-
បុរស៣នាក់ត្រូវនាំទៅធ្វើកិច្ចសន្យាបន្ទាប់ពីប្រមូលផ្ដុំគ្នាទាមទារឲ្យដោះលែងអ្នកជាប់ឃុំ២១នាក់
- Issue Date 10-Mar-2014
កម្លាំងប៉ូលិស និងតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បាននាំខ្លួនបុរសអ្នករត់រ៉ឺម៉កកង់បីចំនួន ៣នាក់ ទៅធ្វើកំណត់ហេតុ និងកិច្ចសន្យាអស់រយៈពេលជាច្រើនម៉ោង កាលពីព្រឹកថ្ងៃសៅរ៍ ទី៨ ខែមីនា។ ការនាំខ្លួនទៅធ្វើកិច្ចសន្យានេះ បន្ទាប់ពីក្រុមអ្នករត់រ៉ឺម៉កកង់បីប្រមាណជិត ២០នាក់ បានប្រមូលផ្ដុំគ្នានៅមុខប្រាសាទអង្គរវត្ត ក្នុងបំណងធ្វើការទាមទារឱ្យរដ្ឋាភិបាលដោះលែងសកម្មជនសិទ្ធិមនុស្ស និងកម្មករចំនួន ២១រូប ដែលសមត្ថកិច្ចបានចាប់ឃុំខ្លួនក្នុងពន្ធនាគារ ដោយសារតែធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែលើផ្លូវវ៉េងស្រេង នាទីក្រុងភ្នំពេញកន្លងទៅ។បុរសម្នាក់ក្នុងចំណោម ២នាក់ផ្សេងទៀតដែលសមត្ថកិច្ចនាំខ្លួន គឺលោក វ័រ វន។ លោកបានមានប្រសាសន៍ក្នុងពេលនោះថា មូលហេតុដែលក្រុមរបស់លោកប្រមូលផ្ដុំគ្នា ដើម្បីទាមទារឱ្យដោះលែងកម្មករដែលកំពុងតែជាប់ឃុំចំនួន ២១រូបនោះ ដោយសារតែមិនអាចសម្លឹងមើលឃើញភាពអយុត្តិធម៌បានទេ៖ «យើងខ្ញុំទាំងអស់គ្នាមើលឃើញថាវាអយុត្តិធម៌! គ្រាន់តែទាមទារលុយបៀវត្សរ៍ ១៦០ដុល្លារ ត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ឃុំខ្លួន។ នេះជារឿងមួយដែលពួកខ្ញុំមិនទទួលយកបានទេ។ អន្លើយ៉ាងនេះទៅទៀត យើងនឹងធ្វើការថ្កោលទោស មេបញ្ជាការកងពលលេខ៩១១»។ស្នងការរងនគរបាលខេត្តសៀមរាប លោក ភឹង ចិន្ដារិទ្ធិបានមានប្រសាសន៍ថា សមត្ថកិច្ចមិនអនុញ្ញាតឱ្យក្រុមអ្នករត់រ៉ឺម៉កកង់បីទាំងនោះ ប្រមូលផ្ដុំគ្នាធ្វើការតវ៉ានៅមុខអង្គរវត្តបានទេ ពីព្រោះវាប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងភ្ញៀវទេសចរជាច្រើន។ចំណែកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប លោក សំរិទ្ធ សុខុន បានហៅការប្រមូលផ្ដុំតវ៉ារបស់ក្រុមអ្នករត់រ៉ឺម៉កកង់បីទាំងនោះថា ធ្វើឡើងដោយគ្មានច្បាប់ និងប្រើសេរីភាពរបស់ពួកគេជ្រុលហួសហេតុ៕ដកស្រង់ចេញពីវិទ្យុអាស៊ីសេរី(RFA) ចុះថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៤។