• ប្រជាជន​ប្រមាណ​១​ម៉ឺន​នាក់​ប្រមូលផ្តុំ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​នេះ​

    • Issue Date 14-Jan-2014

    ប្រជាជន​មកពី​តាម​បណ្តា​ខេត្ត និង​នៅ​រាជធានី​ភ្នំពេញ​ប្រមាណ​១​ម៉ឺន​នាក់​បាន​ប្រមូលផ្តុំ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដើម្បី​រង់ចាំ​ស្តាប់​លទ្ធផល​នៃ​ការចូល​បំភ្លឺ​របស់លោក សម រង្ស៊ី លោក កឹម សុខា និង​លោក រ៉ុង ឈុន​។​​ប្រជាជន​មកពី​តាម​បណ្តា​ខេត្ត និង​នៅ​រាជធានី​ភ្នំពេញ​បាន​ប្រមូលផ្តុំ​កកកុញ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាប់ពី​ចំណុច​ស្តុ​ប​អាងទឹក​ដល់​ស្តុ​ប​នាង​គង់​ហ៊ីង ដែល​ចាប់ពី​ម៉ោង​៩​ព្រឹក​។ឡាន ឬ​ម៉ូតូ​មិន​អាចធ្វើ​ចរាចរណ៍​ឆ្លងកាត់​ទីនោះ​បានទេ​។​​ប្រជាជន​ដែល​ប្រមូលផ្តុំ​នោះ បាន​លើក​បដា សរសេរថា អក្សរ​ថា លោក សម រង្ស៊ី លោក កឹម សុខា និង លោក រ៉ុង ឈុន មិនបាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​កាន់​របស់​តុលាការ​ទេ ហើយក៏​មាន​បដា​ខ្លះ​សរសេរថា​«​ពួកយើង​ត្រូវការ​តុលាការ​ឯករាជ្យ​»​។​​ទន្ទឹមនឹង​ចំនួន​ប្រជាជន​កកកុញ​នោះ កម្លាំង​សមត្ថកិច្ច​មាន​ប្រមាណ​តែ​១០០​នាក់​ទេ ដែល​នៅចាំ​ជួយ​សម្របសម្រួល​សន្តិសុខ​។ តែ​នៅក្នុង​បរិវេណ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក មាន​កម្លាំង​សមត្ថកិច្ច​មួយចំនួនទៀត​ដាក់​ប្រចាំ​នៅក្នុង​នោះ​។​​រហូតដល់​ម៉ោង​ជិត​១០​នេះ មិនទាន់មាន​ព័ត៌មាន​ពី​ការប៉ះទង្គិច​រវាង​សមត្ថកិច្ច និង ប្រជាជន​កើតឡើង​ទេ​។​​លោក សម រង្ស៊ី ប្រធាន លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​លោក រ៉ុង ឈុន ប្រធាន​សភាព​សហជីព​កម្ពុជា ត្រូវ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះហៅ ឲ្យ​ចូល​បំភ្លឺ នៅ​ថ្ងៃទី​១៤ ខែមករា​ពីបទ​ចោទ​ដូចគ្នា​គឺ ករណី​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ពាក់ព័ន្ធ​ការដឹកនាំ​ប្រជាជន និង​កម្មករ​ធ្វើបាតុកម្ម​៕​ដកស្រង់​ចេញពី​វិទ្យុសម្លេង​ប្រជាធិបតេយ្យ(VOD) ចុះ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៤​។