-
អាជ្ញាធររារាំងកម្មកររោងចក្រអូសេអង់ មិនឲ្យហែក្បួនទៅក្រសួងការងារ រង់ចាំដំណោះស្រាយ
- Issue Date 03-Jun-2014
អាជ្ញាធររាជធានីភ្នំពេញ រារាំងកម្មកររោងចក្រកាត់ដេរអូសេអង់ ដែលគ្រោងហែក្បួនទៅក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្វែងរកអន្ដរាគមន៍ ករណីដែលរោងចក្រ ព្យួរការងារកម្មករដោយមិនជូនដំណឹងជាមុន។នៅម៉ោងជិត៨ព្រឹក ថ្ងៃអង្គារនេះ កម្មកររោងចក្រអូសេអង់ជាង១០០០នាក់ បាននាំគ្នាហែក្បួនពីរោងចក្ររបស់ពួកគេនៅខណ្ឌពោធិសែនជ័យ ឆ្ពោះទៅកាន់ក្រសួងការងារ ប៉ុន្តែក្បួននោះ ត្រូវបានអាជ្ញាធរ និងក្រុមសន្តិសុខខណ្ឌប្រមាណ៦០នាក់ រារាំងត្រង់ផ្លូវបំបែកក្បែររោងចក្រ និងប្រាប់ឲ្យកម្មករត្រឡប់ទៅកាន់រោងចក្រវិញ រង់ចាំកិច្ចចរចារកដំណោះស្រាយ ដែលនឹងធ្វើឡើងនៅថ្ងៃនេះ។តំណាងកម្មករ និងជាប្រធានសហជីពប្រចាំរោងចក្រអូសេអង់ លោក ឆេង ឈាន់ ឲ្យដឹងថា កូដកម្មនេះបានធ្វើឡើងជិត១០ថ្ងៃមកហើយ បន្ទាប់ពីភាគីរោងចក្រព្យួរការងាររបស់កម្មករដោយមិនបានជូនដំណឹង មុននោះ។ លោកបន្តថា ការដែលកម្មករសម្រេចហែក្បួនទៅក្រសួងការងារនេះ គឺដោយសារតែកិច្ចចរចារវាងកម្មករ និងរោងចក្រ ពាក់ព័ន្ធនឹងប្រាប់ឈ្នួល កំឡុងពេលព្យួរការងាររយៈពេល១ខែ ចំនួនពីរលើកមកហើយ មិនមានដំណោះស្រាយសមស្របតាមការទាមទាររបស់កម្មករ «តាមពិត ជាក់ស្តែង យើងអត់បានដឹងថាជា មូលហេតុបិទនោះដោយសារអ្វីទេ ជានិច្ចជាកាលរោងចក្រនោះ តែងតែសំបូរការងារធ្វើ ប៉ុន្តែរហូតមកទល់ពេលយើងអត់ដឹងមកពីមូលហេតុច្បាស់ទេ រឿងផ្ទៃក្នុងរបស់គេ បើសិនជាធ្វើការចរចាថ្ងៃនេះ អត់ទាន់បានទទួលលទ្ធផលជូនកម្មករ ដូចអ្វីដែលកម្មករចង់បានទេ គាត់នៅតែបន្តធ្វើកូដកម្ម។»ខណៈដែលមានការរារាំងនេះ កម្មករបានប្រមូលផ្តុំនៅមុខរោងចក្រ និងបន្តឈរតវ៉ា ដោយកាន់បដាទាមទារលក្ខខណ្ឌការងារចំនួនពីរចំណុច គឺទី១-ផ្តល់ប្រាក់ឈ្នួល១០០% ក្នុងកំឡុងពេលក្រុមហ៊ុនព្យួរការងាររយ:ពេល១ខែ ចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ និងទី២- ក្រុមហ៊ុនត្រូវសងលុយដល់កម្មករវិញ ចំពោះកម្មករដែលក្រុមហ៊ុនបើកជូនមិនបានត្រឹមត្រូវ។ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ដែលចូលរួមសម្របសម្រួលបញ្ហានេះ ឲ្យដឹងដែរថា ការផ្ទុះការតវ៉ាហែក្បួននេះ គឺដោយសារតែកម្មករ ទ្រាំមិនបាន ចំពោះដំណោះស្រាយរបស់ភាគីរោងចក្រ ដែលព្រមផ្តល់ប្រាក់ត្រឹម១៥ដុល្លារប៉ុណ្ណោះ ដល់កម្មករគ្រប់គ្នាដែលត្រូវព្យួរការងារ រយៈពេលមួយខែ នាំឲ្យពួកគេប្រឈមនឹងបញ្ហាចំណាយប្រចាំថ្ងៃ។ លោកយល់ថា ការដែលក្រុមហ៊ុនមិនបានជូនដំណឹងជាមុននេះ គឺខុសនឹងច្បាប់ការងារទាំងស្រុង «ជាក់ស្តែង ដូចជារឿង Ocean នេះយើងឃើញថា អ្វីដែលបងប្អូនកម្មករធ្វើការទាមទារ គឺមិនមានអ្វីផ្ទុយពីច្បាប់ គឺស្របទៅតាមផ្លូវច្បាប់ អញ្ចឹងមានន័យ កាតព្វកិច្ចរបស់គាត់ (ខាងរោងចក្រ) ត្រូវបង់ប្រាក់ឈ្នួលជូនកម្មករទាំងស្រុង ក្នុងអំឡុងពេលដែលគាត់ ព្យួរការងារដោយផ្ទុយពីច្បាប់ ដូច្នេះហើយ ប្រសិនបើគាត់រត់ មានន័យថា គាត់បោះបង់កាតព្វកិច្ចរបស់គាត់ បោះបង់ការទទួលខុសត្រូវតាមផ្លូវច្បាប់ ដូច្នេះស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការងារ ត្រូវមានវិធានការចំពោះរោងចក្រ អ្នកឯងរត់ទៅណា រត់មិនសំខាន់ សំខាន់ទូទាត់សំណងជូនកម្មករ ១០០ភាគរយសិន។»VOD នៅមិនទាន់អាចទាក់ទងខាងភាគីរោងចក្រ Ocean Garment ដើម្បីបំភ្លឺបាននៅឡើយទេយ៉ាងណាក៏ដោយ នៅព្រឹកនេះ គណៈកម្មការដោះស្រាយបាតុកម្ម និងកូដកម្មរបស់ក្រសួងការងារ ដឹកនាំដោយលោក វង្ស សុវណ្ណបានបើកកិច្ចចរចាជាមួយតំណាងសហជីពកម្មករ និងភាគីរោងចក្រ លើចំណុចមិនទាន់សះជានេះ តែមិនទាន់មានលទ្ធផលនៅឡើយទេរហូតដល់ម៉ោងជិត ១២ថ្ងៃត្រង់នេះ។កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់អូសេអង់ (Ocean Garment) ដែលស្ថិតនៅភូមព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប្រមាណ១៥០០នាក់ បានធ្វើកូដកម្មនៅមុខរោងចក្រ តាំងពីថ្ងៃទី២៣ ខែឧសភាមក ក្រោយពេលដែលភាគីរោងចក្របានប្រកាសព្យួរការងារ ដោយសារគ្មានអ្នកបញ្ជាទិញ៕ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤។