-
សកម្មជនសហជីពត្រូវតុលាការខេត្តសួរនាំនៅថ្ងៃអាទិត្យនេះបន្ទាប់ពីចាប់ខ្លួនកាលពីថ្ងៃសុក្រ
- Issue Date 28-May-2014
ចៅក្រមសាលាដំបូងខេត្តតាកែវនៅព្រឹកថ្ងៃអាទិត្យនេះ បានចាប់ផ្តើមសួរនាំសកម្មជន សហ ជីពចំនួន៨នាក់ មកពីសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅកាត់ថាស៊ីខៅឌូ ហើយ។ ការសាកសួរនេះគឺអនុវត្តទៅតាមនីតិវិធីតុលាការបន្ទាប់ពីសកម្មជនសហជីពទាំងនេះ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីរសៀលថ្ងៃទី២៣ឧសភា កន្លងទៅនេះនៅតាមកំណាត់ផ្លូវមកពីខេត្តតាកែវ។ការចាប់ខ្លួនសហជីពទាំងនេះបានធ្វើឡើងបន្ទាប់ពីពួកគេបានចុះទៅជួយតវ៉ាកម្មករនៅរោងចក្រ ជេ.អេស.ឌី ស្ថិតនៅក្នុងខេត្តតាកែវដើម្បីទទួលបានលក្ខខណ្ឌការងារសមរម្យ។បន្ទាប់ពីចាប់ខ្លួនបានពីរថ្ងៃចៅក្រមស៊ើបសួរសាលាដំបូងខេត្តតាកែវ បានចាប់ផ្តើមនីតិវីធីរបស់ខ្លួនយ៉ាងរួសរាន់នៅព្រឹកថ្ងៃអាទិត្យទី២៥ឧសភានេះ ដោយរយៈពេញមួយព្រឹកតុលាការបានសួរនាំសកម្មជនសហជីពបានប្រមាណជាបីនាក់ហើយ ក្នុងចំណោមអ្នកដែលសមត្ថកិច្ចចាប់ខ្លួនចំនួន៨នាក់។ពួកគេត្រូវបានចោទប្រកាន់ចំនួន៤បទល្មើសទាក់ទងទៅនឹងការគាំទ្រការតវ៉ារបស់កម្មករ។លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(ស៊ីខៅឌូ)បានថ្លែងប្រាប់វិទ្យុបារាំងអន្តរាតិ RFI នៅថ្ងៃអាទិត្យនេះថា លោកកំពុងយកចិត្តទុកដាក់តាមដាននូវការអនុវត្តនីតិវិធីរបស់តុលាការខេត្តតាកែវ និងស្នើសុំដល់ថៅកែរោងចក្រ ជេ.អេស.ឌី ឲ្យដកពាក្យបណ្តឹងប្រឆាំងសកម្មជនសហជីពដោយឥតលក្ខខណ្ឌ។សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃសៅរ៍ ម្សិលមិញ មេដឹកនាំសហជីពរូបនេះបានស្នើសុំអន្តរាគមន៍ពីអ្នកបញ្ជារទិញផលិតផលកាត់ដេរពីប្រទេសកម្ពុជាឈ្មោះ Indertex ឲ្យធ្វើការគាបសង្កត់ទៅលើថៅកែរោងចក្រ ជេ.អេស.ឌី ទាក់ទងទៅនឹងការប្តឹងផ្តល់អ្នកសហជីពដែលមានតួនាទីអនុវត្តការងាររបស់ពួកគេតាមផ្លូវច្បាប់។ក៏ប៉ុន្តែតាម លោក អាត់ ធន់, ថៅកែរោងចក្របានបដិសេធជាមួយអ្នកបញ្ជាទិញថាមិនបានប្តឹងសកម្មជនសហជីព។ក៏ប៉ុន្តែបន្ទាប់ពីបានតាមដានការសាកសួររយៈពេលមួយព្រឹកមក លោក គឹម សុជាតិ មេធាវីតំណាងឲ្យជនសង្ស័យទាំង៨នាក់ បានស្រង់ពាក្យកូនក្តីរបស់លោកថា ពួកគេមិនបានប្រព្រឹត្តិដូចអ្វីដែលតំណាងអយ្យការចោទប្រកាន់នោះទេ ដោយហេតុថាពាក្យបណ្តឹងរបស់ថៅកែរោងចក្របានចេញកាលពីថ្ងៃទី២២ឧសភា ហើយសកម្មជនទាំង៨នាក់ដែលទៅពីភ្នំពេញមានវត្តមាននៅមុខរោងចក្រខេត្តតាកែវនៅថ្ងៃទី២៣ ដែលនោះត្រូវលោកពិព័ណ៌នាថាជាការគ្រោងទុកមុនរបស់ថៅកែរោងចក្រ ជេ.អេស.ឌី។មន្ត្រីសាលាដំបូងខេត្តតាកែវ មិនអាចសុំការពន្យល់បានទេនៅថ្ងៃនេះ។សូមរំលឹកដែរថា កម្មករកាត់ដេររោងចក្រ ជេ.អេស.ឌី បាននាំគ្នាធ្វើកូដកម្មអស់រយៈពេលមួយខែមកហើយ ដើម្បីទាមទារលក្ខខណ្ឌការងារប្រសើរឡើង។ ក៏ប៉ុន្តែការតវ៉ានោះមិនត្រូវបានដោះស្រាយឡើយ។ ដោយមានសំណូមពរពីក្រុមកម្មករ សកម្មជនសហជីព ស៊ីខៅឌូ បានចុះទៅជួយទាមទារជូនកម្មករ ក៏ប៉ុន្តែពួកគេត្រូវអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃសុក្រ ហើយបញ្ជូនទៅឃុំឃាំងនៅស្នងការប៉ូលីសខេត្ត៕ ដកស្រង់ចេញពីវិទ្យុបារាំង (RFI) ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៤។