• CCIM៖ ការកាត់ទោស​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ជាការ​គំរាម​លើ​សេរីភាព​បញ្ចេញមតិ តាម​អ៊ី​ធើ​ណែ​ត​

    • Issue Date 17-Feb-2014

    មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ចាត់ទុក​ការកាត់ទោស​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក គឺជា​ការគំរាមកំហែង​លើ​សិទ្ធិសេរីភាព បញ្ចេញមតិ តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​។​​លើ​សំណុំរឿង​បណ្តឹង​ម្ចាស់​ហាង​ខ្មែរ​ឌី​ហ្សា​ញ ប្រឆាំង​ពិធី​ការិនី ឌួង ហ្សូ​រី​ដា ដោយ​សម្រេច​ចោទប្រកាន់​ពីបទ សរសេរ​សារ​មិន​សមរម្យ និង​បរិហាកេរ្តិ៍​នៅលើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក និង​ផាកពិន័យ​ប្រាក់​ចំនួន​២​លាន​រៀល (៥០០​ដុល្លារ​) សងជំងឺចិត្ត​ដើមបណ្តឹង​ចំនួន​៥​លាន​រៀល (១២៥០​ដុល្លារ​)​។​​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នេះ នាយក​ប្រតិបត្តិ CCIM លោក ប៉ា ងួនទៀង យល់ថា ការបញ្ចេញមតិ​នោះ មិនមែន​ជាការ​បរិហា​កេរ្តិ៍​នោះឡើយ គ្រាន់តែ​ជាម​តិ​ផ្ទាល់ខ្លួន​របស់​នាង ដែលជា​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ទូទៅ​។ លោក​បន្តថា ករណីនេះ ឆ្លុះបញ្ចាំង​ពី​យន្តការ​បង្ក្រាប​លើកដំបូង ចំពោះ​ការប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​នៅ​កម្ពុជា ខណៈដែល​ហ្វេ​ស​ប៊ុ​ក កំពុង​ទទួល​ការពេញនិយម សម្រាប់​ស្វែងរក​ព័ត៌មាន​ឯករាជ្យ នៅពេលដែល​ទូរទស្សន៍ និង​វិទ្យុ​ក្នុងស្រុក​មួយចំនួនកំពុង​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​។​​ទន្ទឹមនឹងនេះ CCIM ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល បង្កើន​កិច្ចប្រឹងប្រែង គ្រប់គ្រង​សេរីភាព​បញ្ចេញមតិ តាម​ប្រព័ន្ធ​អ៊ី​ធើ​ណែ​ត និង​អនុម័ត​ច្បាប់ ដើម្បី​ផ្តល់​កិច្ចការពារ​ពេញលេញ ដល់​សិទ្ធិ​ពលរដ្ឋ ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​។​​កញ្ញា​ដួង ហ្សូ​រី​ដា ត្រូវបាន​ចៅក្រម​សាលាដំបូង ផ្ដន្ទាទោស​ដោយ​ផ្អែកលើ​មាត្រា ៣០៥ នៃ​ក្រុម​ព្រហ្មទណ្ឌ ព្រះរាជាណាចក្រ​កម្ពុជា​។ កាលពី​ខែមករា​ដើមឆ្នាំ​នេះ លោក​ណុប បា​យ៉ា​រិ​ទ្ធិ ក៏មាន​រឿងរ៉ាវ​ប្ដឹងផ្ដល់​គ្នា​ស្រដៀង​គ្នា ដោយសារការសរសេរ​សរ​នៅលើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករបស់លោកផង ដែរ។ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤។