-
អ្នកភូមិបំពាននឹងបម្រាមមិនឲ្យដង្ហែក្បួនរបស់សាលារាជធានីភ្នំពេញ
- Issue Date 04-Jun-2014
អ្នកភូមិជាង១.៥០០នាក់មានគម្រោងដើរក្បួនទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ និងរដ្ឋសភា ក្នុងរាជធានីភ្នំពេញនៅថ្ងៃនេះ ជាការផ្គើននឹងបម្រាមថ្មីមួយចេញដោយសាលារាជធានីភ្នំពេញ មិនឲ្យពួកគេធ្វើការដើរក្បួន។អ្នកភូមិទាំងនេះបង្កើតក្រុមមួយមានឈ្មោះថា សហគមន៍ដីធ្លីសម្រាប់សន្ដិភាព និងនិយាយថា ពួកគាត់ចង់ដាក់ញត្តិទៅស្ថាប័នទាំងពីរនេះ ដើម្បីឲ្យមានការយកចិត្តទុកដាក់ចំពោះការកាប់បំផ្លាញព្រៃឈើកាន់តែខ្លាំងឡើង ជម្លោះដីធ្លី និងបញ្ហាទាក់ទងនឹងការផ្ដល់សម្បទានដីសង្គមកិច្ច។ក្រុមអ្នកតំណាងបានជួបជាមួយលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទ នៅក្នុងរាជធានី ភ្នំពេញ ដើម្បីជូនដំណឹងប្រាប់លោកអំពីគម្រោងរបស់ពួកគាត់។ បន្ទាប់នោះ លោក ឃួង ស្រេង បានចេញសេចក្ដីជូនដំណឹងមួយមានខ្លឹមសារថា សាលារាជធានី “មិនអាចអនុញ្ញាតឲ្យមានការប្រមូលផ្ដុំគ្នានៅឯទីលានប្រជាធិបតេយ្យ និងការដើរក្បួនទៅកាន់រដ្ឋសភា និងអង្គភាពប្រឆាំងអំពើពុករលួយឡើយ ដើម្បីចៀសវាងការប៉ះពាល់ដល់សន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសការកកស្ទះចរាចរណ៍តាមដងផ្លូវ”។ក៏ប៉ុន្តែលោក ឃួង ស្រេង បានប្រាប់ឲ្យអ្នកភូមិទាំងនេះបញ្ជូនតំណាងចំនួនប្រាំពីររូបទៅកាន់សាលារាជធានី ដើម្បីឲ្យក្រុមមន្ត្រីសាលារាជធានីអាចជួយពួកគាត់ក្នុងការដាក់ញត្តិ។ ក៏ប៉ុន្តែអ្នកភូមិម្នាក់ឈ្មោះ សេង សុខហេង ដែលរស់នៅក្នុងខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ការដើរក្បួននេះនឹងបន្តដូចបានគ្រោងទុក។លោក សុខហេង បានមានប្រសាសន៍ថា “យើងចាំបាច់ត្រូវប្រើសិទ្ធិសេរីភាពរបស់យើងក្នុងការប្រមូលផ្ដុំគ្នា និងការបញ្ចេញមតិ។ យើងត្រូវការឲ្យមេដឹកនាំរដ្ឋាភិបាលឮអំពីការលើកឡើងរបស់យើង ពីព្រោះមានមន្ត្រីមានអំណាចនិងអ្នកមានជាច្រើន ពាក់ព័ន្ធក្នុងការប្រព្រឹត្តអំពើពុករលួយតាមរយៈការកាប់បំផ្លាញព្រៃឈើ ការរំលោភបំពានសិទ្ធិលំនៅដ្ឋានព្រមទាំងការទន្ទ្រានយកដី”។លោក សុខហេង បានបន្ថែមថា ពេលនេះមានការព្រួយបារម្ភថា ការដើរក្បួននឹងជួបការប្រើអំពើហិង្សាពីសំណាក់អាជ្ញាធរដែលកើតឡើងជាទូទៅទៅហើយ ចាប់តាំងពីរដ្ឋាភិបាលបានហាមប្រាមមិនឲ្យមានការប្រមូលផ្ដុំគ្នាជាសាធារណៈកាលពីក្នុងខែមករាមក។ លោកបានមានប្រសាសន៍ថា “យើងដឹងថា យើងនឹងត្រូវគេវាយប្រហារ ពីព្រោះសាលារាជធានីបានហាមប្រាមយើងហើយ។ ប៉ុន្តែយើងទ្រាំនឹងការឈឺចាប់ ការបាត់បង់លំនៅដ្ឋាន ដីធ្លី ព្រៃ និងធនធានធម្មជាតិរបស់យើងលែងបានទៀតឡើយ”។លោក ចាន់ សុវ៉េត ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សអាដហុកបានមានប្រសាសន៍ថា រដ្ឋាភិបាលមិនដែលគោរពសិទ្ធិរបស់ប្រជាពលរដ្ឋទេ។ លោកបានមានប្រសាស ន៍ថា “ប្រជាពលរដ្ឋដែលជាជនរងគ្រោះដោយសារការរំលោភបំពានតាមបែបណាមួយ ចង់ឲ្យគេស្ដាប់ការលើកឡើងរបស់ពួកគាត់ ហើយពួកគាត់ចង់បង្ហាញមេដឹកនាំទាំងឡាយ តាមរយៈធ្វើការតវ៉ាដោយសន្ដិវិធី ដើម្បីទាមទារអ្វីមួយ។ ក៏ប៉ុន្តែពួកគេមិនអាចធ្វើបាន ដូច្នេះវាមិនមែនជាការអនុវត្តលទ្ធិប្រជាធិបតេយ្យនោះទេ។វាជាភាពផ្ដាច់ការ”៕ ដកស្រង់ចេញពីការសែតខេមបូ ឌាដេលី (The Cambodia Daily News) ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤។