-
សាលារាជធានីភ្នំពេញ ព្រមានទប់ស្កាត់ បើមានការហែរក្បួននៅថ្ងៃប្រារព្ធខួបសពលោកជា វិជ្ជា
- Issue Date 20-Jan-2014
សាលារាជធានីភ្នំពេញ ព្រមានថា នឹងចាត់វិធានការទប់ស្កាត់ ប្រសិនបើថ្នាក់ដឹកនាំសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា នៅតែប្រកាន់គោលជំហរហែក្បួន ដើម្បីគម្រប់ខួប ១០ឆ្នាំ នៃការស្លាប់របស់អតីតប្រធានសហជីពសេរីកម្មករ លោក ជា វិជ្ជា នៅថ្ងៃទី២២ខែមករា ខាងមុខនេះ។អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍នៅថ្ងៃចន្ទនេះថា សាលារាជធានីភ្នំពេញ បានអនុញ្ញាតឲ្យ លោក ជា មុនី ប្រារព្ធខួប១០ឆ្នាំសពលោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា នៅមុខវត្តលង្ការ ប៉ុន្ដែហាមមិនឲ្យមានការហែក្បួនឡើយ ដោយខ្លាចប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់ចរាចរណ៍ ឬបញ្ហាណាមួយកើតឡើងជាយថាហេតុ។ លោកថា ប្រសិនបើសហជីពសេរីកម្មករ នៅតែប្រកាន់ជំហហែក្បួន នោះសាលារាជធានីភ្នំពេញ នឹងមានវិធានការទប់ស្កាត់ <<ខ្ញុំមិនដឹងថា វិធានការអីទេ ប៉ុន្តែការដែលគាត់ធ្វើ បានន័យថា គាត់ប្រឈមនឹងការល្មើសច្បាប់ ល្មើសនឹងបទបញ្ញតិ្តរបស់យើង អញ្ចឹងគាត់នឹងទទួលកាតលឿងមួយ និយាយអញ្ចឹងតែម្តងទៅ>>។ទាក់ទងនឹងបញ្ហានេះ ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី នៅតែប្រកាន់ជំហរហែក្បួនដដែល បើទោះបីជាសាលារាជធានីភ្នំពេញ ហាមឃាត់មិនឲ្យហែក្បួនដើម្បីគោរពវិញ្ញាណក្ខន្ធសពលោកជា វិជ្ជា ក៏ដោយ <<យើងទៅដាក់ យើងដាក់ទៅ មានអី បើគេថាមិនឲ្យ គេថាទៅ ជារឿងរបស់គេទេ យើងដាក់ទៅ យើងបង់ពន្ធជូនរដ្ឋទេតើ ផ្លូវហ្នឹង>>។បើតាម លោកជា មុនី កម្មវិធីនេះ ចាប់ផ្ដើមនៅម៉ោង៨ព្រឹក ដោយមានអ្នកចូលរួមប្រមាណ១៥០នាក់ ហែក្បួនពីទីស្នាក់ការកណ្តាលរបស់សហជីព ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ឆ្ពោះទៅកាន់រូបសំណាក់លោក ជា វិជ្ជា ស្ថិតនៅច្រមុះជ្រូកខាងលិចវិមានឯករាជ្យ និងខាងត្បូងវត្តលង្ការ ហើយមានការរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ ដោយ និមន្ដព្រះសង្ឃសូត្រមន្ដ និងបំពាក់កម្រងផ្កាលើរូបសំណាក់លោក ជា វិជ្ជា។ លោកជា មុនី បានដាក់លិខិតជូនដំណឹងទៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ខែមករា ស្នើសុំរៀបចំប្រារព្ធខួប១០ឆ្នាំសពលោកជា វិជ្ជា។លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានខ្មាន់កាំភ្លើង មិនស្គាល់មុខ បាញ់ចំនួនបីគ្រាប់ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈពេលដែលលោកកំពុងឤនសារព័ត៌មាន នៅមុខតូបលក់កាសែតមួយ ជាប់នឹងរបងវត្តលង្កា ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ២០០៤។លោក ជា មុនី ដែលជាប្អូនប្រុសរបស់លោក ជា វិជ្ជា ឲ្យដឹងថា រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់ចាប់ឃាតករពិត ដែលបាញ់សម្លាប់បងប្រុសរបស់លោក យកទៅផ្តន្ទាទោសនៅឡើយទេ។កន្លងមក សមត្ថកិច្ចបានចាប់ខ្លួនបុរស ២នាក់ គឺលោក សុខ សំអឿន និងលោក ប៊ន សំណាង បញ្ចូនទៅកាន់តុលាការ ប៉ុន្តែក្រោយមកត្រូវបានដោះលែងវិញ។មន្ត្រីសង្គមស៊ីវិលជាតិ-អន្តរជាតិ និងគ្រួសារជនរងគ្រោះ បានចាត់ទុកបុរសទាំងពីរនាក់នេះថាជាឃាតកសិប្បនិម្មិត។តែទោះជាយ៉ាងណា លោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់មានប្រសាសន៍ថា សំណុំរឿងឃាតកម្មសពលោក ជា វិជ្ជា សមត្ថកិច្ចនៅតែបន្តស៊ើបអង្កេត និងមិនទាន់បិទសំណុំរឿងនេះនៅឡើយទេ៕ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤។