• ពលរដ្ឋ​តវ៉ា​មុខ​ការិយាល័យ​អ​.​ស​.​ប​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់ឃុំ​២៣​នាក់​

    • Issue Date 13-Jan-2014

    ក្រុមអ្នកតវ៉ា​ប្រមាណ ១០០​នាក់ នៅ​ថ្ងៃទី​១៣ មករា បាននាំគ្នា​តវ៉ា​មុខ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់ឃុំ ២៣​នាក់ នៅ​គុក​ត្រពាំង​ផ្លុ​ង ខេត្តកំពង់ចាម​។​​អ្នក​តវ៉ា​ទាំងនោះ​មាន​តំណាង​សហជីព​នានា រួមទាំង​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ការ​រឹបអូស​យក​ដីធ្លី​នៅ​បឹងកក់ និង​បុរី​កីឡា បាន​ស្រែក​ទាមទារ​នៅមុខ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ ហើយ​បានដាក់​ញត្តិ​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់ឃុំ​ចំនួន ២៣​នាក់ នៅ​គុក​ត្រពាំង​ផ្លុ​ង​។​​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ លោក សុរិយា ស៊ូ​ប៊ែ​ឌី (Surya Subedi) បាន​ចេញមក​ទទួល​ញ​ត្តិ​ហើយ​បាន​ប្រាប់​ក្រុមអ្នកតវ៉ា​ថា នឹង​យក​សំណើ​នេះ​ទៅ​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​។​​ស្របពេល​នេះដែរ នៅ​ថ្ងៃ​ដដែល​នេះ មាន​អង្គការ​មិនមែន​រដ្ឋាភិបាល​និង​សមាគម​ចំនួន ៦៥ បានធ្វើ​សន្និសីទកាសែត​មួយ​នៅ​រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ជាប់ឃុំ​ចំនួន ២៣​នាក់​ជាបន្ទាន់​និង​ដោយ​ឥត​លក្ខខណ្ឌ​។សង្គម​ស៊ីវិល​ក៏បាន​សុំ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មាធិកា​រ​ឯករាជ្យ​មួយ បើក​ការស៊ើបអង្កេត​ដើម្បី​ចាប់​ជនដៃដល់​ដែល​បាញ់ប្រហារ​លើ​ក្រុមបាតុករ​ធ្វើបាតុកម្ម​ទាមទារ​ប្រាក់​ខែ​គោល​កាលពី​ថ្ងៃទី​២ និង​ទី​៣ មករា ឆ្នាំ​២០១៤ នៅ​ជាយ​រាជធានី​ភ្នំពេញ បណ្ដាល​ឲ្យ​កម្មករ​យ៉ាងហោចណាស់ ៤​នាក់​ស្លាប់ ជិត ៤០​នាក់​រងរបួស ព្រមទាំង ២៣​នាក់​ផ្សេងទៀត​ត្រូវបាន​ចាប់ខ្លួន​ដាក់គុក​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្តកំពង់ចាម ជាប់​ព្រំដែន​វៀតណាម​។​​ដកស្រង់​ចេញពី វិទ្យុ​អាស៊ីសេរី (RFA) ចុះ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៤​។