-
អាជ្ញាធរខ្មែរគ្រោងនឹងចាប់ព្រះសង្ឃ ៥ អង្គ នៅវត្តសាមគ្គីរង្សី
- Issue Date 27-May-2014
អាជ្ញាធរខ្មែរនៃប្រទេសកម្ពុជា គ្រោងនឹងចាប់ព្រះសង្ឃខ្មែរក្រោមនៃវត្តសាមគ្គីរង្សី ៤ អង្គ ដែលអង្គការសមាគមខ្មែរ ក្រោមនៅ ប្រទេសកម្ពុជាសន្និដ្ឋានថា មកពីព្រះសង្ឃទាំងនេះ អនុញ្ញាតឲ្យពលរដ្ឋខ្មែរដែលមានបញ្ហាដីធ្លីរាប់រយគ្រួសារបោះជំរុំនៅក្នុងវត្ត ។លោក តាំង សារៈ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជា បានថ្លែងប្រាប់ វិទ្យុសំឡេងកម្ពុជា ក្រោម ថា នៅថ្ងៃទី ២៦ ខែឧសភា នេះ អាជ្ញាធរខ្មែរដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានគម្រោងនឹង ចាប់សង្ឃខ្មែរ ក្រោម ៤ អង្គ នៃវត្តសាមគ្គីរង្សី ឋិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។តាមប្រភពដដែល ព្រះសង្ឃទាំង ៤ អង្គដែលអាជ្ញាធរគ្រោងនឹងចាប់ព្រះកាយនោះ មានព្រះតេជព្រះគុណ សៀង សុវណ្ណារ៉ា ជាព្រះចៅ អធិការវត្តសាមគ្គីរង្សី ។គម្រោងចាប់ព្រះកាយព្រះសង្ឃនេះ អាជ្ញាធរមិនបានបញ្ជាក់ពីមូលហេតុទេ ប៉ុន្តែតាមការសន្និដ្ឋានរបស់ លោក តាំង សារៈ មូលហេតុដែលនាំឲ្យអាជ្ញាធរខ្មែរគ្រោងនឹងចាប់ព្រះកាយនោះ មកពីព្រះសង្ឃទាំងនេះ បានផ្ដល់ជម្រកដល់ក្រុមពលរដ្ឋខ្មែរ ដែលមានបញ្ហាដីធ្លីនៅខេត្តក្រចេះ មកបោះជំរុំនៅក្នុងវត្តរាប់រយគ្រួសារ និងព្រះតេជព្រះគុណ សៀង សុវណ្ណារ៉ា ធ្លាប់មាន សកម្មភាព ជាច្រើននៅក្នុងការតស៊ូមតិផ្សេងជាមួយសង្គមស៊ីវិល និងគណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជា ក្នុង នោះ មានចូល រួមហែក្បួនជាមួយគណបក្សសង្គ្រោះជាតិជាដើម ។ព្រះសង្ឃដែលអាជ្ញាធរខ្មែរគ្រោងនឹងចាប់ព្រះកាយនោះ មិនបានសម្ដែងក្ដីបារម្ភចំពោះគម្រោងចាប់ព្រះកាយដែល ធ្វើឡើងដោយរដ្ឋាភិបាលឯកបក្ស លោក ហ៊ុន សែន ទេ។ ព្រះតេជព្រះគុណ សៀង សុវណ្ណរ៉ា ព្រះចៅអធិការវត្តសាមគ្គីរង្សី បានថ្លែងប្រាប់ វិទ្យុសំឡេងកម្ពុជាក្រោមថា ព្រះអង្គមិនមានការព្រួយបារម្ភអ្វីឡើយ ព្រោះព្រះអង្គមិនបានធ្វើកំហុសអ្វីដែលផ្ទុយនឹងច្បាប់រដ្ឋ នៃប្រទេសកម្ពុជា ឡើង និងថាទង្វើរបស់ព្រះអង្គនាពេលកន្លងមក គ្រាន់តែជា ការជួយសង្គ្រោះដល់ ប្រជាពលរដ្ឋខ្មែរដែលកំពុងមានទុក្ខតែប៉ុណ្ណោះ ។លោក សឺន ជុំជួន ប្រធានបណ្ដាញយុវជនខ្មែរកម្ពុជាក្រោម ដែលមូលដ្ឋាននៅប្រទេសកម្ពុជា បានថ្លែងថា គម្រោង ការចាប់ ព្រះសង្ឃខ្មែរក្រោមនេះ វាអាចនឹងទៅរួច ព្រោះដំណឹងដែលលោកទទួលបានជាប្រភពគួរឲ្យទុក្ខចិត្ត និងថា ព្រះសង្ឃដែលអាជ្ញាធរខ្មែរគ្រោងនឹងចាប់នេះ មាន ៥ អង្គ ក្នុងនោះ ព្រះសង្ឃខ្មែរក្រោម ៤ អង្គ និងព្រះសង្ឃខ្មែរមួយអង្គផងដែរ ។លោក តាំង សារៈ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមនៅប្រទេសកម្ពុជាបានថ្លែង អាជ្ញាធរខ្មែរមិនគួរយកលេះផ្សេងៗមកចាប់ព្រះសង្ឃទេ ព្រោះព្រះសង្ឃមានសិទ្ធិការពារយុត្តិធម៌ជូនពលរដ្ឋ និងការចូលរួមធ្វើបាតុកម្មរបស់ព្រះសង្ឃជាសិទ្ធិរបស់ប្រជាពលរដ្ឋដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃប្រទេសកម្ពុជា ។វត្តសាមគ្គីរង្សី ដែលជាវត្តមួយបានកសាងឡើងដោយព្រះសង្ឃខ្មែរក្រោមនៅទីក្រុងភ្នំពេញ បច្ចុប្បន្ន កំពុងតែផ្ដល់ជម្រកដល់ក្រុមប្រជាពលរដ្ឋខ្មែរដែលត្រូវបានក្រុមហ៊ុនយួនរឹបយកដីធ្លីនៅខេត្តក្រចេះ ប្រមាណ ៤០៥ គ្រួសារ ។ ក្រៅពីនេះក៏បានផ្ដល់ជម្រកដល់ ព្រះតេជព្រះគុណ លួន សុវ៉ាត ព្រះសង្ឃខ្មែរ ដែលត្រូវបានមន្ត្រីសង្ឃខ្មែរចេញសង្ឃប្រកាសហាម ស្នាក់ នៅក្នុងវត្ត ទូទាំងប្រទេសកម្ពុជា ផងដែរ ។ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីនេះ បានឲ្យដឹងថា ពលរដ្ឋបានកាន់កាប់ដីនៅតំបន់នោះ តាំងពីឆ្នាំ ២០០៨ មកម្ល៉េះ ដែលមាន ៦០ គ្រួសារ និងក្នុងឆ្នាំ ២០០៩ មាន ១៨១ គ្រួសារ ហើយក្រោយមកកើនដល់ ៤០៥គ្រួសារនៅដើមឆ្នាំ ២០១២ ។ ប្រជាពលរដ្ឋ ឲ្យដឹងថា កាលពីថ្ងៃទី ៣០ ខែមេសា អាជ្ញាធរខេត្តក្រចេះ បានសហការជាមួយក្រុមហ៊ុនវៀតណាមឈ្មោះ ប៊ិញភឿក ២ ដោយយកគ្រឿងចក្រឈូសកម្ទេចផ្ទះពួកគេ ៤០៥ ខ្នងនៅចំណុចពាមប៉ោអូបី ភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ដើម្បីយកដី ២០២៥ ហិកតាឲ្យក្រុមហ៊ុនវៀតណាម ។កាលពីថ្ងៃព្រហស្បតិ៍ ទី ២២ ខែឧសភា អភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង មានប្រសាសន៍ថា ការមករស់ នៅរបស់ប្រជាពលរដ្ឋនៅក្នុងវត្តសាមគ្គីរង្សី នៅខណ្ឌមានជ័យ គឺខុសច្បាប់ ។ លោកបន្ថែមថា ពលរដ្ឋទាំងអស់ត្រូវទៅ ខេត្តក្រចេះ វិញ ដើម្បីដោះស្រាយបញ្ហាដីធ្លី ។តំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លីដែលស្នាក់នៅក្នុងវត្តសាមគ្គីរង្សី ជាង ២០០ នាក់ បានឯកភាពគ្នាដាក់លក្ខខណ្ឌ ៧ ចំណុច ទៅឲ្យអាជ្ញាធរដើម្បីចេញពីវត្តសាមគ្គរង្សី ។ លក្ខខណ្ឌទាំងនោះរួមមាន ទី ១. ពលរដ្ឋត្រូវការចូលទៅរស់នៅទីតាំងដើម និងមិនមែនជាដីដោះដូរ ទី ២. ស្នើឲ្យមានការយល់ព្រមជាលាយល័ក្ខអក្សរពីអភិបាលខេត្ត និងអភិបាលស្រុក ទី ៣. ស្នើឲ្យមានការ ធានាសុវត្ថិភាព ១០០ ភាគរយពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទី៤. ស្នើឲ្យអាជ្ញា ធរ ទទួល ស្គាល់ ជាលក្ខណៈផ្លូវច្បាប់ នៅទីតាំង ដីរបស់គ្រួសារនីមួយៗ ចំណុចទី ៥. ប្រសិនបើពលរដ្ឋចូលទៅ រស់នៅហើយ មានការ គំរាមកំហែងដល់អាយុជីវិត អាជ្ញាធរត្រូវ ទទួលខុសត្រូវចំពោះមុខច្បាប់ ។ ពលរដ្ឋក៏ទាមទារឲ្យមាន ការវិលត្រឡប់ ទៅខេត្តវិញ ដោយមធ្យោបាយខ្លួនឯង ទាមទារឲ្យមាន ការចូលរួម សង្កេតការណ៍ពីសំណាក់អ្នកសារព័ត៌មាន និងអង្គការ សង្គមស៊ីវិល ធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋទាំងអស់ ។កាលពីឆ្នាំ ២០០៧ អតីតចៅអធិការវត្តភ្នំដិនខាងជើង លោក ទឹម សាខន ត្រូវអាជ្ញាធរខ្មែរចាប់ផ្សឹកដោយប្រ ញាប់ប្រ ញាល់ រួចបញ្ជូនទៅដាក់គុកយួននៅកម្ពុជាក្រោម ដោយចោទលោកថា បានបង្កឲ្យមានការបំបែកបំបាក់ ចំណង សាមគ្គីភាព ប្រទេស កម្ពុជា និង វៀតណាម ៕ ដកស្រង់ចេញពីវិទ្យុកម្ពុជាក្រោម (VKK) ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤។