-
លោក វន់ ពៅ ប្រឈមបញ្ហាសុខភាព
- Issue Date 16-Jan-2014
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានច្រានចោលការស្នើសុំរបស់មេធាវីដែលស្នើសុំឲ្យលោក វន់ ពៅ នៅក្រៅឃុំបណ្តោះអាសន្នដើម្បីមានឱកាសព្យាបាលជំងឺដែលកំពុងមានស្ថានភាពធ្ងន់ធ្ងរ។ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ត្រូវកងទ័ពពិសេសឆ័ត្រយោង៩១១ ចាប់ខ្លួន នៅពេលកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសកាលពីថ្ងៃទី២ មករា។ការស្នើនៅក្រៅឃុំរបស់លោក វន់ ពៅ ដោយសំអាងលើស្ថានភាពជំងឺរបស់លោកដែលត្រូវណាត់ជួបគ្រូពេទ្យនៅក្រៅប្រទេសដើម្បីពិនិត្យព្យាបាលបន្ទាន់។តើលោក វន់ ពៅ នឹងប្រឈមទៅបញ្ហាផ្លូវច្បាប់ និងបញ្ហាសុខភាពយ៉ាងណាខ្លះ?មន្ត្រីធ្វើការលើកស្ទួយសិទ្ធិមនុស្សបានអះអាងថា ការសម្រេចមិនឲ្យលោក វន់ ពៅ រស់នៅក្រៅឃុំបណ្ដោះអាសន្នដើម្បីចេញទៅព្យាបាលជំងឺគឺជាការរំលោភសិទ្ធិមនុស្ស។ប្រធានអង្គការលីកាដូ លោកស្រី ពុង ឈីវកេក មានប្រសាសន៍នៅថ្ងៃទី១៥ មករា ថា តុលាការគួរគិតគូរអំពីមនុស្សធម៌ដើម្បីឲ្យលោក វន់ ពៅ ទៅទទួលការព្យាបាលជំងឺ។លោកស្រីបន្តថា លោក វន់ ពៅ កំពុងបាត់បង់សិទ្ធិថ្វីត្បិតតែលោកស្ថិតនៅជាជនសង្ស័យក៏ដោយចុះ៖ «ពន្ធនាគារទទួលការខុសត្រូវមួយចំណែកហើយ ប៉ុន្តែអ្នកដែលសម្រេចថា ពៅ ហ្នឹងត្រូវនៅពន្ធនាគារ ឬក៏ចេញមកក្រៅគឺតុលាការ។យើងដឹងហើយថា នៅក្នុងប្រទេសកម្ពុជាយើង ដោយសារប្រទេសយើងជាប្រទេសក្រីក្រ អ៊ីចឹងនៅក្នុងពន្ធនាគារមានគ្រូពេទ្យដែរតែខ្វះខាតថ្នាំសង្កូវ ខ្វះខាតឧបករណ៍គ្រប់មុខ នេះត្រូវតែទៅពេទ្យដែលគេមានឧបករណ៍និងបច្ចេកទេសដើម្បីមើលជំងឺនេះ មិនមែនជាការធម្មតាទេ។មហារីកក្រលៀនគឺធ្ងន់ធ្ងរណាស់ ហើយមន្ទីរពេទ្យនោះបានផ្ដាំថា ត្រូវតែត្រឡប់ទៅវិញ។ដូច្នេះបើមានការគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងររបស់លោក ពៅ គឺអ្នកទទួលខុសត្រូវគឺតុលាការ»។យ៉ាងណាក៏ដោយ ក្រុមមេធាវីនៃអង្គការក្រៅរដ្ឋាភិបាលកាលពីថ្ងៃទី១៤ មករា បានដាក់ពាក្យប្ដឹងទៅសាលាឧទ្ធរណ៍ ដើម្បីជំទាស់ទៅនឹងដីកាសម្រេចរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានបដិសេធមិនឲ្យលោក វន់ ពៅ នៅក្រៅឃុំបណ្ដោះអាសន្ននោះ។មេធាវីម្នាក់ក្នុងចំណោមមេធាវីការពារលោក វន់ ពៅ គឺលោកស្រី សាម សុគន្ធា ថ្លែងថា ក្រុមមេធាវីកំពុងយល់បញ្ច្រាសគ្នាពីចៅក្រមសាលាដំបូងចំពោះហេតុផលនៃការមិនអនុញ្ញាតឲ្យនៅក្រៅឃុំនេះ។ មេធាវីដដែលអះអាងថា ចៅក្រមយល់ឃើញថា សំណុំរឿងនេះនៅថ្មីពេក តុលាការត្រូវការរយៈពេលស៊ើបអង្កេត និងត្រូវធានាជនសង្ស័យនៅក្នុងឃុំ ដើម្បីធានាដល់នីតិវិធីតុលាការ ហើយធានាដល់សណ្ដាប់ធ្នាប់សាធារណៈ។ប៉ុន្តែមេធាវីយល់ថា លោក វន់ ពៅ មានសិទ្ធិគ្រប់គ្រាន់ក្នុងការនៅក្រៅឃុំ។លោក វន់ ពៅ ជាជនសង្ស័យម្នាក់ក្នុងចំណោម ២៣នាក់ ដែលកងកម្លាំងចម្រុះចាប់ខ្លួនក្នុងអំឡុងពួកគេចេញបង្ក្រាបកម្មករ តវ៉ាដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារ នៅខាងមុខរោងចក្រ យ៉ាក ជីន ក្បែរបញ្ជាការដ្ឋានកងទ័ពឆ័ត្រយោង ៩១១ ក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២ មករា។លោក វន់ ពៅ ជាប់ចោទពីបទប្រើប្រាស់ហិង្សាដោយចេតនា និងបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចេតនា ហើយពេលនេះលោកកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម។ទាក់ទងទៅនឹងរឿងនេះ ភរិយារបស់លោក វន់ ពៅ គឺអ្នកស្រី ប្រាក់ សុវណ្ណារី បានចាត់ទុកការសម្រេចមិនអនុញ្ញាតឲ្យស្វាមីរបស់អ្នកស្រីនៅក្រៅឃុំនោះ គឺជាការខុសឆ្គងមួយ។ អ្នកស្រីដែលទើបមកពីសួរសុខទុក្ខស្វាមីនៅពន្ធនាគារនៅរសៀលថ្ងៃទី១៥ មករា បានបញ្ជាក់ថា ស្ថានភាពសុខភាពរបស់លោក វន់ ពៅ កំពុងមានភាពយ៉ាប់យឺនខ្លាំងដោយសារគាត់មានអាការៈឈឺក្បាល ក្អកខ្លាំងនាំឲ្យចុកចាប់ពេញរាងកាយ និងមុខរបួសវះកាត់ជំងឺមហារីកដុំសាច់នៅក្នុងក្រលៀន ហើយថ្នាំដែលផ្ដល់ឲ្យដោយពេទ្យពន្ធនាគារនោះមិនបានជួយឲ្យគាត់បានធូរស្បើយនោះទេ។អ្នកស្រី ប្រាក់ សុវណ្ណារី៖ «ចាប់អ្នកដែលត្រឹមត្រូវយកមកដាក់ពន្ធនាគារធ្វើបាបគ្នា ហើយមិនឲ្យមានការព្យាបាលទៀត នេះជាការឃោរឃៅយង់ឃ្នង សាហាវបំផុត។ពេលដែលខ្ញុំធ្លាប់បានទៅជាមួយស្វាមី ខ្ញុំនៅពេលដែលគាត់ទៅពិនិត្យហ្នឹង គឺគេថតគាត់ម្ដងទៀត ហើយគេថតស្នាមរបួស បើសិនជាមិនអីទេ គេឲ្យថ្នាំហើយពេទ្យគេឲ្យតម ព្រោះដោយសារវះហ្នឹងធ្ងន់ធ្ងរមែនទែន ហើយរយៈពេល ៣ខែទៅពិនិត្យម្ដង។ថ្នាំរបស់គេហ្នឹងមានតែប្រទេសគេទេដែលមានញ៉ាំ។ ក្នុងនាមខ្ញុំជាភរិយារបស់គាត់ បើសិនជាដល់ថ្ងៃហើយការណាត់ជួបពេទ្យនៅតែគ្មានការធានានៅក្រៅឃុំទេ បើសិនជាមានការប៉ះពាល់ដល់សុខភាពគាត់ធ្ងន់ធ្ងរមែនទែន ខ្ញុំនឹងប្ដឹងសមត្ថកិច្ចវិញ ដោយសារតែនេះជាសុខភាពស្វាមីខ្ញុំ និងអនាគតរបស់គាត់»។ភរិយារបស់ លោក វន់ ពៅ បានចោទជាចម្ងល់ថា អ្នកស្រីឆ្ងល់ជាពន់ពេកចំពោះការប្រើហិង្សាពីសំណាក់កងកម្លាំងអាជ្ញាធរមកលើស្វាមីគាត់ថា ហាក់មានចេតនាណាស់ ព្រោះការវាយដំនោះគឺចំៗទៅលើមុខរបួសរបស់គាត់តែម្ដង។ពាក់ព័ន្ធបញ្ហានេះ អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត មានមតិថា ការធានាសុំឲ្យនៅក្រៅឃុំនោះ លោក វន់ ពៅ មានសិទ្ធិគ្រប់គ្រាន់ស្របទៅតាមច្បាប់។ ប៉ុន្តែលោកអាចនៅក្រៅឃុំបានប្រសិនជាពុំមានសម្ពាធរបស់អ្នកនយោបាយ និងអ្នកមានអំណាច។លោកថា មានហេតុផលជាច្រើនចំណុចដែលអាចធានាឲ្យលោក វន់ ពៅ នៅក្រៅឃុំ គឺដោយគាត់ទើបតែវះកាត់ក្រលៀននៅមន្ទីរពេទ្យបំរុងរ៉ាត់ ប្រទេសថៃ ហើយគ្រូពេទ្យត្រូវតាមដានការវិវត្តន៍ជំងឺ។លោក វន់ ពៅ រងអំពើហិង្សាដែលប៉ះចំស្នាមរបួសវះកាត់ និងមានរបួសថ្មី។ លោកមានការងារនិងមុខរបរត្រឹមត្រូវ ហើយមានមេធាវីធានាច្បាស់លាស់ ដូច្នេះគ្មានហេតុផលណាមួយដែលលោក វន់ ពៅ ត្រូវគេចចេញពីនីតិវិធីតុលាការនោះទេ។លោកបន្តថា រីឯបទល្មើសនេះទៀតសោត គឺជាបទល្មើសមជ្ឈិមដែលជាគោលការណ៍របស់ក្រមព្រហ្មទណ្ឌត្រូវមានការធានាគោរពសិទ្ធិសេរីភាពពលរដ្ឋ ដោយយកការឃុំខ្លួនគឺជាជម្រើសចុងក្រោយ៖ «រឿងនេះបើសិនជារឿងធម្មតាដូចរឿងបទល្មើសដទៃទៀត លោក វន់ ពៅ មិនត្រូវបានចាប់ខ្លួនទេ។យើងមើលរឿងនេះជាចេតនាមួយ ហើយការចាប់ខ្លួនហាក់ដូចជាមានការរៀបចំទុកជាមុន។ ការចាប់ខ្លួននេះទៀតសោត វាខុសទៅទៀត ព្រោះការចាប់ខ្លួនវាមិនបានប្រើប្រាស់ហិង្សាណាមួយនោះទេ តែផ្ទុយទៅវិញកងកម្លាំងបានវាយដំចាប់ខ្លួនគាត់។នៅពេលដែលមេធាវីបង្ហាញនូវភស្តុតាងចប់សព្វគ្រប់អ៊ីចឹងហើយ ចៅក្រមបើពិនិត្យទៅថាមេធាវីហ្នឹងដាក់ទៅមានភស្តុតាង មានសំអាងត្រឹមត្រូវហើយ ហើយលោក វន់ ពៅ មានជំងឺពិតប្រាកដហើយ ចៅក្រមមិនអនុញ្ញាតឲ្យនៅក្រៅឃុំ។នៅពេលដែលជំងឺនោះកាន់តែធ្ងន់ធ្ងរហើយគ្រោះថ្នាក់ដោយប្រការណាមួយអាហ្នឹងចៅក្រមគាត់ត្រូវតែមានការទទួលខុសត្រូវ»។លោក អំ សំអាត បញ្ជាក់ថា ខាងពន្ធនាគារមានភារកិច្ចធ្វើរបាយការណ៍ដាក់ជូនព្រះរាជអាជ្ញាពីស្ថានភាពជំងឺរបស់ជនជាប់ចោទដើម្បីឲ្យព្រះរាជអាជ្ញាពិចារណាចំពោះការស្នើសុំនៅក្រៅឃុំ។ប៉ុន្តែប្រធានពន្ធនាគារត្រពាំងផ្លុង លោក គា សុវណ្ណា បានឆ្លើយតបថា ពេទ្យខាងពន្ធនាគារបានយកចិត្តទុកដាក់អ្នកទោសស្មើគ្នាៗទាំងអស់ ប៉ុន្តែលោកមិនទាន់ឃើញលោក វន់ ពៅ មានអ្វីប្លែកធ្ងន់ធ្ងរនោះទេ៖ «ពិនិត្យទូទៅទាំងអស់ហ្នឹងជារៀងរាល់ថ្ងៃ គេរក្សាសុខភាពបានណាស់ គេមិនបណ្ដោយឲ្យមានការថ្លោះធ្លោយពីបញ្ហាអីណាមួយទេ។បើមណ្ឌលអប់រំកែប្រែទី៣ហ្នឹង អស់លទ្ធភាព អាហ្នឹងគេបញ្ជូនទៅពេទ្យខេត្តបើនៅព្យាបាលនេះបានគេព្យាបាល»។ក្រៅអំពីលោក វន់ ពៅ ជនជាប់ចោទចំនួន ២២នាក់ផ្សេងទៀត ដែលពាក់ព័ន្ធក្នុងរឿងបង្កហិង្សានៅរោងចក្រយ៉ាក ជីន ក្បែរតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងផ្លូវវ៉េងស្រេង ក៏បានស្នើឲ្យមេធាវីរបស់ខ្លួនធានាពួកគេឲ្យនៅក្រៅឃុំបណ្ដោះអាសន្នដែរ។ អ្នកទាំងនោះត្រូវសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ក្រោមបទចោទមួយចំនួន ដូចជាបទប្រើប្រាស់ហិង្សាដោយចេតនា បទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចេតនា បទបិទផ្លូវសាធារណៈបង្កឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈ និងបទប្រមាថ ដែលបទល្មើសទាំងនេះអាចជាប់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ៕ដកស្រង់ចេញវិទ្យុអាស៊ីសេរី(RFA) ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤។