• ព្រះសង្ឃ និង​សកម្មជន​សិទ្ធិមនុស្ស ដែល​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​ខេត្តព្រះវិហារ ត្រូវបាន​ដោះលែង​

    • Issue Date 03-Jan-2014

    ព្រះសង្ឃ​ចំនួន​ពីរ​អង្គ និង​សកម្មជន​សិទ្ធិមនុស្ស​បី​រូប​ទៀត ដែល​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​ខេត្ដ​ព្រះវិហារ កាលពី​ម្សិលមិញ ត្រូវបាន​ដោះលែង​វិញ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បន្ទាប់ពី​មាន​អន្ដរាគមន៍​ពី​ពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល និង​មេធាវី​ការពារ​។​​មន្ដ្រី​ការពារ​សិទ្ធ​លំនៅឋាន​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់ សម្រាប់​សហគមន៍ CLEC លោក ប៊ូ ពៅ ដែល​ត្រូវបាន​ដោះលែង ប្រាប់​VOD​ថា ព្រះសង្ឃ​ពីរ​ព្រះអង្គ និង​មន្ដ្រី​របស់លោក​ពីរ​នាក់​ទៀត ត្រូវបាន​ដោះលែង នៅ​ម៉ោង​ជិត​១០​ព្រឹក​ថ្ងៃនេះ បន្ទាប់ពី​មាន​មេធាវី​ការពារ​ក្តី និង​មាន​ជួយ​អន្ដរាគមន៍ ពី​ពលរដ្ឋ​ជនជាតិ​គួ​យ និង​អង្គការ​សង្គម​ស៊ីវិល​។ លោក​ថា លោក​ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន​អស់​មួយ​យប់ ដោយ​ចោទថា ញុះញង់​ពលរដ្ឋ​ឲ្យ​មាន​ចលាចល និង​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្ដិសុខ​ជាតិ ៖​ចំណែក ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ មាន​ថេរៈ​ដីកា​ថា ការឃាត់​ព្រះកាយ​ព្រះអង្គ និង​បុគ្គលិក​អង្គការ នោះ​ជាការ​រំលោភ​សិទ្ធិពលរ​ដ្ឋ ដោយ​គ្រាន់តែ ពួកគាត់​សំណេះសំណាល និង​សួរសុខទុក្ខ​ពលរដ្ឋ ខណៈ​ពលរដ្ឋ រង​ការរំលោភ​ដីធ្លី ពី​ក្រុមហ៊ុន​ចិន​នៅ​តំបន់​នោះ​។ព្រះអង្គ​បន្ដថា សមត្ថកិច្ច​បាន​ប្រើ​អាវុធ​ភ្ជង់​ព្រះអង្គ ហើយ​ឃាត់​ព្រះកាយ​ព្រះអង្គ អស់​ជាច្រើន​ម៉ោង ៖VOD មិនអាច​ទាក់ទង​ស្នងការ​នគរបាល ខេត្ដ​ព្រះវិហារ លោក ស៊ី ការី ដើម្បី​បំភ្លឺ​ពី​ការឃាត់​ខ្លួ​សកម្មជន​សិទ្ធិមនុស្ស និង​ព្រះសង្ឃ​នោះបានទេ ដោយ​ទទួល​ទូរស័ព្ទ​ហើយ ផ្ដាច់​ទៅវិញ បន្ទាប់ពី​សាកសួរ​ពី​រឿងនេះ​។​​អ្នកសម្របសម្រួល​សមា​គម​អាដហុក ប្រចាំ​ខេត្ដ​ព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា ទង្វើ​របស់​សមត្ថកិច្ច​នៃ​ការឃាត់ខ្លួន​នេះ ជា​ករណី​ខុសច្បាប់ និង​រំលោភ​សិទ្ធិមនុស្ស​។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​គំរាមកំហែង​ពលរដ្ឋ ដែល​មិនមាន​កំហុស និង​ជំរុញ​ឲ្យ​ជួយ​ដោះស្រាយ​ជំលោះ​ដីធ្លី​ពលរដ្ឋ​ប្រសើរ​ជាង​ប្រើ​ហឹ​ង្សា​។​​កាលពី​រសៀល​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៤ សមត្ថកិច្ច​ខេត្ដ​ព្រះវិហារ ប្រមាណ​ជាង​៥០​នាក់​ប្រដាប់​ដោយ​អាវុធ បាន​ប្រើ​កាំភ្លើង​ភ្ជង់ ឃាត់ខ្លួន​បុគ្គលិក​អង្គការ​ចំនួន​៣​រូប និង​ព្រះសង្ឃ​ពីរ​ព្រះអង្គ បន្ទាប់ពី​ពួកគេ ចេញពី​សំណេះសំណាល និង​សួរសុខទុក្ខ​ពលរដ្ឋ​ជនជាតិ​គួ​យ ដែល​តវ៉ា​រឿង​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ចិន ឡាន​ហ្វេ​ង ក្នុងស្រុក​ត្បែងមានជ័យ ខេត្ដ​ព្រះវិហារ​។​​ព្រះសង្ឃ​ដែល​ត្រូវ​ឃាត់​ព្រះកាយ​នោះ ព្រះនាម ប៊ុត ប៊ុន​ទិញ និង​ព្រះនាម ណា​ម ចាន់​ថេ​ន និង​បុ​គ្គិល មជ្ឈមណ្ឌល​អប់រំ​ច្បាប់ សម្រាប់​សហគមន៍ បី​រូប​ទៀត មាន លោក ប៊ូ ពៅ លោក ឯម សា​រ៉ុ​ម និង លោក ឆេន សំបូរ​៕អត្តបទដកស្រង់ពីវិទ្យុសំលេងប្រជាធិបតេយ្យ VOD ចុះផ្សាយនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤