• កម្លាំង​សមត្ថកិច្ច​បំបែក​ក្រុម​អ្នក​ហ៊ុមព័ទ្ធ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​នេះ​

    • Issue Date 03-Jan-2014

    កម្លាំង​សមត្ថកិច្ច​ជាច្រើន​រយ​នាក់ នៅ​ម៉ោងជាង​២​រសៀល​នេះ បាន​បំបែក​ទៅលើ​ក្រុម​ប្រជាពលរដ្ឋ សហជីព និង​ព្រះសង្ឃ ដែល​បាន​ហ៊ុមព័ទ្ធ​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងនោះ​រត់​បែកខ្ញែក​គ្នា​។​​សេចក្តីរាយការណ៍​ពីមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ប្រមាណ​ជា​៣០០​នាក់ ដែល​បាន​ហ៊ុមព័ទ្ធ​តុលាការ​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​នេះ ដើម្បី​ឲ្យ​មានការ​ដោះលែង​សកម្មជន​សង្គម​ស៊ីវិល និង​សហជីព​១០​នាក់ ត្រូវបាន​កងកម្លាំង​សមត្ថកិច្ច​បាន​បំបែក​នៅ​ម៉ោង​ប្រហែល​ជាង​២​រសៀល​ថ្ងៃនេះ​។សេចក្តីរាយការណ៍​បាន​បន្ថែមថា តំបន់​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ ពោរពេញ​ទៅដោយ​កង​សមត្ថកិច្ច​រាប់រយ​នាក់ ខណៈដែល​ប្រជាពលរដ្ឋ ដែល​មក​ហ៊ុមព័ទ្ធ​ផ្លូវ​បាន​រត់​បែក​គ្នា​ជា​ដុំៗ​។​​ក្នុងការ​បំបែក​ក្រុម​តវ៉ា​នោះ ពុំមាន​សេចក្តីរាយការណ៍​ថា​មាន​នរណាម្នាក់​រងរបួស​នោះទេ ប៉ុន្តែ​គេ​សង្កេតឃើញ​មាន​ម៉ូតូ​កង់​បី​មួយគ្រឿង ត្រូវបាន​បំផ្លាញ​នៅមុខ​សាលាដំបូង​។ចំណែក​ស្លាក​សញ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវបាន​ក្រុម​ប្រជាពលរដ្ឋ សហជីព និង​ព្រះសង្ឃ យក​ក្រដាសប្រាក់​ដុល្លារ​ក្លែងក្លាយ​ទៅ​បិទ និង​សរសេរ​ពាក្យ "​អយុត្តិធម៌​ណាស់​!"​។​​គោលបំណង​ដែល​ប្រជាពលរដ្ឋ​ទៅ​ហ៊ុន​ព័ទ្ធ​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ គឺ​ទាមទារ​ឲ្យ​ដោះលែង​ជន​ទាំង​១០​នាក់ ដែល​ក្នុងនោះ​មាន លោក​វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ថេ​ង សាវឿន អ្នកសម្របសម្រួល​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា លោក ពុទ្ធិ​ស័​ក្កិ ប្រជា​សហគមន៍​បឹងកក់ និង​សកម្មជន​សហជីព មួយចំនួនទៀត​។ពួកគេ​ទាំង​១០​នាក់ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ខណៈដែល​ពួកគេ​ចូលរួម​តវ៉ា​ជាមួយ​កម្មករ​នៅ​រោងចក្រ​ក្នុង​តំបន់ សេដ្ឋកិច្ច​ភ្នំពេញ ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​បាន​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​ទ័ព​ឆត្រយោង​៩១១ មុខ​រោងចក្រ​យ៉ាក​ជីន​។ក្នុង​ហេតុការណ៍​នោះបាន​បណ្តាល​ឲ្យ​កម្មករ និង​ព្រះសង្ឃ​ជាច្រើន​អង្គ​/​នាក់​រងរបួស ហើយ​ព្រះសង្ឃ​ចំនួន ៥​អង្គ​ត្រូវបាន​ឃាត់​ព្រះកាយ​ជាង​១០​ម៉ោង ទើប​មានការ​ដោះលែង​៕ អត្តបទដកស្រង់ពីវិទ្យុសំលេងប្រជាធិបតេយ្យ VOD ចុះផ្សាយនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤