-
អង្គការសិទ្ធិមនុស្សអន្តរជាតិថ្កោលទោសកម្ពុជាថារំលោភសិទ្ធិមនុស្ស
- Issue Date 27-Jan-2014
ការប៉ះទង្គិចគ្នារវាងក្រុមបាតុករនិងអាជ្ញាធរនៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ មករា ដែលនាំឲ្យមានការចាប់ខ្លួន ២នាក់ និងរបួសជាង ១០នាក់ ត្រូវបានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ដែលហៅជាភាសាអង់គ្លេសថា យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថ្កោលទោសរដ្ឋាភិបាលថា បានរំលោភសិទ្ធិមនុស្ស។អង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី ឬអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ មានប្រតិកម្មនឹងការប្រើហិង្សារបស់អាជ្ញាធររដ្ឋាភិបាលប្រឆាំងអ្នកតវ៉ា នៅព្រឹកថ្ងៃទី២៦ មករា ថា ជាការរំលោភច្បាប់សិទ្ធិមនុស្សអន្តរជាតិ។តំណាងអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ដែលមានការិយាល័យនៅក្រុងបាងកក ប្រទេសថៃ គឺលោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) ថ្កោលទោសអាជ្ញាធររដ្ឋាភិបាលថា បានរំលោភសិទ្ធិមនុស្សពីរយ៉ាង គឺទីមួយ រំលោភដោយការហាមមិនឱ្យពលរដ្ឋជួបជុំគ្នា ហើយមិនឱ្យចូលទៅក្នុងទីលានប្រជាធិបតេយ្យ និងទីពីរ ការប្រើកម្លាំងហួសពីការចាំបាច់ និងហិង្សាប្រឆាំងបាតុករ។លោកបញ្ជាក់ទៀតថា ការប្រើកម្លាំងហួសពីការចាំបាច់នេះ គឺរំលោភលើបទដ្ឋានអង្គការសហប្រជាជាតិស្ដីពីការប្រើប្រាស់កម្លាំងនិងអាវុធ ដោយមន្ត្រីប្រតិបត្តិច្បាប់៖ «ការប្រើកម្លាំងហួសពីការចាំបាច់នេះ គឺជាការរំលោភសិទ្ធិមនុស្ស។ ប៉ុន្តែចេតនាប្រើកម្លាំងរបស់រដ្ឋាភិបាលនេះ គឺចង់បំភ័យពលរដ្ឋកុំឱ្យតវ៉ាតទៅទៀត។ទាំងនេះ គឺធ្វើដើម្បីបំបិទមាត់ពលរដ្ឋក្នុងស្ថានភាពមួយ ដែលរដ្ឋាភិបាលសងសឹកវិញ និងប្រើកម្លាំងនេះ ក៏ដើម្បីបិទមាត់ពលរដ្ឋ កុំឱ្យសួរដេញដោលពីរឿងបំបែកការតវ៉ា និងរឿងចាប់ខ្លួនតំណាងអ្នកតវ៉ារបស់គេ»។លោក ហ្វីល រ៉ូប៊ើតសុន ផ្ដល់អនុសាសន៍ថា រដ្ឋាភិបាលកម្ពុជា ត្រូវតែអនុវត្តន៍តាមកាតព្វកិច្ចសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ដែលខ្លួនបានផ្ដល់សច្ចាប័ន។ វាជាកាតព្វកិច្ចមិនមែនជាជម្រើសដែលរដ្ឋាភិបាលចង់ធ្វើក៏បាន ឬមិនចង់ធ្វើក៏បាននោះទេ៖ «អនុសាសន៍របស់យើង គឺមិនមែនសំដៅតែទៅរដ្ឋាភិបាលកម្ពុជាទេ គឺយើងសំដៅទៅភ្នាក់ងារអន្តរជាតិជាច្រើនទៀតដែរ ដែលផ្ដល់ជំនួយថវិកាជាង ៥០% ដល់រដ្ឋាភិបាលកម្ពុជា ដូចជា អង្គការសហប្រជាជាតិ ម្ចាស់ជំនួយទ្វេភាគី ត្រូវតែនិយាយឡើង ពេលឃើញមានការរំលោភសិទ្ធិមនុស្សទាំងនេះ ដែលជាការគំរាមកំហែងអភិបាលកិច្ចល្អ និងសកម្មភាពរបស់រដ្ឋាភិបាលចំពោះពលរដ្ឋរបស់ខ្លួន»។លោកមានប្រសាសន៍បន្តថា សហគមន៍អន្តរជាតិ គឺរដ្ឋាភិបាលនានា ដូចជា ទូតនៅភ្នំពេញ ត្រូវតែលើកការព្រួយបារម្ភចំពោះរដ្ឋាភិបាលកម្ពុជា ដែលមិនគោរពសិទ្ធិមនុស្ស ដើម្បីធ្វើឱ្យសិទ្ធិជួបជុំ និងបញ្ចេញមតិសន្តិវិធីមានឡើងវិញ។ចំណែកតំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី វ៉ាង ហៀលី (Wang Hea-Lee) ថ្លែងនៅល្ងាចថ្ងៃទី២៦ មករាថា ការកើតមានហិង្សានៅក្នុងពេលធ្វើបាតុកម្មនោះ ជាការដើរថយក្រោយ៖ «ខ្ញុំសោកស្ដាយចំពោះការដើរថយក្រោយ ដែលបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ថ្ងៃនេះ។ ខ្ញុំសង្ឃឹមថា សិទ្ធិមនុស្សជាមូលដ្ឋាននេះ នឹងត្រូវធ្វើឲ្យមានវិញយ៉ាងឆាប់ដែលអាចធ្វើទៅបាន។ ខ្ញុំសូមបញ្ជាក់ថា សិទ្ធិមនុស្សជាមូលដ្ឋាននេះ ត្រូវបានធានា ទាំងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិ។ ខ្ញុំសោកស្ដាយដែរ ដែលមានអ្នករបួសមួយចំនួន ហើយសង្ឃឹមថា អ្នកទាំងនោះនឹងបានជាសះស្បើយវិញឆាប់ៗ។ចំពោះអ្នកដែលនគរបាលចាប់យកទៅសាកសួរនោះ អ្នកស្រីសង្ឃឹមថា នគរបាលនឹងអនុវត្តន៍តាមនីតិវិធីត្រឹមត្រូវ។ ខ្ញុំសូមអំពាវនាវឱ្យអ្នកពាក់ព័ន្ធទាំងអស់ ទាំងអាជ្ញាធរ និងបាតុករ ធានាឱ្យបាននូវសន្តិភាព»។វិទ្យុអាស៊ីសេរីមិនបានទទួលការឆ្លើយតបរបស់មន្ត្រីនាំពាក្យរដ្ឋាភិបាលចំពោះការថ្លែងរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ទេ នៅល្ងាចថ្ងៃទី២៦ មករា។ ក៏ប៉ុន្តែ កាលពីថ្ងៃអង្គារ សប្ដាហ៍មុន មន្ត្រីនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងពាក់ព័ន្ធនឹងអង្គការសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ថា លោកមិនចម្លែក ឬភ្ញាក់ផ្អើលនឹងពាក្យសម្ដីរបស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ទេ ហើយថា អង្គការនេះមានទិសដៅផ្ទុយពីរដ្ឋាភិបាលដែលកំពុងពង្រឹងលទ្ធិប្រជាធិបតេយ្យ ដោះស្រាយតាមច្បាប់ និងនីតិរដ្ឋដែលមានដើម្បីឱ្យស្ថិរភាព សណ្ដាប់ធ្នាប់សាធារណៈនៅទីក្រុងភ្នំពេញ វិលមកធម្មតាវិញ។ទោះជាយ៉ាងនេះក្ដី ទាំងអ្នកស្រី វ៉ាង ហៀលី តំណាងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងលោក ហ្វីល រ៉ូប៊ើតសុន តំណាងអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ អំពាវនាវឱ្យរដ្ឋាភិបាលអនុញ្ញាតឱ្យការសម្ដែងមតិ និងជួបជុំគ្នាដោយសន្តិវិធី ដែលកម្ពុជាធ្លាប់មានពេលបោះឆ្នោត មានជាបន្តទៀតឱ្យបានឆាប់៕ដកស្រង់ចេញពីវិទ្យុសម្លេងអាស៊ីសេរី (RFA) ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤។