-
អាដហុក៖ មនុស្ស៦០នាក់ រងការចោទប្រកាន់ ចាប់ខ្លួន និងឃុំខ្លួនដោយសារវិវាទដីធ្លីនៅដើមឆ្នាំ២០១៤
- Issue Date 27-May-2014
សមាគមអាដហុក បង្ហាញថា ក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៤នេះ សកម្មជនដីធ្លីចំនួន ៦០នាក់ រងនូវចោទប្រកាន់ និងចាប់ខ្លួន ក្នុងនោះសកម្មជន ១២នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារ។របាយការណ៍ ស្តីពី ស្ថានភាពដីធ្លីក្នុងប្រទេសកម្ពុជាឆ្នាំ២០១៣ របស់សមាគមអាដហុក ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ លើកឡើងថា ក្នុងត្រីមាសដើមឆ្នាំ២០១៤នេះ យ៉ាងហោចណាស់មនុស្ស ៤៨នាក់ ត្រូវបានគេចោទប្រកាន់និងចាប់ខ្លួន និង ១២នាក់ទៀត ត្រូវបានគេដាក់ក្នុងពន្ធនាគារ ទាក់ទងនឹងជម្លោះដីធ្លី។របាយការណ៍ដដែលបន្តថា ជនរងគ្រោះដែលស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់ និងតវ៉ាជំទាស់នោះ ច្រើនរងនូវការគំរាមកំហែង ធ្វើទុក្ខបុកម្នេញ ឬបង្ខំឲ្យទទួលយកសំណងមិនត្រូវតាមស្តង់ដារ ឬត្រូវកាត់ទោសតាមរយៈបទព្រហ្មទណ្ឌមិនសមហេតុផល ដែលជាទូទៅភាគច្រើន រងនូវការចោទប្រកាន់ ពីបទញុះញង់ បរិហារកេរ្តិ៍ ការបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ និងការផ្សាយពត៌មានមិនពិតជាដើម។សមាគមអាដហុក បានរកឃើញដែរថា ក្នុងឆ្នាំ២០១៣ ចំនួនមនុស្សដែលត្រូវបានរងនូវការចោទប្រកាន់ ចាប់ខ្លួន និងឃុំខ្លួនទាក់ទងនឹងជម្លោះដីធ្លីមានចំនួន ១៧១នាក់ ក្នុងនោះ មនុស្សចំនួន ១០៩នាក់ រងនូវការចោទប្រកាន់ ៤៣នាក់ត្រូវបានចាប់ខ្លួននិង១៩នាក់ឃុំខ្លួនក្នុងពន្ធនាគារ។ចំណែកនៅឆ្នាំ២០១២វិញ មនុស្សដែលត្រូវបានចាប់ខ្លួនមានចំនួន ២៣២នាក់៕ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD)ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៤។