• ការពង្រាយ​កម្លាំង​សមត្ថកិច្ច​នៅតាម​រោងចក្រ ជាការ​គំរាមកំហែង​ដល់ក​ម្មករ​

    • Issue Date 26-Feb-2014

    មន្ត្រី​សហជីព​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ការពង្រាយ​កម្លាំង​សមត្ថកិច្ច​នៅមុខ​រោងចក្រ​ផ្លូវ​វ៉េងស្រេង និង​ផ្លូវជាតិ​លេខ​៤ ជា​សារ​គំរាមកំហែង​ដល់ក​ម្មករ​-​កម្មការិនី ខណៈ​ពួកគេ​ធ្វើ​កូដកម្ម​មិន​ធ្វើការ​ថែម​ម៉ោង ទូទាំងប្រទេស ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​១៦០​ដុល្លារ​ដល់ក​ម្មករ​។​ការពង្រាយ​កម្លាំង​សមត្ថកិច្ច​ស្លៀកពាក់​ឯកសណ្ឋាន និង​ខ្លះទៀត ស្លៀកពាក់​ស៊ីវិល​ពី​៥-១០​នាក់ នៅមុខ​រោងចក្រ​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ ធ្វើឡើង​ស្របពេល​ដែល​សហជីព និង​សមាគម​ចំនួន​១៨ ចែក​ខិត្តប័ណ្ណ​ដល់ក​ម្មករ ដើម្បី​ចូលរួម​ធ្វើ​កូដកម្ម​ទូទាំងប្រទេស ដោយ​មិន​ធ្វើការ​ថែម​ម៉ោង ចាប់ផ្តើម​ពីថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៤ ក្នុង​បំណង​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​និយោជក​ដោះស្រាយ​បញ្ហា​ចំនួន​៧​ចំណុច ក្នុងនោះ សុំ​ឲ្យ​ដោះលែង​អ្នក​ទាំង​២១​នាក់ និង​សុំ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​១៦០​ដុល្លារ​ដល់ក​ម្មករ​។​​មន្ត្រី​ទទួលបន្ទុក​ដោះស្រាយ​វិវាទ នៃ​សម្ព័ន្ធ​សហជីព​ស៊ី​ខៅ​ឌូ (C.CAWDU) លោក ស៊ា​ង យ៉ូ​ត មានប្រសាសន៍ថា នៅ​ថ្ងៃ​អង្គារ​នេះ កម្លាំង​សមត្ថកិច្ច​ស្លៀកពាក់​ឯកសណ្ឋាន និង​ខ្លះទៀត ស្លៀកពាក់​ស៊ីវិល ត្រូវបាន​ដាក់ពង្រាយ​នៅមុខ​សួន​កាណាឌីយ៉ា ផ្លូវ​វេ​ង​ស្រេង និង​តាម​រោងចក្រ​មួយចំនួនទៀត ដោយមាន​កាំភ្លើង ដំបងឆក់​ជាដើម​។ លោក​បន្តថា ការដាក់​ពង្រាយ​សមត្ថ​កិច្ច​បែបនេះ ជាការ​គំរាមកំហែង​ដល់ សហជីព និង​កម្មករ «​ធ្វើ​បែប​ហ្នឹង ហាក់ដូចជា​ប៉ះពាល់​ផ្លូវចិត្ត​មួយ ទៅដល់​បងប្អូន​កម្មក​រ ដូចជា​ការគំរាមកំហែង បំភិតបំភ័យ ហើយ​ស្មារតី​នៃ​ថ្ងៃទី​២ ទី​៣ យកមក​បន្លាច​គាត់​អ៊ីចឹង​។ នេះ​ជា​បញ្ហា​មួយ​សម្រាប់​បងប្អូន​កម្ម​ករ​»​។​​កម្មករ​រោងចក្រ​កាណាឌីយ៉ា (​ញ៉ូ​អូ​រៀន​) ផ្លូវ​វេ​ង​ស្រេង អ្នកស្រី ស៊ឹម លី ឲ្យ​ដឹងថា នៅមុខ​សួន​កាណាឌីយ៉ា ពិត​ជាមាន​កម្លាំង​សមត្ថកិច្ច​ប្រមូលផ្ដុំ​នៅ​តំបន់​នោះ​មែន​។ អ្នកស្រី​បន្តថា នៅ​ម្តុំ​រោងចក្រ (​ញ៉ូ​អូ​រៀន​) សមត្ថកិច្ច និង​អ្នក​ស្លៀកពាក់​ស៊ីវិល​ទាំងនោះ បាន​ដើរ​ជិត​រោងចក្រ ធ្វើ​ឲ្យ​កម្មករ​មានការ​ភិតភ័យ «​គំរាម​កម្មករ​ក៏​ថា​បាន គំរាម​ពួក​សហជីព​ក៏បាន ព្រោះ​កម្មករ​គាត់​រៀងចាល​ហើយ គាត់​ខ្លាច ព្រោះ​អី​គាត់​ថា កាល​ថ្ងៃទី​២ ទី​៣ ពួកគាត់​អត់​មានបាន​ធ្វើ​អ្វី គេ​មក​បង្ក្រាប​គាត់​ដោយ​ហិង្សា​អ៊ីចឹង ទាំង​គេ​ទាំង​ខ្ញុំ​មានការ​ភ័យខ្លាច​ហើយ​»​។​​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ខេង ទី​តូ មានប្រសាសន៍ថា ការដាក់​ពង្រាយ កម្លាំង​សមត្ថកិច្ច មិនមែន​គំរាមកំហែង​កម្មករ​ទេ ប៉ុន្តែ​លោក​ថា ការពង្រាយ​កម្លាំង​សមត្ថកិច្ច​នោះ ដើម្បី​ការពារ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ «​ការដាក់​ពង្រាយ​នេះ ដើម្បី​បង្ការ​ការពារ សន្តិសុខ សុវត្ថិភាព ហើយ​និង​បង្ការ​ការពារ ក្រែង​មាន​ឧប្បត្តិហេតុ​ណា​កើតឡើង នៅក្នុង​សភាព​ការដែល​ខាង​សង្គម​ស៊ីវិល មួយចំនួន គាត់​កំពុងធ្វើការ​តវ៉ា ឡើងមក​ធ្វើ​ការតវ៉ា​នៅតាម​ផ្លូវ​»​។​​ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់ សម្រាប់​សហគមន៍ លោក មឿ​ន តុលា យល់ថា ការដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច ទំនងជា​ការគំរាមកំហែង​ដល់​កម្មករ​ឲ្យ​ធ្វើការ​បន្ថែម​ម៉ោង​។ លោក​បញ្ជាក់ថា នៅក្នុង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ មិនមាន​មាត្រា​ណាមួយ​ចែង​ឲ្យ​កម្មករ​ធ្វើការ​បន្ថែម​ម៉ោង​ទេ​។​​មេដឹកនាំ​សហជីព និង​សមាគម​ទាំង​១៨ បានបញ្ចប់​ធ្វើការ​ចែក​ខិត្តប័ណ្ណ​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​អំពាវនាវ​ឲ្យ​កម្មករ​-​កម្មការិនី​ចូលធ្វើ​កូដកម្ម ចាប់ពី​ថ្ងៃទី​២៤ ខែកុម្ភៈ ដោយ​ពួកគេ​សង្ឃឹមថា នឹងមាន​អ្នកចូលរួម លើសពី​២០​ម៉ឺន​នាក់​៕ ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD)​ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤។