-
អ្នកតវ៉ារឿងដីនៅក្រចេះ៣នាក់ត្រូវបានចាប់ខ្លួន
- Issue Date 29-Apr-2014
អាជ្ញាធរបានចាប់ខ្លួនប្រជាពលរដ្ឋមួយរូបដែលចេញមុខតវ៉ារឿងដីធ្លីជាមួយក្រុមហ៊ុនមួយចំនួននៅឃុំដំរីផុង ស្រុកឆ្នូង ខេត្តក្រចេះ នៅថ្ងៃ២៦ មេសា។ក្នុងសំណុំរឿងដដែលនេះ អាជ្ញាធរបានចាប់ខ្លួនពលរដ្ឋកើនឡើងរហូតដល់ ៣នាក់ហើយ ចាប់តាំងពីថ្ងៃ២៥ មេសា មក។ ការឃាត់ខ្លួនប្រជាពលរដ្ឋម្នាក់ចុងក្រោយនេះ សមត្ថកិច្ចកំណត់មុខសញ្ញាថា បានបង្កការញុះញង់ដល់ប្រជាពលរដ្ឋផ្សេងទៀតឲ្យចេញមុខតវ៉ាជាមួយក្រុមហ៊ុន។ប្រជាពលរដ្ឋរស់នៅភូមិថ្មសំលៀង ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ដែលចេញមុខតវ៉ារឿងដីធ្លីត្រូវបានអាជ្ញាធរចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោមហេតុផលថា បានធ្វើសកម្មភាពញុះញង់ និងបង្កការរំខានដល់អាជ្ញាធរក្នុងការអនុវត្តច្បាប់។ ការចាប់ឃាត់ខ្លួននោះ គឺមានប្រជាពលរដ្ឋ ៣នាក់ហើយ ក្នុងនោះរួមមានទី១ លោក ស៊ឹម ផល ទី២ លោក ផា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៥ មេសា និងទី៣ លោក ហម លី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី២៦ មេសា បន្ទាប់ពីមានប្រជាពលរដ្ឋជាច្រើននាក់បាននាំគ្នាបម្រុងទៅធ្វើការតវ៉ានៅសាលាស្រុកឆ្លូង ដើម្បីទាមទារឱ្យដោះលែងប្រជាពលរដ្ឋដែលបានចាប់ខ្លួនពីរនាក់ដំបូង និងសុំឱ្យមានការដោះស្រាយបញ្ហាដីធ្លីដែលពួកគាត់កំពុងអាស្រ័យផលនោះ។ប្រជាពលរដ្ឋម្នាក់រស់នៅឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងថា កាលពីថ្ងៃទី២៦ មេសា ពួកគាត់ជាច្រើននាក់បម្រុងនឹងលើកគ្នាទៅធ្វើការតវ៉ាដល់អាជ្ញាធរស្រុកដើម្បីធ្វើអន្តរាគមន៍ឱ្យដោះលែងចំពោះមនុស្សពីរនាក់ដែលអាជ្ញាធរចាប់កាលពីថ្ងៃទី២៥ មេសា នោះ ប៉ុន្តែគម្រោងនេះមិនបានសម្រេចឡើយ ហើយបែរជាប្រជាពលរដ្ឋម្នាក់ គឺលោក ហម លី ក៏ត្រូវបានអាជ្ញាធរចាប់ឃាត់ខ្លួន រួមនឹងមានវាយដំទៀតផង។ពលរដ្ឋ៖ «ព្រោះតែប្រជាពលរដ្ឋអត់មានដីធ្វើបើចេញពីកន្លែងហ្នឹងទៅណាមួយនៅស្រុកហ្នឹង ប្រជាពលរដ្ឋភាគច្រើនដំបូងលក់ដីនៅស្រុកអស់ហើយ ដើម្បីប្តូរពីកន្លះហិកតារមកយកមួយហិកតារ ពីរហិកតារ បីហិកតារអ៊ីចឹង។ បើនៅស្រុកកន្លះហិកតារ អ៊ីចឹងហូបអត់គ្រាន់សម្រាប់ជីវភាពគ្រួសារ ហើយលក់អីណោះបានសោហ៊ុយតិចតួច ហើយមកអីណេះបានពីរហិកតារ ឬក៏បីហិកតារអ៊ីចឹងដើម្បីចិញ្ចឹមកូនគាត់ប្រាំពីរប្រាំបីនាក់»។ប្រភពដដែលបានលើកឡើងទាំងអស់សង្ឃឹមថា ស្របពេលដែលប្រជាពលរដ្ឋទៅតវ៉ានោះ នៅឯដីចម្ការរបស់ខ្លួន គឺខាងក្រុមហ៊ុនបានឈូសឆាយដំណាំរបស់ពួកគាត់អស់ ហើយប្រជាពលរដ្ឋមួយចំនួនក៏យល់ព្រមទទួលយកសំណង់ពីភាគីក្រុមហ៊ុនទៀងផង។ លោកបន្តទៀតថា អាជ្ញាធរមិនមានដំណោះស្រាយណាក្រៅតែបង្ខំប្រជាពលរដ្ឋឱ្យទទួលយកសំណង់ជាប្រាក់ក្នុងមួយហិកតារ ២៥០ដុល្លារ ជាថ្នូរនឹងការផ្តិតមេដៃប្រគល់ដីដែលពួកគាត់បានកាន់កាប់ក្រោយបទបញ្ជាសូន្យមួយដែលអាជ្ញាធរបញ្ជាក់ថា ជាដីប៉ះពាល់លើដីក្រុមហ៊ុននោះ។ បើទោះបីជាមិនមានសង្ឃឹមក៏ដោយ ក៏លោកសុំអំពាវនាវឱ្យរាជរដ្ឋាភិបាលគិតគូរដីដែលពួកគាត់កំពុងតវ៉ានោះ ពីព្រោះប្រសិនបើមានតែដីសម្រាប់តួផ្ទះ ពួកគាត់ក៏ពិបាកក្នុងការរស់នៅប្រចាំថ្ងៃនោះដែរ។ទាក់ទងនឹងបញ្ហានេះ អភិបាលរងខេត្តក្រចេះ ទទួលបន្ទុកដោះស្រាយទំនាស់ដីធ្លី លោក ខ័ណ្ឌ ចំណាន បានមានប្រសាសន៍ថា លោក ហម លី ដែលសមត្ថកិច្ចឃាត់ខ្លួននោះ គឺជាមុខសញ្ញាដែលដឹកនាំប្រជាពលរដ្ឋធ្វើការប្រឆាំងនឹងសមត្ថកិច្ចក្នុងរឿងដីធ្លីនៅពេលកន្លងមក ដូចនេះអាជ្ញាធរមានតែអនុវត្តតាមនីតិវិធី។លោក ខ័ណ្ឌ ចំណាន៖ «អត់ទេ! គាត់មេខ្លោងគាត់នៅតែភ្នំពេញ ហើយនៅពេលដែលយើងបានត្រួតពិនិត្យទៅថាគាត់ជាធ្វើការនូវអង្គភាពអគ្គបញ្ជាការអង្គរក្សអ៊ីចឹង។ អ៊ីចឹងបាននៅតាមផ្លូវគាត់បានធ្វើសកម្មភាពប្រុងរត់គេចខ្លួនពីក្នុងរថយន្តសមត្ថកិច្ច ប្រើអំពើហិង្សាមកកងកម្លាំងនៅក្នុងរថយន្ត ប៉ុន្តែយើងបង្ក្រាបបានទាន់ពេលវេលា ហើយឥឡូវកំពុងតែនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថដើម្បីកសាងសំណុំរឿង»។លោកបញ្ជាក់ទៀតថា ប្រជាពលរដ្ឋដែលនាំគ្នាតវ៉ានោះ គឺមានមិនដល់ ១០០គ្រួសារនោះទេ ហើយមកដល់ពេលនេះ មានប្រជាពលរដ្ឋប្រមាណ ៣០ភាគរយហើយដែលបានយល់ព្រមទទួលយកសំណង ២៥០ដុល្លារ ក្នុងដីមួយហិកតារ ដើម្បីបញ្ឈប់ការតវ៉ានោះ ហើយអាជ្ញាធរនៅតែបន្តរង់ចាំប្រជាពលរដ្ឋផ្សេងទៀតដើម្បីចូលធ្វើការដោះស្រាយបញ្ហានេះ។ វិធានការក្ដៅរបស់អាជ្ញាធរខេត្តក្រចេះ គឺចាប់ផ្ដើមនៅក្រោយពេលពិធីបុណ្យចូលឆ្នាំខ្មែររួចដោយអះអាងថា ចាត់វិធានការចំពោះប្រជាពលរដ្ឋដែលកាន់កាប់ដីខុសច្បាប់ឱ្យអស់នៅក្នុងឆ្នាំ២០១៤។ចំណែកឯប្រជាពលរដ្ឋបានរិះគន់ថា ការចាប់ខ្លួនប្រជាពលរដ្ឋជាបន្តបន្ទាប់នោះ គឺជាការបំបាក់ស្មារតីចំពោះនរណាម្នាក់ដែលបានចេញមុខតវ៉ាការពារដីរបស់ខ្លួន គឺតែងតែត្រូវបានអាជ្ញាធរចោទប្រកាន់ថា ជាមេខ្លោង និងជាអ្នកដើរញុះញង់ប្រឆាំងទៅនឹងចំណាត់ការរបស់អាជ្ញាធរជាដើម៕ដកស្រង់ចេញពីវិទ្យុសម្លេងអាស៊ីសេរី (RFA) ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៤។