-
ពលករខ្មែរនៅកូរ៉េខាងត្បូងគ្រោងធ្វើបាតុកម្មនៅក្រុងសេអ៊ូល
- Issue Date 13-Jan-2014
ក្រុមពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូង គ្រោងនឹងប្រមូលផ្តុំគ្នាធ្វើបាតុកម្មក្នុងទីក្រុងសេអ៊ូលនៅចុងសប្តាហ៍នេះដើម្បីប្រឆាំងនឹងការបង្ក្រាបផ្តាច់ផ្តិលជីវិតលើកម្មកររោងចក្រក្នុងប្រទេសកម្ពុជាពីសំណាក់ក្រុមអាជ្ញាធររដ្ឋាភិបាលកម្ពុជា។ក្រុមពលករទាំងនោះនឹងដាក់ញតិ្តទៅកាន់រដ្ឋាភិបាលនិងអង្គការអន្តរជាតិនានាដើម្បីបញ្ចប់អំពើហិង្សានោះផងដែរ។ពលករខ្មែរប្រមាណ១.០០០នាក់នឹងប្រមូលផ្តុំគ្នានៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យក្នុងទីក្រុងសេអ៊ូលដើម្បីធ្វើបាតុកម្មប្រឆាំងនឹងការបង្ក្រាបកម្មកររោងចក្រក្នុងប្រទេសកម្ពុជា ដោយថែមទាំងអំពាវនាវឲ្យមានការទទួលខុសត្រូវ និងស៊ើប អង្កេតចំពោះអំពើហិង្សានោះផងដែរ។នេះជាការអះអាងរបស់លោកយឹម ស៊ីណន អ្នករៀបចំបាតុកម្មម្នាក់ និងជាតំណាងកម្មករម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូងដែលបានថ្លែងប្រាប់វីអូអេតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍។«សម្រាប់ការធ្វើបាតុកម្មនៅប្រទេសកូរ៉េ ក្នុងក្រុងសេអ៊ូលនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យនេះគឺគោលបំណងរបស់កម្មករនៅក្នុងប្រទេសកូរ៉េទាំងអស់គឺគាត់មានបំណងចង់ធ្វើបាតុកម្មអហិង្សាមួយដើម្បីទាមទារឲ្យអ្នកដឹកនាំគណបក្សប្រជាជនកម្ពុជាធ្វើការស៊ើបអង្កេតនិងទទួលខុសត្រូវទៅលើបញ្ហាដែលបានកើតឡើងនូវការបាញ់បង្ក្រាបដោយកងកម្លាំងមានសមត្ថកិច្ចរបស់រដ្ឋាភិបាលទៅលើកម្មករដែលគ្រាន់តែទាមទារប្រាក់ខែ១៦០ដុល្លារនោះ»។ក្រៅពីដាក់ញត្តិជូនដល់រដ្ឋាភិបាល ក្រុមពលករនឹងដាក់ញតិ្តទៅអង្គការពលកម្ម អន្តរជាតិដើម្បីឲ្យដឹងថា មានអំពើរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរក្នុងប្រទេសកម្ពុជា និងដាក់ញតិ្តឲ្យមានការស៊ើបអង្កេតលើអំពើពុករលួយក្នុងស្ថានទូតខ្មែរក្នុង ប្រទេសកូរ៉េខាងត្បូង។គ្មានការចាប់ខ្លួនអ្នកបាញ់សម្លាប់កម្មករទាំងនោះទេ តែក្រុមមេដឹកនាំគណបក្ស ជំទាស់ត្រូវតុលាការចោទប្រកាន់ដោយសង្ស័យថា ជាអ្នកញុះញង់ឲ្យមានអំពើ ហិង្សា។គណបក្សជំទាស់បដិសេធការចោទប្រកាន់នោះ ហើយប្តេជា្ញថា នឹងទៅបំភ្លឺនៅតុលាការនៅព្រឹកថ្ងៃទី១៤មករា។កម្មកររោងចក្រយ៉ាងតិចប្រាំនាក់ត្រូវក្រុមអាជ្ញាធរបាញ់សម្លាប់ ៤០នាក់រងរបួស និងយ៉ាងតិច១៦នាក់ត្រូវចាប់ឃុំខ្លួន ក្នុងពេលដែលកងយោធា និងអាជ្ញាធរកម្ពុជាបានបង្ក្រាបកាលពីចុងសប្តាហ៍កន្លងទៅ នៅពេលពួកគេកំពុងទាមទារដោយអហិង្សាសុំឲ្យមានការដំឡើងប្រាក់ខែពី៨០ដុល្លារដល់១៦០ដុល្លារស.រ.អា.។នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមពលករខ្មែរក្នុងប្រទេសកូរ៉េ ដែលវីអូអេទទួលបាន បានបញ្ជាក់ថា ពួកគេមិនអាចបិទភ្នែកមើលការរំលោភសិទ្ធិកម្មករនិងសិទ្ធិមនុស្សបានទេ។សេចក្តីប្រកាសព័ត៌មាននោះបានអំពាវនាវឲ្យពលករខ្មែរក្នុងប្រទេសកូរ៉េចូលរួមបាតុកម្មឲ្យបានច្រើន។ ក្រុមអ្នករៀបចំបាតុកម្មបាននិយាយថា បាតុកម្មរបស់ពលករខ្មែរនេះក៏នឹងត្រូវចូលរួមដោយសហព័ន្ធសហជីពកូរ៉េដែលមិនពេញចិត្តនឹងការបង្ក្រាបរបស់អាជ្ញាធរកម្ពុជាលើកម្មករខ្មែរផងដែរ។ក្រុមពលរដ្ឋខ្មែរនិងគណបក្សសង្គ្រោះជាតិក្នុងក្រុងស៊ៀអាថល រដ្ឋវ៉ាស៊ីនតោន ក៏បានធ្វើបាតុកម្មនៅថ្ងៃព្រហស្បតិ៍នេះដែរ ដើម្បីប្រឆាំងនឹងការបង្ក្រាបដោយ ហិង្សាលើកម្មករខ្មែរនោះ៕ដកស្រង់ចេញពីវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA)ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤។