-
CCIM នឹងដាក់ពាក្យបណ្តឹងទៅតុលាការនៅសប្តាហ៍ក្រោយករណីសន្តិសុខវាយអ្នកព័ត៌មានVOD
- Issue Date 27-May-2014
ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ឲ្យដឹងនៅថ្ងៃសៅរ៍នេះថា លោក នឹងដាក់ពាក្យប្តឹងទៅ តុលាការនៅ សប្តាហ៍ក្រោយនេះ ពីករណីកងសន្តិសុខវាយអ្នកយកព័ត៌មានរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ(VOD) ម្នាក់រងរបួសធ្ងន់។ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យលោក ណុប វី ឲ្យដឹងថា ករណីសន្តិសុខខណ្ឌដូនពេញ វាយលើអ្នកយកព័ត៌មានVOD លោក ឡាយ សាមាន ឲ្យរងរបួស កាលពីថ្ងៃទី២ ខែឧសភានោះ មេធាវីបានរៀបចំភស្តុតាងរួចរាល់ ហើយពាក្យបណ្តឹងនោះ នឹងដាក់ទៅសាលាដំបូងរាជធានីភ្នំពេញនៅសប្តាហ៍ក្រោយ។អ្នកយកព័ត៌មានវិទ្យុសំឡេងប្រជាធិបតេយ្យ VOD លោក ឡាយ សាមាន កំពុងរង់ចាំការវះកាត់ ឆ្អឹងបាក់នៅលើថ្ពាល់ក្រោមភ្នែកខាងស្តាំនៅក្រៅប្រទេស ដែលអាការៈរបស់លោកបច្ចុប្បន្ន ស្ថិតគឺនៅក្រោមការត្រួតពិនិត្យ ពីសំណាក់លោកគ្រូពេទ្យជំនាញ។លោក ឡាយ សាមាន ត្រូវបានក្រុមសន្តិសុខសាលាខណ្ឌដូនពេញ វាយឲ្យរបួស ខណៈលោក កំពុងយកព័ត៌មានពីហេតុការណ៍បង្ក្រាបរបស់អាជ្ញាធរ ទៅលើអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលជួបជុំនៅក្បែរស្ពាននាគ ជិតទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី២ខែឧសភាកន្លងទៅនេះ៕