-
សាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យជនរងគ្រោះដាក់ភ័ស្តុតាងបន្ថែម ករណីបាញ់ប្រហារសកម្មជនដីធ្លី
- Issue Date 20-May-2014
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទនេះ បង្គាប់ឲ្យសកម្មជនដីធ្លីបឹងកក់ និងបុរីកីឡា ពីរនាក់ដែលដាក់ពាក្យ បណ្តឹង ដាក់ភ័ស្តុតាងបន្ថែម ករណីជនមិនស្គាល់មុខ បានបាញ់ប្រហារទៅលើរថយន្តក្រុង ដែលដឹកក្រុមមន្ត្រីអង្គការសង្គមស៊ីវិល ព្រះសង្ឃ សហគមន៍ដីធ្លី ពីខេត្តសៀមរាប មកដល់គល់ស្ពានជ្រោយចង្វាយ។កាលពីថ្ងៃទី២២ខែមីនា នៅម៉ោង ៨យប់ រថយន្តដែលដឹកសកម្មជនទាំងនោះ ចេញពីធ្វើបុណ្យ រំឭកខួបជម្លោះដីធ្លីស្រុកជីក្រែង ខេត្តសៀមរាប រងការបាញ់ប្រហារពីជនមិនស្គាល់មុខ នៅពេលមកដល់គល់ស្ពានជ្រោយចង្វាយ រាជធានីភ្នំពេញ។សកម្មជនដីធ្លីនៅបឹងកក់អ្នកស្រី បូ ឆវី រៀបរាប់នៅមុខតុលាការនៅព្រឹកថ្ងៃចន្ទនេះថា តុលាការបានង្គាប់ឲ្យក្រុម អ្នកស្រី ស្វែងរកភ័ស្តុតាងបន្ថែមទៀត ដើម្បីស្វែងរកចាប់ជនល្មើស។ ទោះជាយ៉ាងណាអ្នកស្រី មិនមានជំនឿលើប្រព័ន្ធតុលាការនៅកម្ពុជាទេ ខណៈពាក្យបណ្តឹងរបស់ជនរងគ្រោះ បានដាក់ទៅជិត៣ខែហើយ នៅតែមិនទាន់ចាប់ជនល្មើសបាន «តុលាការអត់មានឆន្ទៈនឹងរកយុត្តិធម៌ ចាប់ជនដៃដល់ ជនល្មើស យកមកផ្តន្ទាទោសតាមច្បាប់ គឺអត់មានឆន្ទៈតែម្តង។ កន្លងមក មិនដែលតុលាការ ឬកម្លាំងសមត្ថកិច្ចណាចាប់ជនល្មើល ជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ទេ ដូចបឹងកក់ខ្ញុំអ៊ីចឹង តវ៉ា ៧ឆ្នាំហើយ បែកក្បាល រលូតកូន វ៉ៃបាក់ដៃ បាក់ជើងគ្រប់សព្វបែបយ៉ាង ប៉ុន្តែដាក់បណ្តឹង បើនៅលើតុលាការឡើងគរដូចភ្នំហើយ មានតុលាការដោះស្រាយឲ្យយើងបានមួយករណីណាអត់ទេ ខ្ញុំអត់ជឿលើប្រព័ន្ធតុលាការហ្នឹងទេសព្វថ្ងៃនេះ»។ស្ត្រីរងគ្រោះនៅបុរីកីឡា អ្នកស្រី ឆាយ គឹមហ៊ន ដែលជាដើមបណ្តឹងដែរនោះ និយាយថាចំពោះពាក្យបណ្តឹងរបស់ខ្លួន មានភស្តុតាងគ្រប់គ្រាន់ហើយ សម្រាប់ដាក់ទៅតុលាការធ្វើការស៊ើបអង្កេត និងចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់ «ចំពោះពួកខ្ញុំទាំងអស់គ្នា គឺគិតថា ភស្តុតាងដែលពួកនាងខ្ញុំមាន គឺគ្រប់គ្រាន់ហើយ។ ដោយសារអ្វី? ព្រោះនៅពេលជនដៃដល់ បានលើកកាំភ្លើងមកបាញ់ឡានពួកនាងខ្ញុំទាំងអស់ គឺមានជ្រុះស្រោមកាំភ្លើង ហើយមិនត្រឹមតែប៉ុណ្ណោះទេ បានបាញ់ទៅលើកញ្ចក់ឡាន ឡើងស្រាំខ្លាំងទៀតផង ហើយនៅក្នុងនោះ មានពួកនាងខ្ញុំដែលជាសកម្មជនដីធ្លីនោះ គឺមានបីសហគមន៍ មិនត្រឹមតែប៉ុណ្ណោះ មានទាំងសារព័ត៌មានទាំងជាតិ និងអន្តរជាតិ នៅក្នុងហ្នឹងទៀត»។អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស នៃអង្គការលីកាដូ លោក អំ សំអាត ដែលតាមដានករណីនេះមាន ប្រសាសន៍ថា ការដែលតុលាការបង្គាប់ឲ្យរកភ័ស្តុតាងបន្ថែមគ្រាន់តែជាលេសពន្យារពេល ស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ដែលជាពលរដ្ឋក្រីក្រ។ លោកបន្តថា នេះគឺជាបទល្មើសព្រហ្មទណ្ឌ ហើយដើមបណ្តឹងបានដាក់ភ័ស្តុតាងរួចរាល់ហើយ ដូចច្នេះកិច្ចការក្រៅពីនោះគឺជាតួនាទីរបស់តុលាការ «ជនរងគ្រោះដែលជាដើមបណ្តឹងរដ្ឋប្បវេនី ក្នុងរឿងព្រហ្មទណ្ឌ គាត់មានប៉ុនណា គាត់ដាក់ទៅប៉ុណ្ណឺង ហើយសិទ្ធិនៃការស្រាវជ្រាវ ជាបន្ត ជាកាតព្វកិច្ច របស់ព្រះរាជអាជ្ញា ហើយនិងប៉ូលីស មន្ត្រីនគរបាលយុត្តិធម៌ ហើយអ្វីដែលសំខាន់ តែបទល្មើសកើតឡើងហើយ តួនាទីរបស់ព្រះរាជអាជ្ញា គាត់ត្រូវតែធ្វើការស៊ើបអង្កេតបឋម ដោយមានប៉ូលីស មន្ត្រីនគរបាលយុត្តិធម៌ ជាសេនាធិការ ដើម្បីស្វែងរកយុត្តិធម៌ទៅដល់ជនរងគ្រោះ»។ករណីនេះ ប្រជាសហគមន៍បឹងកក់ ក៏បានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរខណ្ឌដូនពេញ នៅម៉ោងជិត៩យប់នេះ ដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់ យកទៅផ្តន្ទាទោសតាមច្បាប់។មុនពេលមានករណីបាញ់ប្រហារនេះ សហគមន៍ដែលមានជម្លោះដីធ្លី បានចេញសេចក្តីថ្លែងការណ៍រួម ដោយអំពាវនាវរួមគ្នា ឲ្យរដ្ឋាភិបាល ឈប់យកអាវុធ ជាវិធានការដោះស្រាយបញ្ហា ដើម្បីធានាសិទ្ធិពលរដ្ឋ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ៕ ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤។