-
យុវជន៣ក្រុមជួបជុំគ្នាផ្សព្វផ្សាយអំពីសន្តិភាព
- Issue Date 25-Feb-2014
យុវជនក្នុងក្រុមការងារសន្តិភាព ៣ក្រុម មានមនុស្សចំនួន ៥០នាក់ក្នុងមួយក្រុម បានជួបជុំគ្នាផ្សព្វផ្សាយអំពីសន្តិភាពនៅទីលានសាធារណៈ រាជធានីភ្នំពេញ ៣កន្លែង នៅល្ងាចថ្ងៃទី២៣ កុម្ភៈ។តំណាងក្រុមការងារសន្តិភាពមួយរួប គឺលោក ឈាង រិទ្ធី ថ្លែងថា ក្រុមការងារសន្តិភាពជាបណ្ដាញអង្គការសមាគមចំនួនជាង ២០ ដែលធ្វើការដើម្បីកសាងសន្តិភាពនៅកម្ពុជា។ យុវជនក្នុងក្រុមការងារដែលមានចំនួនពីជាង ១០នាក់ ទៅ ៥០នាក់ក្នុងមួយក្រុម បានធ្វើសកម្មភាពរាំ ទាត់សី និងលេងល្បែងប្រជាប្រិយ លាក់កន្សែងនៅទីសាធារណៈ ៣កន្លែងខុសគ្នា គឺសួនច្បារមុខវត្តបទុម សួនមុខវត្តឧណ្ណាលោម និងនៅសួនស្ពាននាគ ជិតវត្តភ្នំ ដើម្បីផ្សព្វផ្សាយសារសន្តិភាព។ការផ្ញើសារសន្តិភាពរបស់ពួកយុវជនទាំងនេះ គឺតាមរយៈអាវដែលគេពាក់មានសរសេរសារថា "យើងរួមគ្នាដើម្បីសន្តិភាព" និង "សន្តិភាពនៅក្នុងដៃរបស់អ្នក"។លោក ឈាង រិទ្ធី បញ្ជាក់ថា ពួកលោកមិនទាមទារសន្តិភាពតែពីរដ្ឋាភិបាលទេ គឺសំដៅដល់សាធារណជនទូទៅ៖ «យើងអត់បានទាមទារដោយផ្ទាល់ទេ។ ប៉ុន្តែយើងព្យាយាមឱ្យប្រជាពលរដ្ឋយល់ពីពាក្យសន្តិភាព។បើសិនករណីគាត់មានរឿងអីកើតឡើង គាត់ប្រកាន់ខ្ជាប់នូវអហិង្សា ហើយគាត់ស្រឡាញ់សន្តិភាពទាំងអស់គ្នា ទាំងប្រជាពលរដ្ឋ ទាំងរដ្ឋាភិបាល»។ការជួបជុំរបស់យុវជននៃក្រុមការងារសន្តិភាពនៅមុខវត្តបទុម និងវត្តឧណ្ណាលោម បានប្រព្រឹត្តទៅដោយមិនមានការរារាំងពីអាជ្ញាធរទេ ប៉ុន្តែនៅឯសួនស្ពាននាគជិតវត្តភ្នំវិញ បានប៉ះសម្ដីគ្នាតឹងតែងជាមួយអាជ្ញាធរ ដែលថាការជួបជុំរបស់យុវជនទាំងនេះជាការប្រមូលផ្ដុំខុសច្បាប់។ ជាចុងក្រោយពួកយុវជនបានបំបែកគ្នាវិញ ដោយមិនការប៉ះទង្គិចហិង្សាទេ៕ ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤។