-
សង្គមស៊ីវិល និងអ្នកវិភាគថាការប្រើយោធាបង្ក្រាបបាតុកម្មផ្ទុយនឹងគោលការណ៍គ្រប់គ្រងរដ្ឋ
- Issue Date 03-Jan-2014
សង្គមស៊ីវិល និងអ្នកវិភាគ យល់ឃើញថា ការបង្ក្រាប ដោយកម្លាំងទ័ពឆ័ត្រយោង ទៅលើការតវ៉ានៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ គឺផ្ទុយទៅនឹងគោលការណ៍គ្រប់គ្រងរដ្ឋ។ការបន្តទាមទារដំឡើងប្រាក់ឈ្នួលគោល១៦០ដុល្លារ ត្រូវបានកងពលតូចទ័ពពិសេសឆ័ត្រយោង ៩១១ ដែលដាក់ការពារ នៅមុខរោងចក្រយ៉ាកជីង បានវាយបង្ក្រាបបែកក្បាលលោក វន់ ពៅ និងចាប់ខ្លួន កម្មករ សកម្មជនដីធ្លី មន្ត្រីសហជីព ព្រះសង្ឃ៥អង្គទៀត ។លេខាប្រតិបត្តិនៃ នៃគណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHARC) លោក សួន ប៊ុនស័ក្តិ មានប្រសាសន៍ថា ចំណាត់ការរបស់រដ្ឋាភិបាលទៅ លើក្រុមបាតុករនៅពេលនេះ គឺកំពុងដើរផ្ទុយ ទៅនឹងគោលការណ៍គ្រប់គ្រងរដ្ឋ។លោកថា ការប្រើប្រាស់កំលាំងទ័ព លុះត្រាតែមានខ្មាំងសត្រូវចូលឈ្លានពានទឹកដី គឺមិនមែនយកមកបង្ក្រាបលើក្រុមបាតុករទាមទារប្រាក់ឈ្នួលដោយសន្តិវិធីនោះទេ ៖អ្នកវិភាគនយោបាយលោក បណ្ឌិត សុខ ទូច បញ្ជាក់ថា ការប្រើកម្លាំងទ័ពបង្ក្រាបជាជម្រើសចុងក្រោយរបស់អ្នកនយោបាយ តែករណីបាតុកម្មកាលពីម្សិលមិញ មិនមែនជាដំណាក់កាលចុងក្រោយនោះទេ។លោកថា រដ្ឋាភិបាលគួរប្រើកម្លាំងរបស់ក្រសួងមហាផ្ទៃ និងកម្លាំងប៉េអឹម ព្រោះពួកគេទទួលបានការអប់រំពីរបៀបបង្ក្រាបបាតុកម្មកូដកម្ម និងមានភារៈកិច្ចក្នុងការដោះស្រាយបញ្ហាទាំងនេះ ៖ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ(LICADHO) លោកស្រី ពង់ ឈីវកេក បានឲ្យដឹងដែរថា រដ្ឋាភិបាលកម្ពុជា បានចុះសន្ធិសញ្ញាលើច្បាប់អន្តរជាតិមួយចំនួន ស្តីពីការគោរពសិទ្ធិមនុស្ស និងសេរីភាពនៃការបញ្ចេញមតិ តែរដ្ឋាភិបាលកម្ពុជានេះហាក់មិនទាន់អនុវត្តន៍ឲ្យបានប្រសើរទេ។លោកស្រី អំពាវនាវឲ្យរដ្ឋាភិបាលដោះលែង មនុស្សដែលបានចាប់ខ្លួនទាំងនោះមកវិញ ដោយគ្មានលក្ខខណ្ឌ។អតីតសហរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ញឹក ប៊ុនឆៃ បានបកស្រាយថា តួនាទីរបស់កងទ័ព គឺត្រូវការពារជាតិ ការពារបូរណៈភាពទឹកដី និងផ្តល់ជំនួយពេលជាតិត្រូវការជំនួយមនុស្សធម៌ គឺមិនមែនសម្រាប់បង្ក្រាបបាតុកម្មនោះទេ។ លោកថា កងកំលាំងទាំងនោះ គឺបានរៀនពីយុទ្ធសាស្ត្រធ្វើសង្គ្រាម ដោយមានបញ្ជូលពីច្បាប់សិទ្ធិមនុស្ស គឺមិនជំនាញបង្ក្រាបបាតុកម្មទេ ៖ លោក ញឹក ប៊ុនឆៃ បន្ថែមថា រដ្ឋាភិបាលអាចប្រើកងកម្លាំងទាហានបាន លុះត្រាតែ មានហិង្សាខ្លាំង ឈានដល់ការដុតបំផ្លាញ ឬក៏ហិង្សាណាមួយដែលកម្លាំងប៉េអឹម និងនគរបាលមិនអាចទប់ទល់បាន ឬកម្លាំងទាំងនោះនៅឆ្ងាយ ហើយកងទ័ពនៅជិតកន្លែងកើតហេតុជាង។ក្រុមសង្គមស៊ីវិល និងអ្នកច្បាប់មួយចំនួន បានទម្លាក់ការទទួលខុសត្រូវនៃវាយបង្ក្រាបនេះ ទៅលើរដ្ឋាភិបាល ហើយបញ្ជាក់ថា អ្នកដឹកនាំការបង្ក្រាបនេះនឹងត្រូវទទួលទោសតាមច្បាប់ជាតិ និងអន្តរជាតិនៅពេលខាងមុខ៕ អត្តបទដកស្រង់ពីវិទ្យុសំលេងប្រជាធិបតេយ្យ VOD ចុះផ្សាយនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤