• សមត្ថកិច្ច​រារាំង​យុវជន​៩​នាក់​មិន​ឲ្យ​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​សមត្ថកិច្ច​ចាប់ខ្លួន​យុវជន​ម្នាក់​ដែល​ឈរ​មើល​ការប្រមូលផ្តុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​

    • Issue Date 21-Feb-2014

    យុវជន​ធ្វើដំណើរ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ នៅពេលដែល​តាមមើល​យុវជន​០៩​នាក់ រៀបចំ​ការប្រមូលផ្តុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ប្រារព្ធ​ទិវា​យុត្តិធម៌​សង្គម​អន្តរជាតិ​។​ នៅព្រឹកនេះ​យុវជន ០៩​នាក់ រៀបចំ​ពិធី​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ថ្លែង​សុន្ទរកថា អបអរ​ទិវា​យុត្តិធម៌​សង្គម​អន្តរជាតិ ដោយ​រៀបរាប់​ពី​ស្ថានភាព​នៃ​ការទទួលបាន​យុត្តិធម៌​នៅ​កម្ពុជា​។ តែ​ពិធី​នោះ​មិនទាន់​ដំណើរ​ផង ក៏មាន​សមត្ថកិច្ច​ប្រមាណ​២០​នាក់ ចុះទៅ​បំបែក និង​បាន​ចាប់ខ្លួន​យុវជន​ម្នាក់​ឈ្មោះ ភ័​ក្រ យកទៅ​សាលាខណ្ឌ​។ការចាប់ខ្លួន​ធ្វើឡើង​ពេលដែល​យុវជន​រូបនោះ បាន​រិះគន់​អាជ្ញាធរ ដែល​កំពុង​បំបែក​ក្រុមយុវជន​០៩​នាក់​ថា បំបិទ​សិទ្ធិសេរីភាព​ការបញ្ចេញមតិ និង​ការប្រមូលផ្តុំ​របស់​ប្រជាពលរដ្ឋ​។​​អ្នកសម្របសម្រួល​យុវជន​ឯករាជ្យ លោក រិ​ន ចាន់​រិ​ទ្ធិ ដែល​ដឹកនាំ​រៀប​ច​ចំ​ពិធី​ជួបជុំ នៅ​ទីលាន​ប្រជាធិបតេយ្យ​នោះ មានប្រសាសន៍​នៅមុខ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ថា អាជ្ញាធរ​កំពុងតែ រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ ព្រោះ​ប្រជាពលរដ្ឋ​គ្រាន់តែ​បញ្ចេញមតិ និង​ដើរ​តាមផ្លូវ​សោះ ក៏​ធ្វើការ​ចាប់ខ្លួន​ភា្ល​ម​។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ រាជធានី​ភ្នំពេញ​ដោះលែង យុវជន​ម្នាក់​នោះ​ដោយ​គ្មាន​លក្ខខណ្ឌ ព្រោះ​គេ​មិនមាន​កំហុស​ទេ «​ពួក​ខ្ញុំ​គិតថា នេះ​គឺជា​រំលោភសិទ្ធិ​សេរីភាព​នៃ​ការជួប​ជុំគ្នា យ៉ាងធ្ងន់ធ្ងរ ព្រោះ​ខ្ញុំ​ទទូច​ចង់បាន​ម្តង​ហើយ​ម្តងទៀត ថា​ខ្ញុំ​សុំ​ជួបគ្នា​តែ​១៥​នាទី​ទេ ប៉ុន្តែ​គាត់​នៅតែ​បន្ត​រារាំង ដេញ លក្ខណៈ​ដេញ​វ៉ៃ​ពួក​ខ្ញុំ អ៊ឹ​ចឹ​ង​ពួក​ខ្ញុំ​ដើរ​រហូត ដើរគេច​ចេញពី​កន្លែង​ហ្នឹង ដើរ​ទៅដល់​ផ្សារ​ថ្មី ពួកគាត់​ដើរទៅ​តាម​ពួក​ខ្ញុំ ពួកគាត់​ក៏បាន​ឃាត់​ពួក​ខ្ញុំ ឃាត់​ហើយ​ពួកគាត់​ព្រមាន​ថា មិន​ឲ្យ​រញ៉េរញ៉ៃ​ច្រើន​ទេ តែ​ហ៊ាន​ប្រឆាំងនឹង​គាត់ គឺ​គាត់​វ៉ៃ​បែកក្បាល​»​។​​លោក រិ​ន ចាន់​រិ​ទ្ធិ អំពាវនាវ​ទៅដល់​អង្គការ​សង្គម​ស៊ីវិល និង​អង្គការសហប្រជាជាតិ​ឲ្យ​ជួយ​អន្តរាគមន៍​លើ​ករណីនេះ​។​​ប្រធាន​អង្គការសិទ្ធិមនុស្ស​លីកាដូ លោកស្រី ពុង ឈី​វ​កេក រិះគន់​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធ​រ​រាជធានី​ភ្នំពេញ ដែល​ធ្វើឡើង​ផ្ទុយ​នឹង​លទ្ធិប្រជាធិបតេយ្យ ព្រោះ​ប្រទេស​កម្ពុជា​ធ្លាប់បាន​ចុះសន្ធិសញ្ញា​ច្រើន​ជាមួយនឹង​អន្តរជាតិ ដែល​ទាក់ទង​នឹង​ការផ្តល់​សិទ្ធិសេរីភាព ដល់​ប្រជាពលរដ្ឋ​ក្នុងការ​បញ្ចេញមតិ «​ខ្ញុំ​មានការ​លោក​ស្តាយ​មែនទែន សោកស្តាយ​ថា ទី​១ រដ្ឋាភិបាល​ហាមឃាត់​មិន​ឲ្យ​ជួបជុំគ្នា ទី​២ ហាមឃាត់​មិន​ឲ្យ​ជួបជុំគ្នា​លើសពី ៩​នាក់​។ ឥឡូវនេះ​ក្រែង​ហ្នឹង​យុវជន​ជួបជុំ​តែ ៩​នាក់​ទេ អ៊ឹ​ចឹ​ង មិនត្រូវ​មក​ចាប់​ទេ ហើយ​ថ្ងៃនេះ ជា​ថ្ងៃ​ទិវា​អន្តរជាតិ សម្រាប់​យុត្តិធម៌ -​ល​- ដូច្នេះ​គួរតែ​ទុក​ឲ្យ​យុវជន​ជួបគ្នា​ជជែក​គ្នា​ទៅ មិន​ខុស​ខាត​អី មិនមែនជា​ប៉ះពាល់​អី​សណ្តាប់ធ្នាប់​អី​ទេ​»​។​​នាយក​ប្រតិបត្តិ​ក្រុមអ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា សុក សំអឿន មានប្រសាសន៍ថា ការដែល​អាជ្ញា​ធរមាន​ចាប់​ប្រជាពលរដ្ឋ ដែល​គ្រាន់តែ​ចេញមក​បញ្ចេញមតិ​បែបនេះ គឺ​ផ្ទុយ​នឹង​ច្បាប់រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ «​បើ​យើង​មើល​តាម​រដ្ឋធម្មនុញ្ញ យើង​ជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ សេរី មាន​សេរីភាព​ការបញ្ចេញមតិ ប្រសិន​ការអនុវត្តន៍​សព្វថ្ងៃនេះ អត់​ទេ វា​អត់​មាន ប៉ុន្តែ​ខាង​រដ្ឋាភិបាល គេ​ថា គេ​សុំ​ប្រកាស​ភាពអាសន្ន​។ អ៊ឹ​ចឹ​ង យើង​មិនដឹងថា​ម៉េច តែបើ​យើង​និយាយ​ពី​បញ្ហា​ផ្លូវច្បាប់ វា​ដូចជា​មិនអាច​ធ្វើ​អ៊ឹ​ចឹ​ង​កើត​ទេ ដូច្នេះ​មានន័យថា​ម៉េច​? មានន័យថា ប្រទេស​យើង​សព្វថ្ងៃ​កំពុងតែ មិនមាន​លទ្ធិប្រជាធិបតេយ្យ សេរី​ពេញលេញ​ទេ​»​។​​ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន ណារិន មានប្រសាសន៍ថា នគរបាល​ទាំងអស់​មិនបាន ដឹង​ពី​ការ​ការចាប់ខ្លួន​យុវជន​នោះទេ ហើយ​ថា នោះ​ជាការ​ងារ​សាលាខណ្ឌ​។​​ករណីនេះ VOD មិនទាន់​អាច​សុំ​ការបំភ្លឺ​ពី​លោក ហ៊ុន សុធី អធិការ​ខណ្ឌដូនពេញ​បានទេ ព្រោះ​លោក​មិន​លើក​ទូរស័ព្ទ​ទេ​។​​កាលពី​ថ្ងៃទី​០៤ ខែមករា ក្រសួងមហាផ្ទៃ​បានចេញ​បម្រាម​មួយ ដោយ​ហាម​ការប្រមូលផ្តុំ​មនុស្ស​ចាប់ពី​១០​នាក់​ឡើងទៅ​នៅ​ទីសាធារណៈ​ទេ ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​។ ក្រោយ​ការចេញ​បម្រាម​នោះ សមត្ថកិច្ច​តែង​បង្ក្រាប​ជា​ញឹកញាប់ លើ​ការប្រមូលផ្តុំ​របស់​អង្គការ​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី និង​កម្មករ​ជាដើម​៕ ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០១៤។