-
ស្ថានភាពសន្តិសុខនៅរាជធានីភ្នំពេញ ត្រូវបានរឹតបន្តឹង ខណៈកម្មករប្រារព្ធទិវាពលកម្មអន្តរជាតិ
- Issue Date 02-May-2014
នៅគ្រប់ច្រកចូលសំខាន់ៗ មកកាន់រាជធានីភ្នំពេញ មានការដាក់ពង្រាយកងកម្លាំង សន្តិសុខ ដែលមើលឃើញថា ជាផ្នែកមួយនៃការរឹតបន្តឹងសន្តិសុខ ចំពេលសហជីព កម្មករ និងគណបក្សប្រឆាំង ប្រកាសធ្វើការហែក្បួន ចូលមកកាន់ទីលានប្រជាធិបតេយ្យ ដើម្បីប្រារព្វទិវាពលកម្មអន្តរជាតិ លើកទី១២៨។តាមសេចក្ដីរាយការណ៍ របស់អ្នកយកព័ត៌មាន VOD នៅច្រកផ្លូវចោមចៅ ផ្លូវឫស្សីកែវ ផ្លូវស្ពានជ្រោយចង្វា ផ្លូវមកពីតាខ្មៅ ផ្លូវវ៉េងស្រេង ផ្លូវផ្សារច្បារអំពៅ មានដាក់កម្លាំង និង ឡានកងទ័ព នៅប្រមូលផ្ដុំគ្នា ហើយមានអាវុធកាន់គ្រប់ដៃ។នៅផ្លូវវ៉េងស្រេងមាន សេចក្ដីរាយការណ៍ថា ថ្នាក់ដឹកនាំគណបក្សប្រឆាំង ទៅដាក់កម្រងផ្កានៅទីនោះ ដើម្បីរំឭកវិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះចំនួន៥នាក់ ដែលត្រូវបានបាញ់សម្លាប់ កាលពីថ្ងៃទី៣ មករា ដោយកម្លាំងសន្តិសុខ ក្នុងការបង្ក្រាបទៅលើបាតុករ កម្មករ ដែលទាមទារដំឡើងប្រាក់ឈ្នួល១៦០ដុល្លារ។នៅម្ដុំទីលានប្រជាធិបតេយ្យ ប្រជាពលរដ្ឋ ចាប់ផ្ដើមមកជួបជុំ ខណៈកងសន្តិសុខរាប់រាយនាក់ មានទាំងរថយន្តពន្លត់អគ្គីភ័យ និងឡានទាហាន រាយលួសបន្លា រនាំងដែក យ៉ាងរឹងមាំព័ន្ធជុំជិត។តាមព័ត៌មាន មានកម្មករជាច្រើនពាន់នាក់ ដឹកនាំតាមរថយន្តមកកាន់ទីលានប្រជាធិនតេយ្យ ហើយនៅខាងមុខអាគាររដ្ឋសភា ក៏មានកម្មករតាមរោចក្រនានា ក៏បានប្រមូលផ្ដុំគ្នា ដែរ។កម្មករមានកាន់បដាធំៗ ដោយសរសេរថា "ត្រូវដំលើងប្រាក់ឈ្នួល កម្មករឲ្យបានសមរម្យ ត្រូវគោរពច្បាប់កាងារ សិទ្ធិកម្មករ និងត្រូវដោះលែង តំណាងរបស់កម្មករ ត្រូវឃុំខ្លួន"។នៅកម្ពុជា មានសហជីពនិងសមាគមធំចំនួន១៨ ប្រារព្វទិវាពលកម្មអន្តរជាតិ នៅឆ្នាំនេះ។នៅថ្ងៃព្រហស្បតិ៍ ទី០១ ឧសភា ឆ្នាំ២០១៤នេះគឺជា ខួបទិវាពលកម្មអន្តរជាតិ លើកទី១២៨។ សហគមន៍កម្មករ និយោជិតនៅទូទាំងពិពភលោក ដែលប្រារព្វទិវា គឺដើម្បីសម្ដែងមតិ ចំពោះវិបត្តិការងាររបស់ពួកគេ ដែលកើតមានរយៈពេលមួយឆ្នាំមកនេះ ហើយជំរុញឲ្យរដ្ឋាភិបាល និងនិយោជក ត្រូវគោរពច្បាប់ការងារ និងសិទ្ធិកម្មករ៕ ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៤។