-
កម្មកររោងចក្រដេរស្បែកជើង៥ពាន់នាក់បញ្ចប់ការតវ៉ា
- Issue Date 09-May-2014
កម្មករនៅរោងចក្រដេរស្បែកជើងឈ្មោះ វីង ស្តារ ស៊ូ (Wing Star Shoes Co. Ltd) ៥ពាន់នាក់ ដែលបាននាំគ្នាតវ៉ាទាមទារឱ្យកែលក្ខខណ្ឌការងារបន្ថែមនោះ បានបញ្ចប់ការតវ៉ារបស់ខ្លួនហើយ នៅវេលាថ្ងៃត្រង់នៃថ្ងៃទី៦ ឧសភា។កម្មការិនីអ្នកចូលរួមតវ៉ាមួយរូបឈ្មោះ នី ឱ្យដឹងថា កម្មករមិនបានទទួលបានគ្រប់លក្ខខណ្ឌនៃការតវ៉ាកន្លងមកទេ ក៏ប៉ុន្តែកម្មករបានសុខចិត្តចូលធ្វើការវិញ នៅថ្ងៃទី៧ ឧសភា នៅពេលដែលភាគីខាងរោងចក្រផ្ដល់ការបញ្ជាក់ថា ប្រាក់ទ្រទ្រង់សុខភាព ៥ដុល្លារ ដែលកម្មករទាមទារនោះ នឹងមិនកាត់ពីប្រាក់ខែគោលទេ លើកលែងតែប្រាក់រង្វាន់ខ្លះៗ៖ «យើងកូដកម្មប៉ុន្មានថ្ងៃហ្នឹង គេកាត់ថ្លៃបាយផង ថ្លៃព្រីមផង តាមសមាមាត្រ។ បើកូដកម្មប៉ុន្មានថ្ងៃ គេកាត់តាមសមាមាត្រអ៊ីចឹង។ ប្រាក់ខែយើងនៅដដែល ប៉ុន្តែគេឱ្យប្រាក់សុខភាពហ្នឹង ៥ដុល្លារវិញហើយ។ លុយបាយថ្ងៃត្រង់ គេឱ្យមួយខែ ១១រៀល (ដុល្លារ)។ កម្មករគេយល់ព្រម ហើយថា ស្អែកគេចូលធ្វើការវិញ»។កម្មការិនីរូបនេះបញ្ជាក់ថា ការទាមទារប្រាក់ថ្លៃឡានសម្រាប់ធ្វើដំណើរ ១៥ដុល្លារ លុយថ្លៃបាយថ្ងៃត្រង់ចំនួន ១៥ដុល្លារ មិនបានសម្រេចទេ គឺនៅរក្សាចំនួន ១១ដុល្លារដដែល ហើយប្រាក់ថ្លៃបាយសម្រាប់ថែមម៉ោងចំនួន ២ពាន់រៀលក្នុងមួយម៉ោង៕ ដកស្រង់ចេញពីវិទ្យុអាស៊ីសេរី (RFA) ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៤។