-
សមត្ថកិច្ច ខេត្ដសៀមរាប ឃាត់ខ្លួនយុវជន៤នាក់ ខណៈជិះម៉ូតូរំឭកថ្ងៃបាត់ទឹកដីខ្មែរកម្ពុជាក្រោម
- Issue Date 06-Jun-2014
ក្រុមយុវជនចំនួនបួននាក់ នៅសៀមរាបត្រូវសមត្ថកិច្ចខេត្ដនេះ ឃាត់ខ្លួនសួរនាំកាលពីល្ងាចថ្ងៃទី០៤ខែមិថុនាម្សិលមិញ ដោយចោទថា បង្កភាពចលាចលដល់សង្គម ប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈក្នុងតំបន់ទេសចរ។ក្រុមនិស្សិតទាំងនោះ រួមមាន លោក សឿ សេរីរដ្ឋលោក រ៉ាន់ ខេមរៈ លោក ហេង សុភា និងលោក ថុល ធិង ពួកគេបានជិះម៉ូតូតាមបណ្ដាផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុងទេសចរណ៍ ដោយមានឯកសណ្ឋាន អាវយឺតពណ៌ស រំលេចទង់ជាតិខ្មែរកម្ពុជាក្រោម ដែលជាសញ្ញាកាន់ទុក្ខ ថ្ងៃបាត់ទឹកដីខ្មែរកម្ពុជាក្រោម។ ក្រោមសម្រែក៖ខ្មែរក្រោមជាអ្នកណា។ ប៉ុន្ដែទោះជាយ៉ាងណា ការឃាត់ខ្លួននេះ ត្រូវបានសមត្ថកិច្ច ដោះលែងវិញ បន្ទាប់ពីសាកសួរ រយៈពេលជិតមួយម៉ោង។លោក សឿ សេរីរដ្ឋជានិស្សិតឆ្នាំទី៣នៅសាកលវិទ្យាល័យមួយ ក្នុងខេត្ដសៀមរាប ដែលត្រូវបានឃាត់ខ្លួន ប្រាប់VODនៅព្រឹកថ្ងៃនេះថា កម្លាំងប៉ូលីសប្រមាណជាង១០នាក់ បានឃាត់ខ្លួនពួកគាត់បួននាក់ ដើម្បីសួរនាំ ខណៈដែលពួកគេជិះម៉ូតូកាន់ទុក្ខថ្ងៃបាត់ទឹកដីកម្ពុជាក្រោម ដោយចោទថា បង្កភាពអនាធិបតេយ បង្កចលាចលក្នុងសង្គម ប៉ៈពាល់សណ្ដាប់ធ្នាប់សាធារណៈ។ លោកបន្ដថា ក្រុមលោកមិនបានធ្វើឲ្យប៉ះពាល់ដល់សង្គមឡើយ ដោយគ្រាន់តែជិះម៉ូតូ និងស្រែកថា ខ្មែរកម្ពុជាក្រោមជានណា? ប៉ុណ្ណោះ «និយាយរួមគេមានបណ្តាញគេនៅក្នុងក្រុង ប៉ុន្តែគេមិនហ៊ានចាប់យើងដោយសារយើងនៅទីប្រជុំជនទៅគេអត់ហ៊ានធ្វើ ដល់យើងដល់កន្លែងស្ងាត់ គេស្កាត់យើងបណ្តោយ កន្លែងស្ងាត់នោះ ប្រហែលជា១០ម៉ូត៉ូ ដូចជាឥតមានអាវុធទេ ស្កាត់នៅខាងមុខប្រហែលជា ៦ ទៅ ៧ម៉ូត៉ូ យើងបានស្រែកដែ តែយើងមិនបានស្រែក ប៉ះពាល់ខ្លាំង គ្រាន់តែយើងស្រែក ខ្មែរក្រោមជានណា? ហើយយើងមានអ្នបន្ទរថា ជាជនជាតិខ្មែរ គ្រាន់តែយើងស្រែកតែប៉ុនឹង តើយើងខុសអី? ឬស្រែកទាល់តែ យើងស្រលាញ់ជនជាតិយួនបានវាមិនខុស »។និស្សិតដែលត្រូវបានឃាត់ខ្លួនមួយរូបទៀត លោក ថុល ធិង ឲ្យដឹងថា ក្រុមនិស្សិតជិះម៉ូតូប្រមាណជិត២០គ្រឿងនៅតាមដងផ្លូវនេះ ចង់ឲ្យយុវជនខ្មែរចងចាំថា ថ្ងៃទី៤នេះខែមិថុនានេះ ជាថ្ងៃដែលអាណានិគមបារាំងសេស បានកាត់ទឹកខ្មែរកម្ពុជាក្រោម ប្រគល់ឲ្យប្រទេសវៀតណាមប៉ុណ្ណោះ មិនពាក់ព័ន្ធ នឹងនយោបាយឡើយ។ លោកបន្ថែមថា ការឃាត់ខ្លួនសួរនាំនេះ ជាការបិទសិទ្ធិសេរីភាពបញ្ចេញមតិ និងសេរីភាពក្នុងការផ្ដល់ព័ត៌មាន។លោកស្នើឲ្យរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ បញ្ឈប់ការរារាំងពិធីនេះទៀត ផ្ទុយទៅវិញ ត្រូវធ្វើយ៉ាងណាឲ្យយុវជនជំនាន់ក្រោយ ស្វែងយល់ពីការបាត់បង់ទឹកដីកម្ពុជាក្រោម ដើម្បីជាមេរៀនការពារទឹកដីបច្ចុប្បន្នឲ្យបានគង់វង់ «ប្រជាពលរដ្ឋខ្មែរគ្រប់គ្នាក៏គួរតែដឹងដែរ ព្រោះថ្ងៃ ៤ មិថុនា 1949 គឺថ្ងៃដែលបារាំងបានកាត់ទឹកដីខ្មែរកម្ពុជាក្រោមទៅឲ្យជនជាតិវៀតណាម ហើយណាមួយព្រោះយុវជនភាគច្រើន ក៏គាត់ឥតស្គាល់កម្ពុជាក្រោមគឺជានណា ពេលខ្លះខ្ញុំគិតថាមានកាបិទសេរីភាពខ្លះដែរក្នុងការបញ្ចេញមតិ ព្រោះយើងកាលនៅថ្ងៃទីមួយយើងធ្វើនៅ អង្គរវត្តទទួលស្គាល់ថាយើងមិនបានជូនដំណឹងដែរដល់គេ ប៉ុន្តែយើងមិនបានទៅធ្វើជាលក្ខណៈអាឡូអាឡាផងនឹង»។VODមិនអាចទាក់ទង ស្នងការនគរបាល ខេត្ដសៀមរាប លោក សត ណាឌី ដើម្បីបំភ្លឺជុំវិញ ពីករណីនេះ បានទេ ដោយលោក មិនលើកទូរស័ព្ទ។កាលពីថ្ងៃទី០១ខែមិថុនានេះ ក្រុមនិស្សិតប្រមាណ៥០នាក់ ដែលមានឯកសណ្ឋាន អាវយឺតសមានរួបសញ្ញាទង់ជាតិខ្មែរក្រោម ដូចគ្នានេះដែរ ត្រូវបានកម្លាំងសមត្ថកិច្ចរាប់រយដាក់ពង្រាយតាមដងផ្លូវ ដើម្បីរារាំងពួកគេ មិនឲ្យធ្វើពិធីកាន់ទុក្ខ រំឭកប្រវត្ដិបាត់ទឹកដីខ្មែរកម្ពុជាក្រោម នៅខាងមុខអង្គរវត្ដ ក្រោមហេតុផលប៉ះពាល់សណ្ដាប់ធ្នាប់តំបន់ទេសចរណ៍។អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការ អាដហុក ប្រចាំខេត្ដសៀមរាប ច័ន្ទ ចំរើន មានប្រសាសន៍ថា ករណីនេះ បង្ហាញឲ្យឃើញពីអាជ្ញាធរ កំពុងរឹតត្បិតសេរីភាពបញ្ចេញមតិ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។ លោកថា រដ្ឋាភិបាលគួរតែបើកទូលាយដល់យុវវ័យដែលជាសរសរទ្រូងនៃប្រទេសជាតិ៕ ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិតេយ្យ (VOD) ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤។