-
កម្មករ ៤នាក់ស្លាប់ និង១១នាក់ចាប់ខ្លួន ក្នុងការប៉ះទង្គិចជាមួយសមត្ថកិច្ចនៅផ្លូវវ៉េងស្រេង
- Issue Date 03-Jan-2014
យ៉ាងហោចណាស់ កម្មករ៤នាក់ត្រូវបានរាយការន៍មកថាស្លាប់ ៣០នាក់រងរបួស និង១១នាក់ទៀតត្រូវបានបញ្ជូនខ្លួនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ខណៈកម្លាំងសមត្ថកិច្ចបង្ក្រាបទៅលើក្រុមកម្មករ ដែលធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលគោល ១៦០ដុល្លារ នៅសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ការប៉ះទង្គិចគ្នារវាងកម្លាំងសមត្ថកិច្ច និងកម្មករមកពីរោងចក្រនានា នៅរាជធានីភ្នំពេញ បានកើតចាប់តាំងពីម៉ោង១០ព្រឹកថ្ងៃសុក្រនេះ ហើយបានឈានទៅដល់ការបាញ់រះមកលើកម្មករ បណ្តាលឲ្យកម្មករ៤នាក់ស្លាប់ និង៣០នាក់រងរបួសធ្ងន់និងស្រាល និង១១នាក់ទៀតត្រូវបានចាប់ខ្លួនបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ជាមួយគ្នានោះដែរ អ្នកសារព័ត៌មាន ត្រូវបានហាមមិនឲ្យថតរូប ហើយសូម្បីប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះ ក៏រងការបាញ់បណ្តេញចេញពីទីនោះផងដែរ។រហូតមកដល់ម៉ោងជាង៣រសៀលនេះ ស្ថានការណ៍បានស្ងប់ស្ងាត់បន្តិច ដោយកម្លាំងសមត្ថកិច្ចបានគ្រប់គ្រងតំបន់នោះ ហើយក្រុមកម្មករបានបំបែកគ្នាជាបណ្តើរៗ ចេញពីមុខសួនឧស្សាហកម្មកាណាឌីយ៉ា៕ អត្តបទដកស្រង់ពីវិទ្យុសំលេងប្រជាធិបតេយ្យ VOD ចុះផ្សាយនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤