាមេរិក ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០១៤ ដោយ​បន្ថែម​លើ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ដែលមាន​ស្រាប់​។​​ប្រធាន​សហព័ន្ធ​សហជីព​នៃ​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​កាត់ដេរ​កម្ពុជា លោកស្រី ម៉ម ញឹម ប្តេជ្ញា​ថា​នឹង តស៊ូ​ដាច់ខាត​ឲ្យ​កម្មករ​ទទួលបាន​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​អាមេរិក បើទោះបីជា​កន្លងមក មាន​ក្រុម​ខិលខូច​មួយចំនួន​លួច​ធ្វើ​សកម្មភាព​មិនល្អ ដើម្បី​ទម្លាក់កំហុស​ដាក់​សហជីព​ឯករាជ្យ​ក៏ដោយ​។​​អ្នកនាំពាក្យ​ប្រ​សួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ មិន​ខ្វល់​នឹង​ការព្រមាន​របស់​ក្រុម​សហជីព​នោះទេ​។ លោក​ថា រាជរដ្ឋាភិបាល​បានធ្វើ​អ្វីដែល​ខ្លួន​បានធ្វើ​រួចហើយ​។ លោក​ស្នើ​ឲ្យ​ក្រុម​សហជីព​ទាំងអស់ មុនពេល​ធ្វើ​សកម្មភាព​របស់ខ្លួន ត្រូវ​គិតគូរ​ឲ្យ​បានច្បាស់លាស់ ធ្វើយ៉ាងណា​កុំ​ឲ្យ​ប្រាស់ចាក​ទៅនឹង​ច្បាប់។អត្តបទដកស្រង់ពីវិទ្យុសំលេងប្រជាធិបតេយ្យ VOD ចុះផ្សាយនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤