• អាជ្ញាធរ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុមបាតុករ​នៅមុខ​ក្រសួង​ព័ត៌មាន បណ្តាល​ឲ្យ​បុរស​ពីរ​នាក់​រងរបួស​ក្បាល​

    • Issue Date 27-Jan-2014

    ទីបំផុត​ទៅ សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ប្រមាណ ១០០០​នាក់ បាន​បង្ក្រាប​ទៅលើ​ក្រុម​បាតុកម្ម​របស់លោក​ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ នៅមុខ​ក្រសួង​ព័ត៌មាន ដោយ​ប្រើ​ខែល ដំបង និង​បាញ់​គ្រាប់បែក​ផ្សែង​ទៅលើ​ហ្វូង​បាតុករ​។​​នៅ​ម៉ោង​ប្រមាណ ១០:០៨​នាទី​ព្រឹក​នេះ កម្លាំង​សមត្ថកិច្ច​ប្រមាណ ១០០០​នាក់ បាន​ប្រើប្រាស់​គ្រាប់បែក​ផ្សែង​បាញ់​ទៅលើ​ក្រុមបាតុករ ដើម្បី​បំបែក​ការតវ៉ា​របស់​ពួកគេ​នៅមុខ​ក្រសួង​ព័ត៌មាន ក្នុង​ខណ្ឌដូនពេញ បណ្តាល​ឲ្យ​បាតុករ​ខ្លះ ពុល​គ្រាប់​បែកផ្សែង​។​​នៅក្នុង​ការបង្ក្រាប​នោះ ក៏មាន​ក្រុម​សន្តិសុខ​សាលាខណ្ឌ​ដូនពេញ ដែល​ពាក់មួក​ការពារ​ពណ៌​ខ្មៅ បាន​ចូលរួម​បង្ក្រាប ដោយបាន​វាយ​បុរស​ម្នាក់​ឈ្មោះ សុខ លី ជា​អ្នករត់ម៉ូតូឌុប មកពី​ខេត្តកំពង់ចាម និង​បុរស​ម្នាក់ទៀត បណ្តាល​ឲ្យ​រងរបួស​ក្បាល​។ បើតាម​អ្នក​ដែល​ឃើញ​ហេតុការណ៍​នេះ បុរស​ឈ្មោះ សុខ លី នោះ គ្រាន់តែ​ជា​អ្នករត់ម៉ូតូឌុប​ហើយ​ឈប់​ចត​នៅក្បែរ​ក្រសួង​ព័ត៌មាន​នោះ មិនមែនជា​ក្រុមបាតុករ​ដែល​ចូលរួម​បាតុកម្ម​ជាមួយ​លោក​ម៉ម សូណង់ដូ​នោះទេ​។ចំណែក​ម៉ូតូ​របស់លោក ក៏ត្រូវ​បាន​ក្រុម​សន្តិសុខ​ទាំងនោះ វាយកម្ទេច​ផងដែរ​។​​ការបង្ក្រាប​នេះ ធ្វើឡើង​នៅពេលដែល​ក្រុមបាតុករ​ប្រមាណ ៣០០០​នាក់ ដែល​ដឹកនាំ​ដោយ​លោក​ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ នៅ​ម៉ោង​៩:២០​នាទី​នេះ បាន​ហែ​ក្បួន​ពី​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ទៅកាន់​ក្រសួង​ព័ត៌មាន ទាមទារ​បង្កើត​ហ្វ្រេ​កង់ ទូរទស្សន៍ និង​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ​សំបុក​ឃ្មុំ​បន្ត​ទៅតាម​ខេត្ត​៕ ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤។