-
មន្ត្រីសិទ្ធិដីធ្លីរបស់ CCHR រងការគំរាមសម្លាប់ពីសន្តិសុខក្រុមហ៊ុនមួយ
- Issue Date 12-May-2014
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ឲ្យដឹងថា មន្ត្រីសិទ្ធិដីធ្លីមួយរូបរបស់ខ្លួន បានរងការគំរាមសម្លាប់ពីសំណាក់ក្រុមសន្តិសុខក្រុមហ៊ុន ឃុន សៀ ដែលមានទំនាស់ដីធ្លីជាមួយពលរដ្ឋ។សេចក្តីជូនដំណឹងរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចុះថ្ងៃទី១០ ខែឧសភា ឲ្យដឹងថា មន្ត្រីសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លីរបស់ខ្លួន គឺ លោក វ៉ាន់ សុផាត កាលពីល្ងាចថ្ងៃសុក្រ ទី៩ ខែឧសភា បានរកការគំរាមសម្លាប់ ខណៈចូលបំពេញបេសកកម្មការងារនៅទីតាំងជម្លោះដីធ្លីមួយកន្លែង នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ក្នុងសេចក្តីជូនដណឹងនេះ CCHR ឲ្យដឹងថា នៅម៉ោងជាង៤ និង៥០នាទី អំឡុងពេលដែល លោក វ៉ាន់ សុផាត កំពុងថតរូប វីដេអូឯកសារ ករណីជម្លោះដីធ្លី របស់គ្រួសារលោក លី ស្រ៊ាខេង ក្នុងចំណោម៣គ្រួសារ ដែលមានទំនាស់ដីធ្លី ជាមួយក្រុមហ៊ុន ឃុនសៀ នោះ ស្រាប់តែមានជនស៊ីវិល ៦នាក់ ដែលត្រូវបានគេស្គាល់ថា ជាសន្តិសុខរបស់ក្រុមហ៊ុននោះ មករុញច្រានលោកចេញ និងប្រើសម្តីគំរោះគំរើយមកលើរូបលោក។សេចក្តីជូនដំណឹង គូសបញ្ជាក់ថា នៅពេលដែល វ៉ាន់ សុផាត ទៅដល់ទីនោះ គឺស្របពេលដែលសន្តិសុខក្រុមហ៊ុន ឃុន សៀ កំពុងរុះរើផ្ទះគ្រួសារមួយ ក្នុងចំណោមបីគ្រួសារនោះ និងបានគំរាមរូបលោកឲ្យចេញ ដោយពួកគេ មានកាន់នូវកាំបិត ពូថៅ និងញញួរ ថែមទាំងស្រែកជេរប្រមាថ និងគំរាមកាប់ក្បាលរបស់លោកផងដែរ មិនតែប៉ុណ្ណោះក្រុមសន្តិសុខរបស់ក្រុមហ៊ុន ឃុន សៀ បានថតរូបលោក និងស្លាកលេខឡានរបស់លោកទុកទៀតផង។សេចក្តីជូនដំណឹងនេះ ឲ្យដឹងដែរថា កន្លងទៅ លោក វ៉ាន់ សុផាត មន្ត្រីសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លីរបស់ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ធ្លាប់បានទៅកាន់តំបន់នោះ ជាមួយនឹងក្រុមការងារម្តងរួចមកហើយ ដើម្បីផលិតផលនូវវីដេអូឯកសារ ពាក់ព័ន្ធនឹងគ្រួសាររបស់លោក លី ស្រ៊ាខេង តែត្រូវបានសន្តិសុខក្រុមហ៊ុន ជាង១០នាក់ ព្យាយាមរំខាន ដោយពាក្យសម្តី និងថតរូបពួកគេទុក ផ្តោតសំខាន់លើលោក វ៉ាន់ សុផាត។វីអូឌីមិនទាន់សុំការបំភ្លឺ ពីក្រុមហ៊ុន ឃុន សៀ បាននៅឡើយ ជុំវិញសេចក្ដីជូនដំណឹងរបស់ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)ដែលបានចេញផ្សាយនេះ។សូមរំលឹកថាទំនាស់ដីធ្លីរវាងពលរដ្ឋ៣គ្រួសារ នៅតំបន់បឹងកក់១ជាមួយនឹងក្រុមហ៊ុន ឃុន សៀ កើតឡើងចាប់ពីខែមេសា ឆ្នាំ២០១៣ដោយពលរដ្ឋអះអាងថាក្រុមហ៊ុនមួយនេះបានព្យាយាមទិញយកដីពលរដ្ឋនៅទីនោះចំនួន៣គ្រួសារដោយឲ្យតម្លៃ១៥.០០០ដុល្លារក្នុងមួយគ្រួសារ។ ប៉ុន្តែប្រជាពលរដ្ឋ មិនព្រមលក់ហើយក្រោយមកក្រុមហ៊ុនក៏ព្យាយាមរកគ្រប់មធ្យោបាយដើម្បីរំខានដល់ពួកគាត់៕ ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD)ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៤។